កីឡាជាតិ
ជាតិ
ល្បុក្កតោជួយឲ្យម្ចាស់មេដាយមាសស៊ីហ្គេម យ៉ុង ម៉េងលី ចេះតស៊ូ និងល្បីល្បាញ កីឡាករ យ៉ុង ម៉េងលី លើកបង្ហាញមេដាយមាស ដែលខ្លួនដណ្តើមបានក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន
× ស្ថិតក្នុងវ័យ១៩ឆ្នាំ យ៉ុង ម៉េងលី ជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន ដែលរូបគេប្រកួតក្នុងប្រភេទកីឡាប្រពៃណីរបស់ហ្វីលីពីន Arnis។ ទោះបីទើបដើរលើវិថីនេះក៏ដោយ តែកូនទី៣ក្នុងគ្រួសារមានបងប្អូន៥នាក់នៅរាជធានីភ្នំពេញរូបនេះអះអាងថា តាមរយៈកីឡានេះធ្វើឲ្យរូបគេចេះតស៊ូ និងខិតខំប្រឹងប្រែង ពិសេសជួយលើកតម្កើងជីវភាពគ្រួសារ។
កីឡាករ យ៉ុង ម៉េងលី បានចូលប្រឡូកក្នុងវិស័យកីឡាគុនល្បុក្កតោនៅឆ្នាំ២០១៨ ពោលគឺក្រោយដណ្តើមបានមេដាយមាសក្នុងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨។ តាមរយៈមេដាយនេះ គឺជាឱកាស ដែល រូបគេ ត្រូវបានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ជ្រើសរើសឲ្យប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិនៅឆ្នាំ២០១៩។
ក្រោយហ្វឹកហាត់ប្រមាណជិត១ឆ្នាំ កីឡាករវ័យ១៩ឆ្នាំរូបនេះ ត្រូវបានសហព័ន្ធផ្តល់ឱកាសឲ្យចូលរួមការប្រកួតលក្ខណៈអន្តរជាតិជាលើកដំបូង គឺក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការបង្ហាញខ្លួនលើឆាកអន្តរជាតិនេះ ម៉េងលី ហាក់ទទួលបានជោគជ័យខ្លាំង តាមរយៈដណ្តើមបានមេដាយមាស១ និងប្រាក់១ក្នុងការប្រកួតកីឡាប្រពៃណីរបស់ហ្វីលីពីន Arnis។ រូបគេ ក៏ជាកីឡាករទី១ ដែលដណ្តើមបានមេដាយមាសឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍នេះផងដែរ។
កត្តាដែលធ្វើឲ្យកីឡាកររូបនេះទទួលបានជោគជ័យខ្លាំងពីការបង្ហាញខ្លួនលើកដំបូង គឺការព្យាយាមខិតខំប្រឹងប្រែងហ្វឹកហាត់ និងមានការជួយជំរុញ និងលើកទឹកចិត្តពីគ្រួសារ គ្រូបង្វឹក និងមិត្តរួមក្រុម។ ជាពិសេស ការផ្តល់កម្លាំងចិត្តពីអ្នកគាំទ្រនិងប្រជាពលរដ្ឋកម្ពុជា។ តាមរយៈជោគជ័យខាងលើ មិនត្រឹមតែធ្វើឲ្យឈ្មោះរបស់កីឡាករ យ៉ុង ម៉េងលី ត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រក្នុងបញ្ជីស៊ីហ្គេមនៅហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងជួយលើកមុខមាត់ជាតិ គ្រួសារ និងរូបគេទៀតផង។
លើសពីនេះ ល្បុក្កតោក៏ជួយលើកស្ទួយជីវភាពនិងផ្តល់ជាមេរៀនដល់ ម៉េងលី ផងដែរ។ កូនទី៣ក្នុងគ្រួសារមានបងប្អូន៥នាក់នៅរាជធានីភ្នំពេញរូបនេះបានលើកឡើងដូច្នេះថា៖«ល្បុក្កតោបានជួយកែប្រែជីវភាពខ្ញុំ ផ្តល់ជាមេរៀនឲ្យយើងចេះខិតខំតស៊ូ និងព្យាយាម។ មុនចូលប្រឡូកក្នុងវិស័យនេះ ខ្ញុំធ្វើការផង រៀនផង ហើយពេលនោះជីវភាពខ្ញុំមានការខ្វះខាត តែក្រោយចូលប្រឡូកធ្វើឲ្យជីវភាពមានភាពល្អប្រសើរ»។
ស្ថិតក្នុងវ័យ១៩ឆ្នាំ យ៉ុង ម៉េងលី ចង់ក្លាយជាកីឡាករល្បុក្កតោដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពមួយរូបនៅកម្ពុជា។ ទន្ទឹមនឹងនេះរូបគេប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរថែមទៀត ហើយរូបគេចង់បង្ហាញទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិម្តងទៀត ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
Tag:
ល្បុក្កតោ
យ៉ុង ម៉េងលី
© រក្សាសិទ្ធិដោយ thmeythmey.com