អន្តរជាតិ
ជប៉ុន នឹង​បញ្ជូន​នាវា​និង​យន្តហោះ​ទៅ​ការពារ​កប៉ាល់​ដឹក​ប្រេង​ខ្លួន​នៅ​មជ្ឈិមបូព៌ា
27, Dec 2019 , 7:39 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីជប៉ុនស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
លោកនាយករដ្ឋមន្រ្តីជប៉ុនស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
​គណៈរដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​២៧ ខែធ្នូ បានអនុម័ត​ឯកសារ​មួយច្បាប់ ស្តីពី​ការបញ្ជូន​នាវាចម្បាំង និង​យន្តហោះ​យាមល្បាត​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​។ គម្រោង​មួយ​នេះ ធ្វើឡើង ដើម្បី​ការពារ​កប៉ាល់​ដឹក​ប្រេង​របស់ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​នៅក្នុង​តំបន់​នោះ​។


 
​តាមរយៈ​គម្រោង ដែល​គណៈរដ្ឋមន្ត្រី​ជប៉ុន​បានអនុម័ត នាវាចម្បាំង​បំពាក់​ដោយ​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​យាមល្បាត P-3C ចំនួន​ពីរ​គ្រឿង នឹងត្រូវ​បាន​គេ​បញ្ជូនទៅ​តំបន់​មជ្ឈិមបូព៌ា ដើម្បី​ការពារ​កប៉ាល់​ដឹង​ប្រេង​របស់​ជប៉ុន​។ បើតាម​គម្រោង​មួយ​នេះ នាវាចម្បាំង​P-3C គ្រោង​នឹងដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែមករា ខណៈពេល​នាវាចម្បាំង នឹងដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែកុម្ភៈ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ក្រៅពី​ការបញ្ជូន​នាវាចម្បាំង និង​យន្តហោះ​យាមល្បាត ឯកសារ​មួយច្បាប់​ខាងលើ ក៏បាន​កំណត់​ពី​តួនាទី​របស់​រដ្ឋមន្ត្រី ដែលមាន​សិទ្ធិអំណាច ក្នុង​ការចេញ​បញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ ក្នុងពេល​អាសន្ន​ផងដែរ​។ ក្នុងនោះ​រដ្ឋមន្ត្រី​ការពារជាតិ នឹង​ចេញ​បញ្ជា​ពិសេស​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​កងកម្លាំង​ចេញ​ប្រតិបត្តិ​ការពារ​កប៉ាល់​ដឹក​ប្រេង ប្រសិនបើ​មានការ​វាយប្រហារ​ណាមួយ​។
 
​យ៉ាងណាក៏ដោយ ការបញ្ជូន​នាវាចម្បាំង និង​យន្តហោះ​យាមល្បាត​នេះ មិនមែនជា​ប្រតិបត្តិការ នៅក្នុង​ច្រក​សមុទ្រ Hormuz នោះឡើយ​។ ប៉ុន្តែ​ជប៉ុន នឹង​បើក​ប្រតិបត្តិការ​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ឈូង​សមុទ្រ​អារ៉ាប់ និង ឈូង​សមុទ្រ​អា​ឌែ​ន​។ ការណ៍​នេះ រដ្ឋាភិបាល​ជប៉ុន ទំនងជា​មិន​ចង់​បង្កើត​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​។ 
​ដើម្បី​ជំរុញ​ឲ្យ​ប្រតិបត្តិការ​មួយ​នេះ​កាន់តែ​ឆាប់រហ័ស និង​រលូន នា​ថ្ងៃទី​២០ ខែធ្នូ នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បាន​ជួប​ជាមួយ​ប្រ​ធានា​ធ​បិ​តី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី នាទី​ក្រុង​តូ​ក្យូ ដើម្បី​ជជែក​ពី​គម្រោង​នៃ​ការបញ្ជូន​កងកម្លាំង​ទៅ​តំបន់​មជ្ឈិមបូព៌ា និង​បញ្ហា​មួយចំនួន​ផ្សេងទៀត​។ 
 
​បើទោះបីជា​ជប៉ុន ជា​សម្ពន្ធមិត្ត​ចាក់ទឹកមិនលិច​ជាមួយ​អាមេរិក​ក៏ពិតមែន ប៉ុន្តែ​ទីក្រុង​តូ​ក្យូ​នៅតែ​រក្សា​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​ទីក្រុង​តេ​ហេ​រ៉ង់​។ ជាក់ស្តែង​ជប៉ុន បានគេច​វេះ មិន​សហការ​ជាមួយ​អាមេរិក ដើម្បី​បង្កើត​កងកម្លាំង​យាមល្បាត ក្នុង​ការពារ​នាវា​ដឹក​ប្រេង​ចេញពី​តំបន់​ម​ជ្ឈិ​បូព៌ា​ជាដើម​។ ការណ៍​នេះ ជប៉ុន​ធ្វើឡើង ដើម្បី​បញ្ចៀស​ការ​ប្រឈម​ដាក់គ្នា​ជាមួយ​អ៊ីរ៉ង់ ៕

Tag:
 ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com