ជាតិ
សេដ្ឋកិច្ច
​លោក យ៉ង សាំង​កុមារ​៖ រដ្ឋាភិបាល​អាច​រឹតត្បិត​បន្លែ​នាំចូល ក្នុង​រដូវ​បន្លែ​ក្នុងស្រុក​សម្បូរ ដើម្បី​ជួយ​កសិករ​
27, Dec 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រង្វង់​ខែធ្នូ​នេះ ជា​រដូវ​ដែល​កសិករ​ប្រមូល​ផល​បន្លែ​ច្រើន​។ កសិករ​ផលិត​បាន​ច្រើន ហើយដោយ​មានការ​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម​ផង​នោះ ធ្វើឱ្យ​ការផ្គត់ផ្គង់​បន្លែ​ជន់ និង​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ របស់​កសិករ​ក្នុងស្រុក​។ តើ​ក្នុងអំឡុង​ពេលដែល​បន្លែ​ក្នុងស្រុក​សម្បូរ រដ្ឋាភិបាល​គួរ​បិទ​ការ​នាំចូល​បន្លែ​មួយចំនួន​ពី​ប្រទេសជិតខាង ដែរ ឬទេ​?

 
​បណ្ឌិត​កសិកម្ម លោក យ៉ង សាំង​កុមារ  ឲ្យ​ដឹងថា ក្នុងអំឡុង​ខែ​ដែល​កសិករ​ក្នុងស្រុក​ផលិត​បន្លែ​បាន​គ្រប់​ខេត្ត​បែបនេះ រដ្ឋាភិបាល​អាច​ផ្អាក​ការ​នាំចូល​បន្លែ​ពី​បរទេស​ក្នុង​រយៈពេល​ខ្លី​ណាមួយ ដើម្បី​ឲ្យ​បន្លែ​របស់​កសិករ​ក្នុងស្រុក មិន​ជួប​បញ្ហា​ទីផ្សារ​។ លោក យ៉ង សាំង​កុមារ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២៦​ខែធ្នូ យ៉ាង​ដូច្នេះ​ថា​៖«​តាម​ការពិត​យើង​អាច​បិទ​ការ​នាំចូល​បន្លែ​មួយចំនួន​ពី​គេ​បាន​។ ព្រោះ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ការអន្តរាគមន៍​រប​ស់​រដ្ឋ​ទៅលើ​ផលិតផល​មួយចំនួន ពិសេស​ផលិតផល​កសិកម្ម យើង​អាច​ធ្វើបាន​ក្នុង​រយៈពេល​ណាមួយ ដោយមាន​ហេតុផល​ត្រឹមត្រូវ ដើម្បី​ការពារ​ផលប្រយោជន៍​កសិករ​»​។ លោក​បន្ត​បែបនេះ​ទៀតថា​៖«​ការអន្តរាគមន៍​រប​ស់រ​ដ្ឋ គឺជា​រឿង​ចាំបាច់​មួយ​ដែល​ទាក់ទង​នឹង​សិល្បៈ​នៃ​ការដឹកនាំ និង​ទាក់ទង​ទៅនឹង​វិទ្យាសាស្ត្រ​ដែល​យើង​ចាំបាច់​ត្រូវ​ដឹង​ទិន្នន័យ​ច្បាស់លាស់​ពី​បរិមាណ​ដើម្បី​ធ្វើជា​គោល​ក្នុងការ​សម្រេចចិត្ត​»​។ 
 
