អន្តរជាតិ
សិង្ហ​បុរី និង​នូ​វែ​ល​សេ​ឡង់ យល់ព្រម​ដំឡើង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​បន្ថែមទៀត​
30, Dec 2019 , 3:48 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លីសៀន ឡុង ជាមួយសមភាគីនូវែលសេឡង់ លោកស្រីJacinda Ardern។ រូបភាព៖ ST FILE
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លីសៀន ឡុង ជាមួយសមភាគីនូវែលសេឡង់ លោកស្រីJacinda Ardern។ រូបភាព៖ ST FILE
​ការដំឡើង​កិច្ចព្រមព្រៀង​រវាង​នូ​វែ​ល​សេ​ឡង់ និង​សិង្ហ​បុរី ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ (ANZSCEP) ត្រូវបាន​ប្រទេស​ទាំងពីរ​ផ្តល់​សច្ចាប័ន​រួចរាល់​ហើយ​។ ថ្ងៃទី​១ ខែមករា ឆ្នាំ ២០២០ កិច្ចព្រមព្រៀងទ្វេភាគី​នេះ នឹង​ចូល​ជា​ធរមាន​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៅ​ថ្ងៃទី​៣០ ខែធ្នូ​។


 
​ដើមខែ​មករា ឆ្នាំ ២០២០ កិច្ចព្រមព្រៀង​រវាង​នូ​វែ​ល​សេ​ឡង់ និង​សិង្ហ​បុរី ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​(ANZSCEP)  នឹង​ចូល​ជា​ធរមាន បន្ទាប់ពី​ប្រទេស​ទាំងពីរ​បានផ្តល់​សច្ចា​ប័ន​រួចមក​។ 
 
ANZSCEP ជា​កិច្ចព្រមព្រៀងទ្វេភាគី ប្រទេស​ទាំងពីរ​បានដាក់​ឲ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០០១​មក​ម្លេះ​។ រហូតមកដល់​ខែមិថុនា ឆ្នាំ ២០១៧ សិង្ហ​បុរី និង​នូ​វែ​ល​សេ​ឡង់ បានចាប់ផ្តើម​ចរចា​ជាមួយគ្នា​ទៀត ដើម្បី​ដំឡើង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី​មួយ​នេះ ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ ការដំឡើង​កិច្ចព្រមព្រៀង ដែល​ផ្អែកលើ​សសរស្តម្ភ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ត្រូវបាន​ប្រទេស​ទាំងពីរ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​កិច្ចព្រមព្រៀង​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី Chan Chun Sing បាន​បញ្ជាក់ថា ការអភិវឌ្ឍ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​របាំង​ពន្ធគយ ការពង្រឹង​បទបញ្ញត្តិ​កិច្ចសហប្រតិបត្តិការ និង​ការខិតខំ​លើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច រវាង​ប្រទេស​ទាំងពីរ​។ បន្ថែម​ពីលើ​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នេះ នឹង​កាត់បន្ថយ​ពី​វេលា​នាំចេញ​ទំនិញ និង​ការដឹកជញ្ជូន​កាន់តែរ​ហ័យ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។ 
 
​សូមបញ្ជាក់ថា ពាណិជ្ជកម្ម​រវាង​សិង្ហ​បុរី និង​នូ​វែ​ល​សេ​ឡង់ បាន​កើនឡើង​រហូតដល់​ជាង ៣​ពាន់​លាន​ដុល្លារ​ឯណោះ​ក្នុង​ឆ្នាំ ២០១៨​។ សិង្ហ​បុរី គឺជា​ដៃគូ​វិនិយោគ​ទី​៦ របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់ ដែលមាន​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅជិត ៣​ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ ២០១៧ ៕

Tag:
 សិង្ហ​បុរី​
 ​នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com