អន្តរជាតិ
គ្រោះទឹកជំនន់​នៅ​ឥណ្ឌូណេស៊ី បង្ក​ឲ្យ​មនុស្ស​ស្លាប់​កើន​ដល់ ២១​នាក់​
02, Jan 2020 , 2:16 pm        
រូបភាព
ក្រុមអ្នកជួយសង្រ្គោះ កំពុងជម្លៀសប្រជាជនចេញពីតំបន់ទឹកជំនន់។ រូបភាព៖ Reuters
ក្រុមអ្នកជួយសង្រ្គោះ កំពុងជម្លៀសប្រជាជនចេញពីតំបន់ទឹកជំនន់។ រូបភាព៖ Reuters
​ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ឥណ្ឌូណេស៊ី បាន​កើនឡើង​រហូតដល់ ២១​នាក់​។ ជនរងគ្រោះ​ទាំងនេះ បាន​បាត់​បង់ជីវិត​ដោយសារតែ ភ្លើង​ឆក់ លង់ទឹក និង​បាត់បង់​កម្តៅ​ក្នុង​ខ្លួន​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​សង្គម  Joko Hariyanto នៅ​ថ្ងៃទី​២ ខែមករា​។


 
​ភ្លៀង​មួយ​មេ​ធំ ធ្លាក់​ជាច្រើន​ម៉ោង​នា​ថ្ងៃទី​៣១ ខែធ្នូ រហូត​ចូលដល់​ថ្ងៃទី​១ មករា ឆ្នាំ​២០២០​។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​ទឹក​ជន់​លិច​តំបន់​ជុំវិញ​ក្រុង​ហ្សា​ការ​តា និង​តំបន់​ក្បែរ​នោះ​។ អគ្គលេខាធិការ​នៃ​គណៈរដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី បាន​អះអាងថា អាកាសធាតុ​ដ៏​អាក្រក់​បែបនេះ នឹង​បន្ត​វាយប្រហារ​ឥណ្ឌូណេស៊ី រហូតដល់​ថ្ងៃទី​៧ ខែមករា​ឯណោះ​។ 
 
​ទាក់ទង​ទៅនឹង​បញ្ហា​នេះ ប្រជាជន​ឥណ្ឌូណេស៊ី​ច្រើនជាង ៣​ម៉ឺន​នាក់​ត្រូវបាន​គេ​ជម្លៀស​ចេញពី​តំបន់​ទឹកជំនន់ ខណៈពេល​ខ្សែ​រថភ្លើង និង​អគ្គិសនី ត្រូវគេ​បិទ​មួយរយៈ​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​សង្គម លោក​Joko Hariyanto គ្រោះទឹកជំនន់​នេះ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​កើនឡើង​រហូតដល់ ២១​នាក់​។ ភាគច្រើន​នៃ​អ្នក​ទាំងនោះ បាន​បាត់​បង់ជីវិត​ដោយសារតែ ភ្លើង​ឆក់ លង់ទឹក និង​បាត់បង់​កម្តៅ​ក្នុង​ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​សូមបញ្ជាក់ថា​ឥណ្ឌូណេស៊ី គឺជា​ទីក្រុង ដែលមាន​មនុស្ស​រស់នៅ​រហូតដល់​ជាង ៣០​លាន​នាក់​។ កាលពី​ឆ្នាំ ២០០៧ ទឹកជំនន់​បាន​វាយប្រហារ​ទីក្រុង​នេះ​ម្តង​ហើយ ដែល​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​រហូតដល់ ៥០​នាក់​ឯណោះ​។ ៥​ឆ្នាំ​ក្រោយមក ត្រូវជា​ឆ្នាំ ២០១២ ទីក្រុង​ហ្សា​ការ​តា ឥណ្ឌូណេស៊ី បាន​រងគ្រោះ​ទឹកជំនន់​ម្តងទៀត ដោយសារតែ​ទឹក​ព្រែក​កើនឡើង​៕

Tag:
 ​ឥណ្ឌូណេស៊ី​
  គ្រោះទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com