អន្តរជាតិ
​បច្ចេកវិទ្យា
សម្តេច​ប៉ាប ស្នើ​ឲ្យ​សមាជិកគ្រួសារ​ដាក់​ទូរ​សព្ទ​ចុះ​ហើយ​ជជែក​គ្នា​វិញ​ពេល​បរិភោគ​បាយ​
30, Dec 2019 , 10:39 pm        
រូបភាព
ដោយ:
​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស (Pope Francis) បាន​អំពាវនាវ​ឲ្យ​មនុស្ស​នាំគ្នា​ដាក់​ទូរ​សព្ទ​នៅ​ឆ្ងាយ​ពី​ពួកគេ នៅពេល​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្រួសារ ហើយ​ផ្តើម​ជជែក​គ្នា​ជំនួស​វិញ​។ សម្តេច​សង្ឃ​កាតូលិក​រូបនេះ បាន​លើក ព្រះ​យេស៊ូ (Jesus) ម៉ា​រី (Mary) ដែល​ម្តាយ​ព្រះ​យេស៊ូ និង​ចូ​ស៊េ​ប (Joseph) ដែលជា​ឪពុក​ព្រះ​យេស៊ូ ជា​ឧទាហរណ៍​។

 
​នៅ​ចំពោះ​សាសនិក នៅ​ទីលាន Saint Peter ក្នុង​បុរី​វ៉ា​ទី​កង់ កាលពី​ថ្ងៃទី​២៩ ខែធ្នូ សម្តេច ប៉ាប មានបន្ទូលថា ពួកគេ (​សំដៅលើ​ក្រុមគ្រួសារ​ព្រះ​យេស៊ូ​) បាន​បន់ស្រន់​, ប្រកបការងារ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC ទ្រង់​បាន​មានបន្ទូល​ទៀតថា​៖«​យើង​ត្រូវតែ​ត្រលប់​ទៅរក​ការប្រាស្រ័យ​ទាក់ទង​ក្នុង​គ្រួសារ​យើង​វិញ​»​។  
 
«​ខ្ញុំ​សួរថា តើ​អ្នក​គឺជា​គ្រួសារ​ដែល​ចេះ​ប្រាស្រ័យ​ទាក់ទង​គ្នា ឬក៏​អ្នក​គឺជា​គ្រួសារ ដែលមាន​ក្មេងៗ អង្គុយ​នៅ​តុ​អាហារ តែ​បែរ​នាំគ្នា​ជជែក​លើ​ទូរ​សព្ទ​ដៃ​ពួកគេ​» ។ ប្រមុខ​បុរី​វ៉ា​ទី​កង់ មានបន្ទូល​បែបនេះ ដោយ​សង្កត់ធ្ងន់ថា ឪពុកម្តាយ កូនៗ ជីដូន​ជីតា ដែលជា​សមាជិកគ្រួសារ​ទាំងឡាយ សូមអ្នក​ទាំងអស់គ្នា ចូល​នាំគ្នា​ជជែក​ពិភាក្សាគ្នា ជំនួស​ឲ្យ​ការប្រើ​ទូរ​សព្ទ​។ 
 
​ឲ្យ​ពិត​ទៅ នេះ​ពុំមែន​ជា​លើកទីមួយ​ឡើយ ដែល​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី ដែលមាន​អ្នកគាំទ្រ​លើ​បណ្តាញ Twitter ១៨​លាន​នាក់ បាន​ស្តីបន្ទោស​អ្នកគាំទ្រ​ទ្រង់​ចំណាយពេល​ច្រើន​លើ​ឧបករណ៍​អេឡិចត្រូនិក​ពួកគេ ជាពិសេស នៅ​ពិធី​ជួបជុំ​សាសនិក​។ ក្នុង​ឆ្នាំ​២០១៧ ទ្រង់ បាន​មានបន្ទូលថា នៅពេល​ទ្រង់​មានបន្ទូលថា «​សូម​បើក​ដួងចិត្ត​អ្នក​» មនុស្ស​នាំគ្នា​បើក​ទូរ​សព្ទ​ដៃ​ពួកគេ​ហើយ​ថតរូប​ភាព​ទៅវិញ​។ ត្រង់នេះ សម្តេច​ប៉ាប ចាត់ទុកជា​រឿង​ដ៏​អាក្រក់​បំផុត​៕

Tag:
 ប៉ាប​ហ្វ្រ​ង់​ស៊ី​ស​
  ទូរ​សព្ទ​
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com