អន្តរជាតិ
អ្នកជំនាញ​សន្តិសុខ​ព្រមាន​ពី​សង្គ្រាម​កូរ៉េ​លើក​ទី​២ បើ​ផ្ទុះ​ឧបទ្ទវហេតុ​នៅ​កូរ៉េខាងជើង​
27, Dec 2019 , 10:19 pm        
រូបភាព
ដោយ:
​អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​មន្ទីរ​បញ្ច​កោណ​អាមេរិក​ម្នាក់ បាន​ព្រមាន​ថា ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ អាច​ក្លាយជា​គ្រោះថ្នាក់​បំផុត ក្នុង​រយៈពេល​១​ខែ ឬ​២​ខែ​ខាងមុខ ដោយ​សង្កត់ធ្ងន់ថា ឧបទ្ទវហេតុ​ពាក់ព័ន្ធ​កូរ៉េខាងជើង អាច​បង្ក​ឲ្យ​សង្គ្រាម​កូរ៉េ​លើក​ទី​ពីរ​ផ្ទុះឡើង​។ លោក បន្ថែមថា ប្រសិនបើ​ផ្ទុះឡើង​មែន សង្គ្រាម​នេះ នឹង​អូស​ជប៉ុន​និង​ចិន​ឲ្យ​ចូលរួម​ផងដែរ​។

 
«​ប្រសិនបើ​ក្រោយ​ខែមករា កូរ៉េខាងជើង ត្រលប់​ទៅធ្វើ​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប (ICBM) វិញ​នោះ ដែល​ខ្លួន​បាន​ផ្អាក​តាំងពី​ខែវិច្ឆិកា ២០១៧ ដូច្នេះ​វា​មានលទ្ធភាព​ខ្ពស់​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​បើក​ការវាយប្រហារ​លើ​កូរ៉េខាងជើង​»​។ លោក Graham Allison អតីត​ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​ក្រោម​អាណត្តិ​លោក​ប្រធានាធិបតី Bill Clinton បញ្ជាក់​បែបនេះ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ក្នុង​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​២៥ ខែធ្នូ​កន្លងទៅ ។ 
 
​បច្ចុប្បន្ន​ជា សាស្ត្រាចារ្យ​ម្នា​ក់នៅ​សាកលវិទ្យាល័យ Harvard លោក Allison អះអាងថា បើ​អាមេរិក​វាយ​កូរ៉េខាងជើង ក្រុង​ព្យុងយ៉ាង ប្រាកដ​វាយបក​លើ​ក្រុង​សេ​អ៊ូ​ល​។ ជាការ​ឆ្លើយតប ក្រុង​វ៉ាស៊ីនតោន​និង​សេ​អ៊ូ​ល នឹង​ពួតដៃគ្នា​វាយកម្ទេច​ទីក្រុង​ព្យុងយ៉ាង ដែលមាន​ចិន​ជា​ខ្នងបង្អែក ហើយ​ទង្វើ​នេះ​អាច​បង្ក​ទៅជា​សង្គ្រាម​កូរ៉េ​លើក​ទី​២​។​
 
​ដោយ​មើលឃើញថា ជប៉ុន​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក និង​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​៣ លោក Allison បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ដើរតួ​សកម្ម​ជាង​មុន​បន្ថែមទៀត​ក្នុង​កិច្ចការ​អន្តរជាតិ​ដើម្បី​បញ្ចៀស​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​គាំទ្រ​កូរ៉េខាងជើង​។ 
 
​កន្លងទៅ លោក ត្រាំ ធ្លាប់បាន​បង្ហើប​ថា សហរដ្ឋអាមេរិក​អាច​ប្រើ​កម្លាំងយោធា​ប្រឆាំង​កូរ៉េខាងជើង ប្រសិនបើជា​រឿង​ចាំបាច់​។ ក្រុង​វ៉ាស៊ីនតោន បន្ត​ដាក់​សម្ពាធ​ឲ្យ​ក្រុង​ព្យុងយ៉ាង​គោរព​តាម​ការតាំង​ចិត្ត​ខ្លួន​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីប​កូរ៉េ ហើយ​ផ្អាក​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​
 