​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ចុងខែ​វិច្ឆិកា​ដល់​ដើមខែ​កុម្ភៈ គឺជា​រដូវ​ដែល​សម្បូរ​បន្លែ​គ្រប់ទិសទី ដោយសារតែ​អាកាសធាតុ​ត្រជាក់ និង​ទឹកទន្លេ​ស្រក​ចុះ​វិញ ជា​កត្តា​អំណោយផល​ដល់​កសិករ ក្នុង​ការដាំដុះ​។ ការ​អំណោយផល​ល្អ​ក្នុង​ការដាំដុះ​បែបនេះ ក៏​ធ្វើឱ្យ​កសិករ​ដែល​ទំនេរ​ពី​ការធ្វើ​ស្រូវ មក​ដាំ​បន្លែ ក្នុងអំឡុង​ខែ​ទាំងនេះ ផងដែរ​។ បើតាម​លោក យ៉ង សាំង​កុមារ ពេលនេះ​ហើយ ដែល​អ្នកធ្វើការងារ​ក្នុង​វិស័យ​កសិកម្ម  ពិសេស​ក្រសួងកសិកម្ម ដឹងបាន​ហើយ​ថា នៅ​ស្រុក​-​ខេត្ត និង​តំបន់​នីមួយៗ​ដាំ​អ្វី​បាន និង​សម្បូរ​ផលិត​អ្វី ដូច្នេះ​ខាង​ក្រសួងពាណិជ្ជកម្ម​ត្រូវ​ធ្វើការ​ជាមួយ​ក្រសួងកសិកម្ម  ថា​ខេត្ត​ណា​សម្បូរ​ផលិត​អ្វី ខេត្ត​ណា​ខ្វះ​ផលិត​អ្វី ហើយ​ទន្ទឹមនឹង​គ្នា​នេះ​រដ្ឋាភិបាល ក៏​លូកដៃ​ក្នុងការ​កំណត់​ចំនួន​នៃ​ការ​នាំចូល​បន្លែ​ពី​វៀតណាម​ផងដែរ​។ លោក​ប្រាប់ទៀតថា ការធ្វើ​បែបនេះ គឺ​ត្រូវមាន​ការរៀបចំ​ការដាំ​ដុះ​របស់​កសិករ​នៅតាម​តំបន់​នីមួយៗ រៀបចំ​ឱ្យមាន​ការសហការ​គ្នា​ល្អ​រវាង​ក្រសួងកសិកម្ម និង​ពាណិជ្ជកម្ម  និង​រៀបចំ​ការធ្វើអន្តរាគមន៍​ពី​រដ្ឋាភិបាល ប៉ុន្តែ​ការអន្តរាគមន៍​នៅ​ទីផ្សារ គឺ​ត្រូវ​ដោយ​ប្រយ័ត្នប្រយែង ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​កម្ពុជា​វិញ នៅ​ថ្ងៃមុខ​។ 
 
​ប៉ុន្តែ​អ្នកជំនាញ​កសិកម្ម​រូបនេះ យល់ថា ការអន្តរាគមន៍​រប​ស់​រដ្ឋាភិបាល ត្រូវធ្វើ​ដោយ​គិតគូរ​ប្រុងប្រយ័ត្ន​បំផុត​។ លោក យ៉ង សាំង​កុមារ គូសបញ្ជាក់​យ៉ាងនេះ​ថា​៖«​ជាធម្មតា ការអន្តរាគមន៍​(​បិទ​ឬ​រឹតត្បិត​)​ទីផ្សារ គឺមាន​ទៅ​មានមក មានន័យថា បើ​យើង​បិទ​ការ​នាំចូល​របស់គេ​...​គេ​ក៏​អាច​បិទមុខ​ទំនិញ​ណាមួយ​របស់​យើង​មិនឱ្យ​នាំចូល​ទៅ​គេ​ដែរ​។ យើង​កុំ​ចេះតែ​បិទ កុំ​ចេះតែ​អន្តរាគមន៍ ពេលខ្លះ​យើង​អន្តរាគមន៍​ទីផ្សារ​ភ្លាមៗ វា​ធ្វើឱ្យប៉ះពាល់​យើង​វិញ​»​។ លោក​បញ្ជាក់​បន្ថែមថា​៖«​យ៉ាងណា​យើង​ត្រូវតែ​ធ្វើ​អ្វីខ្លះ បើ​យើង​មិន​ធ្វើ​អ្វី​សោះ យើង​នៅតែ​បណ្តោយឱ្យ​ទីផ្សារ​ក្រឡុក​ស្រែក​ចិត្ត​តទៅ​...​វា​គឺជា​រឿង​ដែល​ពិបាក​ហើយ​ចំពោះ​កសិករ​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ការផ្អាក​នាំចូល​បែបនេះ កន្លងមក​អាជ្ញាធរ​ថៃ​បាន​អនុវត្ត​ចំពោះ​កម្ពុជា តែ​មិនមែន​បន្លែ​ទេ គឺ​ពោត​។​
 
​ក្រៅពី​ពិនិត្យមើល​បញ្ហា​បន្លែ​នាំចូល  រដ្ឋាភិបាល​ក៏ត្រូវ​អន្តរាគមន៍​ជួយ​ផ្គូរ​ផ្គង​ផលិតផល​បន្លែ និង​ទីផ្សារ​តាម​តំបន់​ផងដែរ​។ លោក យ៉ង សាំង​កុមារ រៀបរាប់​ដូច្នេះ​ថា​៖«​គឺ​ត្រូវមាន​ការអន្តរាគមន៍​ខ្លះ ពី​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដោយ​ត្រូវ​សម្របសម្រួល​ក្នុង​ការដាំដុះ​របស់​កសិក​រ កុំឱ្យ​ផលិត​ទៅ​ច្រើន​ជ្រុល ហើយ​យើង​ត្រូវ​ពិនិត្យ​មើលថា តំបន់​ណា​សម្បូរ​អី តំបន់​ណា​ខ្វះ​អី ដោយ​យក​បន្លែ​ពី​តំបន់​សម្បូរ​ទៅឱ្យ​តំបន់​ខ្វះខាត ដែលជា​ការធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក​»​។​


