អន្តរជាតិ
អគ្គលេខាធិការ UN៖ យុវជន​ជា​ក្តីសង្ឃឹម​អស្ចារ្យ ខណៈ​ពិភពលោក​នឹង​ឈានចូល​ឆ្នាំ​២០២០ ជាមួយ​ភាពមិនច្បាស់លាស់
01, Jan 2020 , 8:59 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres
ដោយ:
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែធ្នូ​ថា ខណៈ​ពិភពលោក ខិត​ឈានចូល​ឆ្នាំ​២០២០ ជាមួយ​ភាពមិនច្បាស់លាស់ និង​អសន្តិសុខ​កើតឡើង​គ្រប់ទិសទី យុវជន​របស់​ពិភពលោក គឺជា​ប្រភព​នៃ​ក្តីសង្ឃឹម​ដ៏​អស្ចារ្យ​បំផុត​។

 
​ក្នុង​វីដេអូ​ផ្ញើ​សារ​សម្រាប់​ចូលឆ្នាំថ្មី ២០២០ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​បញ្ជាក់ថា ការប្រែប្រួល​អាកាសធាតុ លែង​ជា​បញ្ហា​រយៈពេល​វែង​ទៀតហើយ ប៉ុន្តែ​ជា​គ្រោះថ្នាក់​បច្ចុប្បន្ន និង​មាន​ពិត ។ លោក បន្តថា​៖ «​យើង​ពុំ​អាច​នាំគ្នា​ឱបដៃ​នៅ​ស្ងៀម ខណៈ​ផែនដី​កំពុង​ឆេះ​ឡើយ​»​។  
 
​ក៏ប៉ុន្តែ វា​ក៏មាន​ក្តីសង្ឃឹម​ផងដែរ​។ លោក​អគ្គលេខាធិការ​រូបនេះ បញ្ជាក់​បែបនេះ ដោយ​បន្ថែម​ក្នុង​សារ​ចូល​សកល​ថ្មី​របស់លោក​ថា «​ប្រភព​អស្ចារ្យ​បំផុត​នៃ​ក្តីសង្ឃឹម​យើង គឺ​យុវជន​របស់​ពិភពលោក​»​។ 
 
​ដោយ​នឹក​គុណ​ដល់​កម្លាំង​យុវជន​នៅ​ជុំវិញ​ពិភពលោក លោក ហ្គូ​តេ​រ៉េ​ស លើកឡើងថា ចាប់តាំងពី​សកម្មភាព​ដើម្បី​អាកាសធាតុ​, ភាពស្មើគ្នា​ផ្នែក​យេនឌ័រ​, យុត្តិធម៌​សង្គម និង​សិទ្ធិមនុស្ស យុវជន​ជំនាន់​ក្រោយ គឺ​ស្ថិតនៅ​ជួរមុខ និង​ក្នុង​ទំព័រមុខ​នៃ​សារព័ត៌មាន​អន្តរជាតិ​នានា​។ 
 
​ដោយ​កត់សម្គាល់ថា យុវជន​ទាមទារ​តួនាទី​ដ៏​ត្រឹមត្រូវ​មួយ​ក្នុងការ​កំណត់​អនាគត លោក​អគ្គលេខាធិការ សង្កត់ធ្ងន់​ទៀតថា​៖ «​អង្គការសហប្រជាជាតិ ឈរ​កៀក​ស្មា​ជាមួយ​អ្នក ហើយ​ជា​របស់​អ្នក​»​។ ជា​ចុងក្រោយ លោក បន្តថា ពិភពលោក ត្រូវការ​យុវជន​ឲ្យ​បន្ត​ការតវ៉ា និង​ដាក់​សម្ពាធ ដើម្បី​ផ​យ​ប្រយោជន៍​រួមគ្នា​៕

Tag:
 UN
  António Guterres
© រក្សាសិទ្ធិដោយ thmeythmey.com