ជាតិ
អាជ្ញាធរ​អប្សរា ឈប់​ឲ្យ​បើក​យានជំនិះ​ចូល​ប្រាសាទតាព្រហ្ម​តាម​ទ្វារ​ខាងកើត​មួយរយៈ​
31, Dec 2019 , 5:39 pm        
រូបភាព
ច្រកខាងកើតនៃប្រាសាទតាព្រហ្ម
ច្រកខាងកើតនៃប្រាសាទតាព្រហ្ម
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា ហាម​មិន​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ បើក​ចូល​ប្រាសាទតាព្រហ្ម​តាម​ទ្វារ​ខាង​មួយរយៈ​សិន​។ តាមរយៈ​សេចក្តីជូនដំណឹង​ដែល​ចេញ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​ហេតុផល​ថា ការហាម​ប្រាម​នេះ គឺ​ដើម្បី​លើក​តម្លៃ​បេតិកភណ្ឌ និង​រក្សា​សុវត្ថិភាព​ប្រាសាទ​នេះ​។


 
​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា លើកលែងតែ​រថយន្ត​សង្គ្រោះបន្ទាន់ យានជំនិះ​របស់​ក្រុមការងារ​ការដ្ឋាន រថយន្ត​របស់​គណៈប្រតិភូ​ថ្នាក់ជាតិ និង​អន្តរជាតិ​តែប៉ុណ្ណោះ ដែល​អាច​ត្រូវ​អនុញ្ញាត​ឲ្យ​បើកបរ​តាម​ទ្វារ​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម​។ 
 
​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៣០ ខែធ្នូ យ៉ាង​ដូច្នេះ​ថា​៖«​ការបិទច្រក​ចេញចូល​នេះ គឺ​ដោយសារ​តែមាន​ជួសជុល​ប្រាង្គ​ប្រាសាទ​នៅ​ទ្វារ​ខាងកើត​។ វា ជា​កិច្ចការ​ធម្មតា​សម្រាប់​ការអភិរក្ស​ប្រាសាទបុរាណ​»​។ 
 
​អ្នកនាំពាក្យ អះអាងថា ក្រោយ​ជួសជុល​រួច អាជ្ញាធរ នឹង​អនុញ្ញាត​ឲ្យ​យានយន្ត​បើក​ចូល​ជាធម្មតា​វិញ​។ តែ​លោក មិនអាច​និយាយ​បានឡើយ​ថា ការ​ជុស​ជុល​នោះ នឹង​រួចរាល់​នៅពេលណា​។ 
​សូមបញ្ជាក់ថា កន្លងមក ក៏មាន​ការបិទ​ច្រកចេញ​ចូល​ប្រាសាទតាព្រហ្ម​នៅ​ទ្វារ​ខាងលិច​ផងដែរ តែដោយសារ​ច្រកទ្វារ​ខាងលិច​មានការ​ជួសជុល​រួច ទើបត្រូវ​ជួសជុល​ច្រកទ្វារ​ខាងកើត​វិញ​ម្ដង​៕ 

Tag:
 ប្រាសាទតាព្រហ្ម
© រក្សាសិទ្ធិដោយ thmeythmey.com