ជាតិ
សង្គមជាតិ
អគ្គស្នងការ​៖ ពី​ពេលនេះ​ទៅ លែង​ឲ្យ​មាន​ល្បែង​អន​ឡាញ​
31, Dec 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច ចាប់ផ្តើម​បិទ​ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​ទៅ ដោយ​មិនត្រូវ​ឲ្យ​មាន​ទៀតឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​លើ​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​។


 
​នគរបាលជាតិ បាន​ឲ្យ​ដឹងថា បញ្ជា​របស់លោក នេ​ត សាវឿន ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ីនធឺណិត​អន​ឡាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច អភិបាលរង​រាជធានី​ខេត្ត ស្នងការ​-​ស្នងការរង​រាជធានី​ខេត្ត ប្រធាន​-​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​។ 
 
​លោក នេ​ត សាវឿន រម្លឹក​ក្នុង​កិច្ចប្រជុំ​ថា រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អន​ឡាញ​បន្តទៀត​ទេ​។ លោក​អគ្គស្នងការ លើកឡើងថា មាន​បុគ្គល និង​ក្រុមហ៊ុន​ខ្លះ ដើរ​បោក​បញ្ឆោត​ថា សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ស្តីពី​ការបិទ​ល្បែង​អន​ឡាញ​នេះ​មិន​ពិត ហើយ​ពួកគេ ធានាថា អាច​បើក​នៅ​កន្លែង​នេះ ឬ​កន្លែង​នោះបាន​។ លោក ចាត់ទុក ទង្វើ​នេះ ថា​ជា​ឧបាយកល និង​សកម្មភាព​របស់​ជន​ទុច្ចរិត​។ លោក សង្កត់ធ្ងន់ថា គ្មាន​បុគ្គល ឬ​អង្គភាព​ណា អាច​បំពាន​លើ​ស្មារតី​សារាចរ​ណែនាំ​នេះ​ទេ​៕ 

Tag:
 ល្បែង​ឡ​ន​ឡាញ​
  នេ​ត សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com