អន្តរជាតិ
យោធា​អាមេរិក ហាម​ប្រើ​កម្មវិធី TikTok ព្រោះ​បារម្ភ​ប៉ះពាល់​សន្តិសុខ​ជាតិ​
01, Jan 2020 , 7:39 pm        
រូបភាព
ដោយ:
​កងទ័ពជើងគោក​អាមេរិក បានដាក់​បម្រាម​លើ​ការប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ដ៏​ល្បីល្បាញ​ឈ្មោះថា «TikTok» លើ​ទូរ​សព្ទ​ដៃ​ការងារ ដោយ​លើក​ហេតុផល​សន្តិសុខ​ជាតិ​។ ដូចគ្នានេះដែរ កងទ័ពជើងទឹក​អាមេរិក ក៏​អនុវត្ត​បម្រាម​នេះ​ផងដែរ​។

 
​កម្មវិធី TikTok ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះថា ByteDance បាន​រង​ការឃ្លាំមើល​ជាខ្លាំង​កាល​ថ្មីៗ​នេះ ក្នុង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដទៃ​។ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អាមេរិក នៅ​ថ្ងៃ​៣១ ធ្នូ ឆ្នាំ​២០១៩ អ្នកនាំពាក្យ​កងទ័ព​អាមេរិក លោក​ឧ​ត្ត​ម​សេនីយ៍ Robin Ochoa បាន​អះអាងថា កម្មវិធី​កម្សាន្ត​លើ​ទូរ​សព្ទ «TikTok» នេះ ត្រូវបាន​ចាត់ទុកថា «​ការគំរាមកំហែង​តាម​អ៊ីនធឺណិត​( Cyber threat)» ។​
 
​ជាមួយ​មុខងារ​ដ៏​ពិសេស កម្មវិធី​ទូរ​សព្ទ​នេះ អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ជាង​៥០០​លាន​នាក់ ថត និង​បង្ហោះ​វីដេអូ​ខ្លី ដែល​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​មាន​អម​ជាមួយ​បទ​ភ្លេង​ពិ​រោះៗ​ទៀតផង​។ កម្មវិធី​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​របស់​ចិន​នេះ បាន​ទាញ​ចំណាប់អារម្មណ៍​អ្នកប្រើប្រាស់ ជាពិសេស យុវជន ដោយ​ការបង្កើត និង​ចែករំលែក វីដេអូ​រយៈពេល ១៥ វី​នាទី ក្នុង​ទម្រង់​ដូចជា ការ​ច្រៀង​តាម និង​សម្តែង​កំប្លែង​ខ្លីៗ​ជាដើម​។ ម្យ៉ាងទៀត គណនី​របស់ TikTok ទាំងអស់ គឺ​សុទ្ធតែ​បើកចំហ​ជា​សាធារណៈ​។ នេះ​មានន័យថា មនុស្ស​គ្រប់គ្នា​អាន​ទស្សនា​សកម្មភាព​នេះ ដោយ​សេរី​។​
 
​ប្រាប់​សារព័ត៌មាន Military.com លោក​ឧ​ត្ត​ម​សេនីយ៍ Ochoa បានបញ្ជាក់​ទៀតថា កងទ័ពជើងគោក​អាមេរិក បានចេញ​បញ្ជា​ដល់​ទាហាន​ទាំងអស់​បញ្ឈប់​ការប្រើប្រាស់​កម្មវិធី​នេះ​លើ​ទូរ​សព្ទ​ដែលជា​កម្មសិទ្ធិ​របស់រ​ដ្ឋា​ភិ​បាល ចាប់ពី​ពាក់កណ្ដាល​ខែធ្នូ មកម្ល៉េះ​។ លោក បន្ថែមថា បម្រាម​នេះ ក៏ត្រូវ​ដាក់​ដូចគ្នា​លើ​កងទ័ពជើងទឹក​ផងដែរ​។ 
 
​យ៉ាងណាមិញ កងទ័ពជើងគោក​អាមេរិក ពុំ​អាច​បង្ការ​ការប្រើប្រាស់​ក​ម្ម​វិធី​កម្សាន្ត​នេះ​លើ​ទូរ​សព្ទ​ឯកជន​បាន​នោះឡើយ ក៏ប៉ុន្តែ​ក្រសួង​ការពារ​អាមេរិក កាលពី​ថ្មីៗ​នេះ បានដាក់​ចេញ​គោលការណ៍​ណែនាំ​មួយ​ថា ទាហាន​ទាំងអស់ គួរ​ប្រុងប្រយ័ត្ន​ចំពោះ​កម្មវិធី​ទូរ​សព្ទ​ដែល​ពួកគេ​ទាញយក​។ 
 
​សូមបញ្ជាក់ថា កន្លងទៅ សមាជិកសភា​អាមេរិក បានបង្ហាញ​ការព្រួយបារម្ភ​ថា កម្ម​វិធិ​ទូរ​សព្ទ TikTok អាច​ត្រូវ​ប្រើ​ដើម្បី​ប្រមូល​ទិន្នន័យ​របស់​ប្រជាជន​ចិន ហើយ​វា​បង្ក​ជា​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ ព្រោះថា វា​អាច​ត្រូវបាន​បង្ខំ​ឲ្យ​សហការ​ក្នុងការ​ប្រមែប្រមូល​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋា​ភិ​បាល​ចិន​។ តួយ៉ាង ក្នុង​ខែតុលា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​បក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ បានស្នើ​ឲ្យ​បើក​ការស៊ើបអង្កេត​មួយ​ដោយ​ភ្នាក់ងារ​សម្ងាត់​អាមេរិក ដោយ​រក​មើលថា កម្មវិធី TikTok ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អាមេរិក ឬ​យ៉ាងណា​៕

Tag:
 សហរដ្ឋអាមេរិក​
  TikTok
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com