អន្តរជាតិ
លោក គីម ជុងអ៊ុន ប្រាប់មន្ត្រីពីភាពចាំបាច់ក្នុងការចាត់វិធានការការពារអធិបតេយ្យជាតិ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែងក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករកូរ៉េ។ រូបភាព KCNA
× ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី ២៩ ខែធ្នូ បានដឹកនាំកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករដែលជាបក្សកាន់អំណាចរបស់កូរ៉េខាងជើង។ កិច្ចប្រជុំនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះរំពឹងថា នឹងមានការប្រកាសគោលនយោបាយថ្មីមិនខាន ពិសេសការចរចារំសាយនុយក្លេអ៊ែរជាមួយអាមេរិក។ លោក គីម ប្រាប់សមាជិកបក្សឲ្យពង្រឹងសមត្ថភាពដើម្បីការពារអធិបតេយ្យប្រទេសក្នុងបរិបទចរន្តនយោបាយពិភពលោកសព្វថ្ងៃ។
នៅកូរ៉េខាងជើង កិច្ចប្រជុំគណៈមជ្ឈិមបក្សពលករបានឈានដល់ថ្ងៃទីពីរនៅថ្ងៃទី២៩ ខែធ្នូ ស្របពេលពិភពលោកកំពុងសម្លឹងកិច្ចប្រជុំនេះមិនដាក់ភ្នែក។ មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានបើកកិច្ចប្រជុំលើកទី៧ នៅថ្ងៃទី២៨ ខែធ្នូកន្លងទៅ ហើយបន្តដឹកនាំការប្រជុំនៅថ្ងៃទីពីរទៀត។ លោក គីម បានលើកឡើងពីភាពចាំបាច់ក្នុងការចាត់វិធានការដើម្បីធានាអធិបតេយ្យរបស់កូរ៉េខាងជើងក្នុងស្ថានភាពដូចបច្ចុប្បន្ន។
តាមពិតទៅ អ្វីដែលគេរង់ចាំបំផុតនោះ គឺការប្រកាសពីគោលនយោបាយទាក់ទងការចរចាជាមួយអាមេរិកដើម្បីរំសាយនុយក្លេអ៊ែរ ខណៈការចរចាទាំងកម្រិតកំពូល និងជំនួបមន្ត្រីក្រុមការងារមិនទាន់បានផលអ្វីទេ។ សភាពការណ៍ចុងក្រោយ កូរ៉េខាងជើង ហាក់ដើរទៅរកស្ថានភាពមុនឆ្នាំ២០១៨វិញ ដោយកំណត់ឱសានវាទឲ្យអាមេរិកត្រឹមដំណាច់ឆ្នាំ២០១៩ នេះដើម្បីដាក់លក្ខខណ្ឌចរចាថ្មីដែលអាចទទួលយកបាន បើពុំនោះទេខ្លួននឹងរើសផ្លូវថ្មី។
ផ្លូវដើរថ្មី អាចនឹងត្រូវបានប្រកាសក្រោយកិច្ចប្រជុំគណៈមជ្ឈិមបក្សនេះ ត្រូវបានបញ្ចប់។ នៅកិច្ចប្រជុំថ្ងៃទី២៩ ខែធ្នូ លោក គីម ដែលជាអ្នកសន្យាមិនសាកល្បងនុយក្លេអ៊ែរ ឬបាញ់មីស៊ីលចម្ងាយឆ្ងាយជាងមួយឆ្នាំមកនេះ បានបញ្ជាក់ពី «ភាពចាំបាច់ក្នុងការចាត់វិធានការវិជ្ជមាន និងការប្រយុទ្ធដើម្បីការពារអធិបតេយ្យ និងសន្តិសុខជាតិតាមតម្រូវសព្វថ្ងៃ»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
កិច្ចប្រជុំបក្សកាន់អំណាចកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីក្រុងព្យុងយ៉ាងអាក់ខានផ្ដល់អំណោយថ្ងៃបុណ្យគ្រិស្តម៉ាសឲ្យក្រុងវ៉ាស៊ីនតោន។ គេរំពឺងថា កូរ៉េខាងជើងអាចសាកល្បងមីស៊ីលនៅថ្ងៃនោះ ប៉ុន្តែក៏ស្ងាត់ទៅវិញ។ នៅសល់មួយថ្ងៃទៀតប៉ុណ្ណោះផុតឆ្នាំ២០១៩ លោក គីម ទំនងជាឆ្លៀតពេលផ្ញើសារបអបអរឆ្នាំថ្មីដើម្បីបញ្ចេញគោលនយោបាយថ្មីនៅពេលនោះដែរ។ ២០២០ អាចជាឆ្នាំក្ដៅដូចស្ថានការណ៍មុនឆ្នាំ២០១៨ ។
ការបាញ់មីស៊ីលចម្ងាយឆ្ងាយណាមួយនោះ នឹងក្លាយជារឿងអវិជ្ជមានសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចាត់ទុកគោលនយោបាយការបរទេសលើកូរ៉េខាងជើង ជាជោគជ័យដ៏ធំបំផុតមួយក្នុងការដឹកនាំរបស់លោក។ ការជួបទល់មុខមេដឹកនាំកូរ៉េខាងជើងដល់ទៅបីដង ជារឿងដែលគ្មានប្រធានាធិបតីអាមេរិកណាមួយអាចធ្វើបានដូចលោក ត្រាំ ឡើយ ប៉ុន្តែវាក៏មិនអាចបញ្ជាក់ថា បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង អាចដោះស្រាយបានដែរ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com