កីឡាបាល់ទាត់នៅតំបន់អ៊ឺរ៉ុបមិនមែនជាកន្លែងពិបាកសម្រាប់កីឡាករមានទេពកោសល្យនៅជុំវិញពិភពលោកបង្ហាញសមត្ថភាពទៀតឡើយ។ សព្វថ្ងៃ កីឡាករបាល់ទាត់អាស៊ីភាគច្រើនបានដើរតួយ៉ាងសំខាន់ក្នុងក្រុមនៃលីគកំពូលនៅអ៊ឺរ៉ុប។
កីឡាកររបស់កូរ៉េខាងត្បូងពីររូបរួមមាន Park Ji-sung អតីតខ្សែបម្រើឆ្នើម Manchester United និង Heung-min Son របស់ Tottenham Hotspur គឺជាឈ្មោះកីឡាករដែលអ្នកគាំទ្របាល់ទាត់នៅទូទាំងពិភពលោកចងចាំ តាមរយៈឥទ្ធិភពលរបស់ពួកគេ ក្នុងវិស័យបាល់ទាត់នៅអឺរ៉ុប។
ក្រៅពី Son ដែលជាកីឡាករដ៏គ្រោះថ្នាក់សម្រាប់ក្រុមគូប្រជែង ខ្សែប្រយុទ្ធ Hwang Hee-chan របស់ក្រុម Red Bull Salzburg នៅអូទ្រីស ក៏ជាកីឡាករកូរ៉េខាងត្បូងដែលកំពុងធ្វើព្យុះភ្លៀងក្នុងលីគនៅតំបន់អឺរ៉ុបដែរ។ Hee-chan បានធ្វើឲ្យពិភពលោកស្គាល់ក្រោយកីឡាករវ័យ២៣ឆ្នាំនេះ កិបដាច់ចង្កេះខ្សែការពារ Virgil van Dijk ហើយស៊ុតបញ្ចូលទីក្រុម Liverpool នាជំនួប Champions Leageu ថ្មីៗនេះ។
មិត្តរួមក្រុមរបស់ Hee-chan គឺខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Takumi Minamino ក៏បានបង្ហាញទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្រុម Salzburg ផងដែរ រហូតធ្វើឲ្យអ្នកចាត់ការទូទៅ Liverpool លោក Jurgen Klopp ពេញចិត្តទិញរូបគេទៅកាន់ទឹកដីអង់គ្លេសថែមទៀត។
តាមពិតទៅ ផ្លូវសម្រាប់កីឡាកអាស៊ីទៅកាន់តំបន់អឺរ៉ុប ត្រូវបានត្រួសត្រាយដោយអតីតកីឡាករជប៉ុន Hidetoshi Nakata។ Nakata បានផ្លាស់ទៅទឹកដីអឺរ៉ុបដំបូងដោយចូលរួមជាមួយក្រុម Perugia ក្នុងឆ្នាំ ១៩៩៨ (ដែលកាលនោះលេងនៅក្របខណ្ឌកំពូលអ៊ីតាលី Serie A)។ ក្រៅពី Perugia បុរសដែលមានវ័យ៤២ឆ្នាំនេះ ធ្លាប់ប្រកបអាជីពជាមួយ Roma, Parma, Fiorentina និង Bolton Wanderers របស់អង់គ្លេសផងដែរ។
ខាងក្រោយនេះយើងនឹងបង្ហាញលោកអ្នកពីកីឡាករអាស៊ី ដែលជះឥទ្ធិពលដល់វិស័យកីឡាបាល់ទាត់អឺរ៉ុបបច្ចុប្បន្នចំនួន១០រូប៖
១- ខ្សែប្រយុទ្ធ Heung-min Son (កូរ៉េខាងត្បូង) របស់ Tottenham Hotspur
២- ខ្សែប្រយុទ្ធ Hwang Hee-chan (កូរ៉េខាងត្បូង) របស់ក្រុម Red Bull Salzburg
៣- ខ្សែប្រយុទ្ធ Takumi Minamino (ជប៉ុន) របស់ក្រុម Liverpool
៤- ខ្សែការពារ Maya Yoshida (ជប៉ុន) របស់ក្រុម Southamton
៥- ខ្សែប្រយុទ្ធ Yoshinori Muto (ជប៉ុន) របស់ក្រុម Newcastle United
៦- ខ្សែការពារ Makoto Hasebe (ជប៉ុន) របស់ក្រុម Eintracht Frankfurt
៧- ខ្សែប្រយុទ្ធ Khalil Azmoun (អ៊ីរ៉ង់) របស់ក្រុម Zenit Saint Petersburg
៨- ខ្សែការពារ Takefusa Kubo (ជប៉ុន) របស់ក្រុម RCD Mallorca
៩- ខ្សែបម្រើ Kwon Chang-hoon (កូរ៉េខាងត្បូង) របស់ក្រុម SC Freiburg
១០- ខ្សែការពារ Hwang Ui-jo (កូរ៉េខាងត្បូង) របស់ក្រុម Bordeaux