កម្មករកំពុងកាត់ស្ពៃក្រញាញ់ ក្នុងចម្ការមួយកន្លែង នៅស្រុកស្អាង ខេត្តកណ្តាល៊ រូបថត៖ អ៊ូ សុខមាន។
 
បើតាម លោក ច័ន្ទ សុផល អ្នកវិភាគ​សេដ្ឋកិច្ច កន្លងមក​ការផលិត​បន្លែ​ក្នុងស្រុក​កើនឡើង​ច្រើន​ហើយ  ប៉ុន្តែ​នៅក្នុង​រដូវវស្សា​ក្នុង​ឆ្នាំ​២០១៩​នេះ កសិករ​នៅ​តំបន់​ខ្លះ​ជួប​គ្រោះទឹកជំនន់ តំបន់​ខ្លះ​ជួប​គ្រោះរាំងស្ងួត និង​តំបន់​ខ្លះ​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើឱ្យ​បន្លែ​រលួយ​អស់​ផង  ដូច្នេះ​បានធ្វើឱ្យ​ការផលិត​បន្លែ​របស់​ប្រជាកសិករ​មានការ​ថយចុះ​ខ្លាំង ហើយ​ត្រូវការ​នាំចូល​បន្លែ ខ្លាំង​។ ដោយឡែក ក្នុង​រដូវរំហើយ​នេះ កសិករ​អាច​ផលិត​បន្លែ​ច្រើន​វិញ និង​លើសពី​តម្រូវការ​ទីផ្សារ ទៅតាម​មុខ​បន្លែ​មួយចំនួន​។ 
 
​លោក ច័ន្ទ សុផល លើកឡើងថា ដើម្បី​ដោះស្រាយ​បញ្ហា​បន្លែ​ជន់​នៅលើ​ទីផ្សារ​បែបនេះ កសិករ​ត្រូវតែ​ផលិត​បន្លែ​ប្រភេទ​អ្វី​ដែលជា​តម្រូវការ​ទីផ្សារ​។ ដើម្បី​ផលិត​បន្លែ​ស៊ីគ្នា​នឹង​តម្រូវការ លោក ច័ន្ទ សុផល ប្រាប់ថា ចាំបាច់​ត្រូវ​ដឹង​ពី​ប្រភពព័ត៌មាន​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់ ដោយមាន​ការសម្របសម្រួល​ពី​មន្ត្រី​ពាក់ព័ន្ធ ឬ​វិស័យ​ឯកជន ក្នុងការ​ប្រមូល​ព័ត៌មាន​ផ្តុំ​ទាំងនោះ​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាជន​កសិករ​ឱ្យ​យល់ច្បាស់ មុន​ឈានដល់​ការសម្រេចចិត្ត ក្នុង​ការផលិត​បន្លែ​អ្វីមួយ​សម្រាប់​លក់​នៅលើ​ទីផ្សារ​។ ឧទាហរណ៍​ថា បើ​កសិករ​ដឹង​ព័ត៌មាន​ថា មាន​គេ​ដាំ​ស្ពៃជើងទា​ច្រើនណាស់ លើសពី​តម្រូវការ​ទីផ្សារ​...​ដូច្នេះ​កសិករ​ត្រូវ​បង្វែរ​ទៅ​ដាំ​បន្លែ​ផ្សេង​វិញ​។ ប៉ុន្តែ​បើ​គ្មាន​ព័ត៌មាន​ទេ ការដាំ​បន្លែ​របស់​កសិករ​គឺ​សុទ្ធតែ​ប្រថុយប្រថាន​ទាំងអស់​។ 
 
​បើតាម​ការសាកសួរ​ក​សិ​ករ​មួយចំនួន ក្នុង​រដូវ​នេះ​ពួកគេ​មិន​ទទួលបាន​ផលចំណេញ​នោះទេ និង​អ្នក​មួយចំនួន​មានការ​ខាតបង់​ផង​។ ម្នាក់​ក្នុងចំណោម​នោះ គឺ​លោក អេង ស៊ា​ង​លីម កសិករ​ដាំ​បន្លែ​មួយកន្លែង ក្នុងស្រុក​ស្អាង ខេត្តកណ្តាល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ជិត​មួយខែ​កន្លងមកនេះ បន្លែ​ខាត់ណា​ឈើ​របស់ខ្ញុំ ដែល​កាត់​លក់​នៅ​ផ្សារ​ដើម​គរ​មានតម្លៃ​ត្រឹមតែ​៥០០​ទៅ​៨០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។ តម្លៃ​នេះ ដូច​ស្មើនឹង​ជួល​គេ​កាត់​បន្លែ​យើង​ចោល​ឱ្យ​អស់ពី​ចម្ការ​អ៊ីចឹង​»​។ 
 
