ជាតិ
សត្វព្រៃ​កម្រ​៥​ប្រភេទ​កំពុងមាន​វត្តមាន​ក្នុងព្រៃ​ឧទ្យាន​អង្គរ​
27, Dec 2019 , 8:39 pm        
រូបភាព
​សៀមរាប​៖ សត្វព្រៃ​ចំនួន​៥​ប្រភេទ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ធ្វើការ​ព្រលែង​ក្នុងព្រៃ​ឧទ្យាន​អង្គរ​ចាប់ពី​ឆ្នាំ​២០១៣​មក​។ សត្វ​ទាំងនោះ រួមមាន សត្វ​ទោច​ម្កុដ ស្វា​ព្រាម សត្វ​ឈ្លួ​ស សំពោច និង​សត្វ​ភេ​។ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​យក​សត្វព្រៃ​មក​ព្រលែង​ក្នុងព្រៃ​ឧទ្យាន​អង្គរ​ទៀត ដើម្បី​លើក​តម្លៃ​បេតិកភណ្ឌ​ក្នុងព្រៃ​នៃ​រមណីយដ្ឋាន​អង្គរ ការអភិរក្ស​ប្រភេទ​សត្វ​កម្រ ក៏ដូចជា​បង្កើន​ការទាក់ទាញ​ដល់​ភ្ញៀវទេសចរ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​ទៅនឹង​វត្តមាន​សត្វ​ភេ​ពីរ​ក្បាល​នៅពេលដែល​ត្រូវគេ​ផ្តិច​រូបភាព​បាន​នៅ​ចំណុច​ខ្លោងទ្វារ​ទន្លេ​អុំ នៃ​ក្រុង​អង្គរធំ​។ មើល​មួយ​ភ្លេ​ត​គេ​អាច​គិតថា ជា​រូបភាព​កាត់ត តែ​តាមពិតទៅ​វា​ជា​ការពិត​។ បច្ចុប្បន្ន​មាន​សត្វព្រៃ​កម្រ​ចំនួន​៥​ប្រភេទ ដែល​កំពុង​រស់នៅក្នុង​ព្រៃ​នៃ​ឧទ្យាន​អង្គរ​។​
 
​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​ការ​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ Wildlife Alliance បានធ្វើការ​ព្រលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ​តាំងពី​ឆ្នាំ​២០១៣​មក​។ តាម​ការធ្វើជំរឿន​នៅក្នុង​ព្រៃ​ឧទ្យាន​អង្គរ​ធ្លាប់មាន​សត្វព្រៃ​ច្រើន​ប្រភេទ​រស់នៅ ប៉ុន្តែ​ដោយ​សង្គ្រាម​ធ្វើឱ្យ​សត្វ​ទាំងនោះ ស្លាប់ និង​ខ្លះ​ផុត​ពូជ​។ ដូច្នេះ​ការនាំ​ប្រភេទ​សត្វព្រៃ​កម្រ​មកកាន់​ឧទ្យាន​អង្គរ​នៅពេលនេះ គឺ​ក្នុង​បំណង​ដើម្បី​អភិរក្ស​និង​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​មួយ​នេះ​មាន​ព្រៃឈើ និង​សត្វព្រៃ​ជាច្រើន​រស់នៅ ក៏ដូចជា​ដើម្បី​ជាការ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ផងដែរ​។​
 

 
​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក យិ​ត ចាន់​ដារ​ដ្ឋ បានឱ្យដឹងថា ចាប់ពី​ឆ្នាំ​២០១៣​មក អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ស្ថាប័ន​ដៃគូ​បាន​ព្រលែង​សត្វព្រៃ​៥​ប្រភេទ​ក្នុងព្រៃ​ឧទ្យាន​អង្គរ ដែល​រួមមាន​ទោច​ម្កុដ ឈ្លួ​ស សត្វ​ស្វា​ព្រាម សំពោចក្រអូប និង​ថ្មីៗ​នេះ​ទើប​ព្រលែង​សត្វ​ភេ​៥​ក្បាល​។ សត្វព្រៃ​ទាំងនោះ ត្រូវបាន​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​យក​ពី​តំបន់ភ្នំ​តា​ម៉ៅ និង​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា​។​
 
 
​មុននឹង​ព្រលែង សត្វព្រៃ​ទាំងអស់​ត្រូវបាន​នាំយកមក​ផ្សាំ​ក្នុងព្រៃ​ឧទ្យាន​អង្គរ​ជាមុនសិន​។ ជាទូទៅ ប្រភេទ​ទោច​គឺអាច​ប្រើពេល​ច្រើន​ខែ ខ្លះ​ដល់​ឆ្នាំ​ឯណោះ ទម្រាំ​វា​មាន​ភាព​ផ្សាំ​ទៅនឹង​បរិយាកាស ឬ​ធម្មជាតិ​នៅ​ទីនោះ​។ បន្ទាប់ពី​ព្រលែង​ហើយ ក្រុមការងារ​សត្វព្រៃ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បន្ត​តាមដាន ក៏ដូចជា​បន្ត​ដាក់​ចំណី​ឱ្យ​សត្វ​ទាំងនោះ ទម្រាំ​វា​មាន​ភាព​ផ្សាំ​ពេញលេញ ឬ​អា​ចរក​ប្រភព​ចំណី​បាន​ដោយ​ខ្លួនឯង​។​
 
