អន្តរជាតិ
ចិន និង​អាមេរិក គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆាប់ៗ​ខាងមុខ​
31, Dec 2019 , 10:23 am        
រូបភាព
លោកឧបនាយករដ្ឋមន្រ្តីចិន Liu He។ រូបភាព៖ AP
លោកឧបនាយករដ្ឋមន្រ្តីចិន Liu He។ រូបភាព៖ AP
​ឧបនាយករដ្ឋមន្ត្រី​ចិន Liu He នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​ខាងមុខនេះ នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​អាមេរិក​។ តាមរយៈ​ដំណើរ​នេះ ត្រូវបាន​គេ​រំពឹងថា លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​។ នេះ​បើតាម​របាយការណ៍ ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post នៅ​ថ្ងៃទី​៣០ ខែធ្នូ​។


 
​តាម​ប្រភព ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ទីក្រុង​វ៉ាស៊ីនតោន បានផ្តល់​សំណើ​អញ្ជើញ​ចិន ហើយ​ទីក្រុង​ប៉េកាំង បានទទួល​សំណើ​នេះ​។ បើ​គ្មាន​ការផ្លាស់ប្តូរ​ទេ អ្នកតំណាង​ចរចា​ពាណិជ្ជកម្ម​ចិន លោក​ឧបនាយករដ្ឋមន្ត្រី Liu He នឹង​ដឹកនាំ​ប្រតិភូ​ចិន​មួយក្រុម តាម​ការអញ្ជើញ​មួយ​នេះ​នៅ​ថ្ងៃទី​៤ មករា រហូតដល់​សប្តាហ៍​ក្រោយ​។ 
​រហូតមកទល់​ពេលនេះ ភាគី​ចិន និង​អាមេរិក មិនទាន់បាន​ការអះអាង​ជា​ផ្លូវការ​ណាមួយ ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​នៅឡើយ​ទេ​។ 
 
​ជុំវិញ​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​បង្ហើប​ពី​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​ម្តង​ហើយ នា​សប្តាហ៍​មុន នៅ​កន្លែង​កម្សាន្ត​របស់លោក​នៅ​រដ្ឋ Florida​។ ពេលនោះ​លោក ត្រាំ បាន​អះអាងថា លោក និង​ប្រធានាធិបតី​ស៊ី ជិន​ភីង អាច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​។ ប៉ុន្តែ​លោក មិនបាន​បញ្ជាក់​លំអិត​ទេ​អំពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។ 
 
​ប្រសិនបើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ អាច​ត្រូវបាន​ប្រទេស​ទាំងពីរ​ចុះហត្ថលេខា​មែន​នោះ វា​គឺជា​រឿង​ល្អ​។ វា​ល្អ ព្រោះ​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន មិន​ត្រឹមតែ​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា​បានទេ ប៉ុន្តែ​ភាគី​ទាំងពីរ​ថែមទាំង​អាច​បន្ធូរបន្ថយ​បញ្ហា​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ហុងកុង​ថែមទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post ដដែល​។ 
 
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​នេះ ត្រូវបាន​អាមេរិក និង​ចិន បាន​ចរចា​ជាមួយគ្នា​អស់​ជាច្រើន​សប្តាហ៍ និង​បានរៀបចំ​ឲ្យ​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន​ចុះហត្ថលេខា​នៅ​ប្រទេស​ស៊ី​លី​ក្នុងអំឡុងពេល​កិច្ចប្រជុំ​APEC​។ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ ត្រូវ​លុបចោល​ទៅវិញ បន្ទាប់ពី​ស៊ី​លី មាន​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​។ ដោយសារតែ​ការអាក់ខាន​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់​ទីមួយ ត្រូវ​រង​ភាព​រាំងស្ទះ​ចាប់តាំងពី​ពេលនោះ​មក​៕ 

Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com