​ម្ចាស់​ចម្ការ​បន្លែ​ខាត់ណា​ឈើ​ជិត​២​ហិកតា​រូបនេះ ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈ​ប្រហែល​២០​ថ្ងៃ​ចុង​ក្រោយនេះ លោក​អាច​កាត់​បន្លែ​យកទៅ​បោះ​ដុំ​នៅ​ផ្សារ​ដើម​គរ​បាន​តែមួយ​រ៉ឺម៉ក​ក្នុង​មួយថ្ងៃ​(​ស្មើនឹង​១,៣​ទៅ​១,៥​តោន​) ស្រប​ដែល​ពេល​បន្លែ​ខាត់ណា​ឈើ​នោះ គ្រប់​អាយុ​កាត់​លក់​អស់​ទៅហើយ​។ លោក​មិនអាច​ដឹក​យកមក​លក់​ច្រើនជាង​នេះ​ទេ ព្រោះ​ទីផ្សារ​សម្បូរ​ខាត់នា​រួចទៅហើយ​។ កសិករ​វ័យ​៦០​ឆ្នាំ​រូបនេះ ត្អូញត្អែរថា បើ​តម្លៃ​បន្លែ​នៅលើ​ទីផ្សារ​នៅតែ​បន្ត​ថោក​បែបនេះ រូបលោក​នឹង​ខាតដើម​អស់​ជាង​ពាក់កណ្តាល​។ 
 
​លោក អេង ស៊ា​ង​លីម ដែល​ប្រឡូក​ក្នុង​កសិកម្ម​បន្លែ​ជាង​២០​ឆ្នាំ មានការ​កត់សម្គាល់​លើ​ចរន្ត​ទីផ្សារ​បន្លែ​បែបនេះ​ថា​៖«​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ខែវិច្ឆិកា​ដល់​ខែមករា ឬ​ខែកុម្ភៈ បន្លែ​ស្ទើរ​គ្រប់មុខ គឺ​ថោក​ហើយ​គ្មាន​អ្នកទិញ​ទៀត​។ ដោយសារតែ​កសិករ​យើង​ផលិត​បាន​គ្រប់គ្នា​ហើយ​ថែមទាំង​មាន​នាំចូល​បន្លែ​ពី​វៀតណាម​។ អ្វីដែល​ធ្វើឱ្យ​បន្លែ​ពួក​ខ្ញុំ​កាន់តែ​ថោក​ទៀត​នោះ  គឺ​បន្លែ​វៀតណាម ដែលមាន​តម្លៃថោក​ជាង​បន្លែ​យើង​ជាង​ពាក់កណ្តាល​»​។ 
 
​លោក អេង ស៊ា​ង​លីម យល់ថា​ការដាំ​បន្លែ​របស់ខ្លួន​សព្វថ្ងៃនេះ គឺ​នៅ​ជា​លក្ខណៈ​ផ្សងព្រេង​នៅឡើយ ពោលគឺ​ស្ទាបស្ទង់​តម្រូវការ​ទីផ្សារ​មិនត្រូវ​។ លោក​អះអាង​បែបនេះ​ថា​៖«​ការដាំ​គឺ​ផ្សងព្រេង​ណាស់ ជាក់ស្តែង​ដូច​ឆ្នាំនេះ​ចឹ​ង ចម្ការ​ខ្ញុំ​ទាំង​២​កន្លែង​ដាំ​ខាត់ណា​ឈើ​ទាំងអស់ គឺ​ខាត​និយាយ​លែងចេញ ដោយសារ​យើង​មើលឃើញថា​ឆ្នាំមុនៗ​មិនសូវមាន​ខាត់ណា​ឈើ​នៅលើ​ទីផ្សារ ខ្ញុំ​ក៏​សម្រេចចិត្ត​ដាំ​បន្លែ​ប្រភេទ​នេះ​ទាំងអស់ ហើយ​កសិករ​ផ្សេងទៀត​មើលឃើញ​ដូច​យើង​ដែរ គេ​ក៏​ដាំ​ខាត់ណា​ឈើ​ដែរ ហើយ​នៅមាន​ការនាំ​ចូល​ពី​វៀតណាម​ទៀត ទើប​ធ្វើឱ្យ​ខាត់ណា​ឈើ​ថោក​យ៉ាងនេះ​»៕  


លោក អេង ស៊ាងលីម កំពុងស្ថិតនៅក្នុងចម្ការខាត់ណាឈើរបស់ខ្លួន ក្នុងស្រុកស្អាង ខេត្តកណ្តាល។ រូបថត៖ អ៊ូ សុខមាន។


Tag:
 បន្លែ​
  យ៉ង សាំង​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com