​ព្រៃឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឬ​ឧទ្យាន​អង្គរ មាន​វិសាលភាព​ធំធេង ហើយ​វា​ជា​កន្លែង​ដែលមាន​សក្កា​នុព​ល​សម្រាប់​ជម្រក​សត្វព្រៃ​។ បើ​ធៀប​នឹង​តំបន់​ដទៃ ព្រៃឈើ​នៅ​តំបន់​នេះ​ក៏មាន​សុវត្ថិភាព​សម្រាប់​កា​ររ​ស់​នៅ​របស់​សត្វព្រៃ​ទាំង​នោះដែរ​។ ដោយ​មើលឃើញ​ពី​ចំណុច​នេះហើយ ទើប​ស្ថាប័ន​ពាក់ព័ន្ធ​បាន​យក​ប្រភេទ​សត្វ​កម្រៗ​មក​ព្រលែង​ក្នុងព្រៃ​នេះ ដែលជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​ផង ក្រៅពី​រួមចំណែក​អភិរក្ស​សត្វព្រៃ​កម្រ​។ ជា​អ្នកទទួលខុសត្រូវ​លើ​ការងារ​ព្រៃឈើ​និង​សត្វព្រៃ លោក យិ​ត ចាន់​ដារ​ដ្ឋ យល់ថា ការ​ព្រលែង​សត្វព្រៃ​ក្នុង​តំបន់​នេះ​ជាការ​ចាំបាច់ ហើយ​លោក​រំពឹងថា ការងារ​នេះ​មិន​បង្ក​ហានិភ័យ​ណាមួយ​ដល់​ភ្ញៀវទេសចរ​នោះទេ​។​
 
​ទីតាំង​សំខាន់ៗ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ព្រលែង​សត្វព្រៃ​កម្រ ដែលមាន​ដូចជា​ទោច​ម្កុដ មាននៅ​ប្រាសាទ​តា​នៃ ខ្លោងទ្វារ​តាកែវ និង​ខ្លោងទ្វារ​ខ្មោច នៃ​ក្រុង​អង្គរធំ​។ ទោច ជា​ប្រភេទ​សត្វ​ដែល​ចូលចិត្ត​រស់នៅ​ជា​លក្ខណៈ​គ្រួសារ មិន​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​ដូច​សត្វ​ដទៃ​ឡើយ​។ ការ​ព្រលែង​ក៏​ដូច្នោះ​ដែរ នៅ​តំបន់​ដែល​ព្រលែង​នោះ គឺមាន​ទោច​ឈ្មោល​មួយ​ក្បាល និង​ញី​មួយ​ក្បាល​ឬ​ពីរ​ក្បាល​តែប៉ុណ្ណោះ ហើយ​បច្ចុប្បន្ននេះ  គ្រួសារ​នីមួយៗ​របស់​វា​បាន​បង្កើតជា​កូន ខ្លះ​មានកូន​៣ ខ្លះ​២ និង​ខ្លះ​មានកូន​មួយ​ក្បាល​។ 
 
​ជាមួយនឹង​វត្តមាន​សត្វព្រៃ​កម្រ​ច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​ក្នុងព្រៃ​នៃ​ឧទ្យាន​អង្គរ​នាពេល​បច្ចុប្បន្ននេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏មាន​គម្រោង​យក​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​មួយចំនួនទៀត យកមក​ព្រលែង​ផងដែរ​។ សត្វ​ទាំងនោះ​មាន​ទាំង​ប្រភេទ​សត្វចតុបាត និង​សត្វ​ស្លាប ដែលជា​ប្រភេទ​សត្វ​លើក​តម្លៃ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​។​
 
​នៅ​ចុងឆ្នាំ​២០១៩​នេះ សត្វ​ភេ​ចំនួន​៥​ក្បាល ត្រូវបាន​ដឹក​ពី​ភ្នំ​តា​ម៉ៅ​មក​ព្រលែង​នៅក្នុង​ព្រៃអង្គរ​ដូចគ្នា​។ លោក យិ​ត ចាន់​ដារ​ដ្ឋ ពន្យល់ថា តំបន់​អង្គរ​មា​នក​សិន្ធុ​ទឹកធំ និង​មាន​ភូមិសាស្ដ្រ​សមស្រប​ចំពោះ​ការរស់នៅ​របស់​សត្វ​ភេ​នេះដែរ​។ យ៉ាងណា ក្រុមការងារ​សត្វព្រៃ​នៅ​បន្ត​តាមដាន​សុខភាព​សត្វ​ភេ​ទាំងនោះ រួម​និង​ការដាក់​ចំណី​បន្ថែម​ផងដែរ​។​
 
 
​នៅពេល​ការគ្រប់គ្រង និង​ការខិតខំ​ប្រឹង​អភិរក្ស​ប្រភេទ​សត្វព្រៃ​ឱ្យ​ចំនួន​ច្រើន​ក្នុង​ឧទ្យាន​អង្គរ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ចង់ឃើញ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ជួយ​តាមដាន សហការ​ចូលរួម ដើម្បី​ទប់ស្កាត់​ការ​បរបាញ់​ដោយ​ខុសច្បាប់ ដែល​បង្កឡើង​ដោយ​ជនខិលខូច​មួយចំនួន​។ ការអភិរក្ស​សត្វព្រៃ គឺមាន​សារសំខាន់​ណាស់ ដើម្បី​ជា​ផ្នែក​មួយ​នៃ​វិស័យ​ទេសចរណ៍ ជា​ធនធាន​សត្វព្រៃ​សម្រាប់​អ្នកជំនាន់ក្រោយ​៕
 






 

Tag:
 សត្វព្រៃ​
  ទោច​ម្កុដ​
  ភេ​
  អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com