អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ស្នើសុំ​អភ័យឯកសិទ្ធិ​ពី​សភា​ក្នុង​សំណុំរឿង​ពុករលួយ​
02, Jan 2020 , 9:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ  (AFP)
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បានសម្រេច​ចិត្ត​ស្នើសុំ​អភ័យឯកសិទ្ធិ​ពីស​ភា ដើម្បី​រួចផុត​ការកាត់ទោស​ជុំវិញ​សំណុំរឿង​ពុករលួយ ។ ទង្វើ​នេះ ទំនងជា​នឹង​ពន្យារពេល​ការបើក​សវា​នា​ការកាត់ទោស​ជាច្រើន​ខែ ខណៈ​សមាជិកសភា​អ៊ីស្រាអែល ពុំទាន់​គិតគូរ​បោះឆ្នោត​លើ​រឿងនេះ រហូតដល់​ការបោះឆ្នោត​ថ្ងៃ ២ មីនា ឆ្នាំ​២០២០​។

 
 
«​ខ្ញុំ មានបំណង​ដាក់សំណើ​ទៅដល់​ប្រធានសភា​អ៊ីស្រាអែល​»​។  លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ពុធ ១ មករា បែបនេះ ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ឱសានវាទ​សម្រាប់​ការដាក់សំណើ​នេះ ផុតកំណត់​។ 
 
​មេដឹកនាំ​ដែល​កាន់តំណែង​យូរ​ជាងគេ​របស់​អ៊ីស្រាអែល​នេះ សង្កត់ធ្ងន់ថា​៖ «​ការស្នើសុំ​អភ័យឯកសិទ្ធិ​នេះ នឹងធ្វើ​ឡើង​ដោយ​ស្របតាម​ច្បាប់ ព្រមទាំង​គោលដៅ​នៃ​ការបន្ត​បម្រើ​អ្នក (​ពលរដ្ឋ​អ៊ីស្រាអែល​) និង​សម្រាប់​អនាគត​អ៊ីស្រាអែល​»​។ 
 
​លោក ណេ​តាន់​យ៉ា​ហ៊ូ ត្រូវបាន​អគ្គ​រដ្ឋអាជ្ញា​ចោទប្រកាន់​ក្នុង​ខែវិច្ឆិកា លើ​បទល្មើស​ដាច់ដោយឡែក​ពីគ្នា ដូចជា ទទួល​សំណូក កេង​បន្លំ និង​រំលោភ​ទំនុកចិត្ត ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ទី​១ ដែល​រង​ការចោទប្រកាន់​ខណៈ​កំពុងកាន់​តំណែង​មួយ​នេះ បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​ប្រឆាំង​លោក​។  លោក ណា​តាន់​យ៉ា​ហ៊ូ នឹងត្រូវ​ការគាំទ្រ​ជាង​ពាក់កណ្ដាល​នៃ​សមាជិកសភា ដើម្បី​អាច​ទទួលបាន​អភ័យឯកសិទ្ធិ​។​
 
​សវនាការ​ពុំ​អាច​ចាប់ផ្តើមបាន​នោះឡើយ កាលណា​សំណើសុំ​អភ័យឯកសិទ្ធិ​ត្រូវបាន​ធ្វើឡើង ហើយ​សភា​អ៊ីស្រាអែល ដែល​ត្រូវបាន​រំលាយចោល​នៅមុន​ការបោះឆ្នោត ទំនងជា​មិនទាន់​សម្រេច​លើ​សំណើ​នេះឡើយ នៅមុន​ពេលនោះ​។ ក្រោម​ច្បាប់​អ៊ីស្រាអែល សមាជិកសភា ពុំ​ទទួល​អភ័យឯកសិទ្ធិ​ដោយ​ស្វ័យប្រវត្តិ​រួច​ផុតពី​ការកាត់ទោស​ឡើយ ក៏ប៉ុន្តែ​ពួកគេ​អាចដាក់​សំណើសុំ​នៅពេល​ចាំបាច់​។ ម្យ៉ាងវិញទៀត ទោះបី​រកឃើញថា​មានទោស​ក្តី នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល គ្រាន់តែ​ចុះចេញ​ពី​តំណែង​កំពូល​នេះ​ប៉ុណ្ណោះ​។ 
 
​ទាក់ទិន​នឹង​ការប្រកាស​នេះ គូប្រជែង​នយោបាយ​ដ៏​សំខាន់​របស់លោក នាយករដ្ឋមន្ត្រី ណេ​តាន់​យ៉ា​ហ៊ូ គឺ លោក Benny Gantz បាន​បញ្ចេញ​ប្រតិកម្ម​ទាំង​កំហឹង ហើយ​បាន​ប្តេជ្ញា​ថា បក្ស​របស់លោក នឹងធ្វើ​អ្វី​គ្រប់បែបយ៉ាង​ដើម្បី​បង្ការ​ការផ្តល់​អភ័យឯកសិទ្ធិ​នេះ​។ ត្រង់នេះ លោក លើកឡើង​បែបនេះ លោក ពុំ​ធ្លាប់​គិត​ទេ​ថា ថ្ងៃ​ណាមួយ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នឹង​គេចវេស​ពី​ការប្រឈមមុខ​នឹង​ប្រព័ន្ធយុត្តិធម៌ និង​ច្បាប់​របស់​ប្រទេស​៕ 

Tag:
 ​អ៊ីស្រាអែល​
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com