ភ្នំពេញ៖ រយៈពេលមួយឆ្នាំពេញនៃឆ្នាំ២០១៩ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ទៅទីផ្សារអន្តរជាតិ ចំនួន៦,៩៣៩,៩៦៨តោន។ ក្នុងនោះ ការនាំចេញស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម មាន២,១៥៥,១០២តោន។ នេះបើយោងតាមលទ្ធផលនៃការនាំចេញកសិផលប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដំណាំកសិផល ដែលកម្ពុជានាំចេញផ្លូវការ មាន អង្ករជាង៦០ម៉ឺនតោន, ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ និងម្សៅដំឡូង ជិត៣,២លានតោន, គ្រាប់ស្វាយចន្ទី ជាង២០ម៉ឺនតោន, គ្រាប់ពោត ជិត១២ម៉ឺនតោន, ចេក ជាង១៥,៧ម៉ឺនតោន, ស្វាយ ជិត៦ម៉ឺនតោន, សណ្តែងសៀង ជាង៥ម៉ឺនតោន ម្រេច ជិត៣៧០០តោន, បន្លែជាង១៧០តោន និងដំណាំផ្សេងៗជាង២៧ម៉ឺនតោន។
តាមរបាយការណ៍ដដែល ផលិតផលកសិផលរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន៣០ នៅទូទាំងពិភពលោក ក្នុងនោះវៀតណាម និងថៃ ជាទីផ្សារធំជាងគេ។ ក្រៅពីមាន បារាំង, អង់គ្លេស, កាណាដា,ហូឡង់, ឆេក, អ៊ីតាលី, ឥណ្ឌា, ប៉ាគីស្ថាន, រូស្សី, កូរ៉េ, ជប៉ុន, ប៉េរ៉ូ, អារ៉ាប៊ីសាអូឌីត, មីយ៉ាន់ម៉ា, អូស្រា្តលី, តៃវ៉ាន់, សិង្ហបុរី, ម៉ាឡេស៊ី, អាល្លឺម៉ង, ស្វីស, កាហ្សាក់ស្ថាន,ហុងកុង,អាមេរិក, ប៊ុលហ្គារី និងនូវែលសេឡង់៕