ក្រោយ​រត់គេច​អស់​២០​ថ្ងៃ អ្នកបើក​ឡាន​បុក​សិស្សស្រី​ពីរ​នាក់​ឲ្យ​ស្លាប់ ត្រូវ​ចាប់ខ្លួន
ជាតិ
សង្គមជាតិ
ក្រោយ​រត់គេច​អស់​២០​ថ្ងៃ អ្នកបើក​ឡាន​បុក​សិស្សស្រី​ពីរ​នាក់​ឲ្យ​ស្លាប់ ត្រូវ​ចាប់ខ្លួន
31, Dec 2019 , 4:47 pm        
រូបភាព
រថយន្ត ដែលត្រូវអះអាងថា បុកសិស្សស្រីទាំងពីរនាក់ (ថតចេញពីកាមេរ៉ាសុវត្ថិភាព)
រថយន្ត ដែលត្រូវអះអាងថា បុកសិស្សស្រីទាំងពីរនាក់ (ថតចេញពីកាមេរ៉ាសុវត្ថិភាព)
​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ សមត្ថកិច្ច បាន​ចាប់​មនុស្ស​ពីរ​នាក់ ជាមួយនឹង​រថយន្ត Highlander ដែល​បាន​បុក​សិស្សស្រី​ពីរ​នាក់ កាលពី​២០​ថ្ងៃមុន​។ ចំណែក​អ្នកបើករថយន្ត AUDI ដែល​ត្រូវបាន​ឃាត់ទុក​នោះ សមត្ថកិច្ច បានអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ បន្ទាប់ពី​ដឹងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុ​ការ​នេះ​។


 
​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៣១ ខែធ្នូ យ៉ាង​ដូច្នេះ​ថា​៖«​រឿង​ឡាន AUDI យើង បាន​ឲ្យ​ពួកគាត់​ទៅវិញ​អស់ហើយ ព្រោះ​អត់​មានរឿង​ពាក់ព័ន្ធ​ជាមួយ​ពួកគាត់​ទេ​។ ឡាន Highlander ឃាត់​បាន​ព្រឹក​នេះ បុរស​ឈ្មោះ សូត្រ ជា​អ្នកបើកបរ និង​បុរស​ម្នាក់ទៀត​ឈ្មោះ សុខ នៅ ជា​ម្ចាស់​ឡាន​»​។ ជាមួយគ្នានេះដែរ លោក បាន​បញ្ជាក់ថា ជន​ពាក់ព័ន្ធ​ទាំងពីរ​នាក់​នេះ សមត្ថកិច្ច កំពុង​រៀបចំ​ចាត់ការ​តាម​នីតិវិធី​។  
 
​សូមបញ្ជាក់ថា សិស្សសាលា​ទាំងពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត​បើក​បុក​ពេញទំហឹង ខណៈ​ពួកគេ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​សាលារៀន កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ក្នុងភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​បង្កហេតុ​រួច ជនល្មើស​ទាំងពីរ បើករថយន្ត​គេចខ្លួន​។ ជនរងគ្រោះ​ម្នាក់​ឈ្មោះ ភ័​ណ្ឌ ភី​រ៉ា​ដា អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ និង​ម្នាក់ទៀត​ឈ្មោះ ខេន កូ​វ៉ា អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៨៕

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com