​កាលពី​ថ្មីៗ​ក្នុង​ខែធ្នូ​នេះ កូរ៉េខាងជើង បានប្រកាស​ផ្ញើ «​អំណោយ​ណូអែល​» ទៅកាន់​សហរដ្ឋអាមេរិក ប្រសិនបើ​គ្មាន​ចំណុច​របត់​ណាមួយ​កើតឡើង​ក្នុងជំនួប​នុយក្លេអ៊ែរ​រវាង​ប្រទេស​ទាំងពីរ ត្រឹម​ដំណាច់ឆ្នាំ​២០១៩​នេះ​ទេនោះ​។ ក្រុង​ព្យុងយ៉ាង បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្តល់​កិច្ចព្រមព្រៀង​មួយ ដោយ​ការដក​ទណ្ឌកម្ម​ប្រឆាំង​ខ្លួន ហើយ​ថែមទាំង​បាន​ព្រមាន​ថា ប្រសិនបើ​អាមេរិក​ពុំ​បញ្ចេញ​សកម្មភាព​ណាមួយ​ទេនោះ ខ្លួន​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​មួយ ។ សម្រាប់​យុទ្ធសាស្ត្រ​នេះ អ្នកជំនាញ​សន្តិសុខ​ជាច្រើន គិតថា វា​ប្រហែល​បង្ហាញ​ពី​ការ​សញ្ញា​នៃ​ការចាប់ផ្តើម​ឡើងវិញ​នូវ​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ឬ​នុយក្លេអ៊ែរ ។ 
 
​មែនទែនទៅ ក្នុង​ខែ ធ្នូ នេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត​ចំនួន ពីរ លើក ដោយ​មួយ នៅ​ថ្ងៃទី​៨ និង​មួយទៀត នៅ​ថ្ងៃទី ១៤ ខែធ្នូ ។ ទាក់ទិន​នឹង​ការបាញ់​នេះ ក្រុង​ព្យុងយ៉ាង បាន​ហៅ​វា​ថា​ជា «​ការសាកល្បង​ដ៏​សំខាន់បំផុត​មួយ​» និង «​ចាំបាច់​បំផុត​» តែ​គ្មាន​ផ្តល់ព័ត៌មាន​លម្អិត​។ 
 
​គួរ​រ​រំឭក​បន្តិច​ថា សង្គ្រាម​កូរ៉េ​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​១៩៥០ ក្រោយ​កូរ៉េខាងជើង​ឈ្លានពាន​កូរ៉េខាងត្បូង​។ សង្គ្រាម​នេះ បានអូសបន្លាយ​អស់​៣​ឆ្នាំ ដោយនៅ​ថ្ងៃ ទី​២៧ ខែកក្កដា ឆ្នាំ​១៩៥៣ បទ​ឈប់​បាញ់​ដើម្បី​បញ្ចប់​ការ​វាយ​គ្នា​មួយ ត្រូវបាន​ចុះហត្ថលេខា​រវាង​អង្គការសហប្រជាជាតិ​, ចិន​និង​កូរ៉េខាងជើង ឯ​កូរ៉េខាងត្បូង​ពុំបាន​ចុះហត្ថលេខា​ឡើយ​។ ក្នុង​សង្គ្រាម​នេះ គ្មាន​ភាគី​ណាមួយ​បាន​យកជ័យ​ជម្នះ​។ តាមពិតទៅ សង្គ្រាម​នៅតែ​បន្ត​មកទល់នឹង​ពេលនេះ ព្រោះថា​កូរ៉េ​ទាំងពីរ ពុំទាន់​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ណាមួយ​ជាមួយគ្នា​ឡើយ​៕

Tag:
 កូរ៉េខាងជើង​
  ឧបទ្វីប​កូរ៉េ​
  នុយក្លេអ៊ែរ​
  Graham Allison
© រក្សាសិទ្ធិដោយ thmeythmey.com