កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ដឹកនាំ Liverpool មិន​ស្គាល់​ចាញ់​សោះ​ក្នុង​រយៈពេល​១​ឆ្នាំ​
03, Jan 2020 , 10:58 am        
រូបភាព
​លោក Jurgen Klopp រំភើបចិត្ត និង​អបអរសាទរ​ពី​សមិទ្ធិផល​របស់ Liverpool ដែល​សម្រេចបាន​ក្នុង​រយៈពេល​មួយឆ្នាំ​ដោយ​គ្មាន​បរាជ័យ​សម្រាប់​ការប្រកួត​ក្របខណ្ឌ Premier League បន្ទាប់ពី​ពួកគេ​យកឈ្នះ Sheffield United ២-០ នៅ​យប់​ថ្ងៃទី​២ ខែមករា​។​


 
​ខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane សម្រេច​ទី​បាន​ម្នាក់​មួយ​គ្រាប់​ក្នុងជំនួប​សប្តាហ៍​ទី​២០ នៅ Anfield ដោយ​ជួយ​ហង្ស​ក្រហម​ឈរ​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស​ជាមួយ​ពិន្ទុ​នាំមុខ​ដាច់​រហូត​១៣​ពិន្ទុ ព្រមទាំង​សល់​មួយ​ប្រកួត​ក្នុង​ដៃ​។​
 
​ជ័យជំនះ​នេះ បានធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ Klopp ឆ្លង​ផុត​រយៈពេល​មួយឆ្នាំ​ដោយ​រក្សា​ភាពមិន​ចាញ់​សោះ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​។ Liverpool បរាជ័យ​លើកចុងក្រោយ​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ក្រោម​ថ្វី​ជើង Manchester City ដោយ​លទ្ធផល ២-១​។​
 
​នៅ Premier League មានតែ​ក្រុម​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​មិន​ធ្លាប់​បរាជ័យ​ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ ក្នុងនោះ​មាន Arsenal និង Liverpool នេះឯង​។​


 
«​យើង​និយាយ​ពី​រឿង​វិជ្ជមាន​។ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​គ្រប់គ្រាន់​សម្រាប់​សមិទ្ធផល​ទាំងអស់នេះ​ទេ​។ យើង​មិនបាន​គិតពី​រយៈពេល​មួយឆ្នាំ​មាន​៣៦៥​ថ្ងៃនោះ​ឡើយ​នៅ​យប់​នេះ​។ តែ​យើង​គិតពី​ការ​ឈ្នះ​ការប្រកួត​នេះ​ដែលជា​គោលដៅ​ចំបង​ដើម្បី​លើក​ពាន​លី​គ​កំពូល​អង់គ្លេស ក្នុង​រយៈពេល​៣០​ឆ្នាំ​»​។ លោក Klopp បាន​ប្រាប់​ទូរទស្សន៍ BT Sport ដូច្នេះ​។​
 
Klopp បន្ថែមថា ឆ្នាំ​ថ្មី​របស់​ក្រុម​លោក​ចាប់ផ្តើម​នៅ​ចុងបញ្ចប់​ខែឧសភា ដូច្នេះ​ពួកគេ​មាន​ដំណោះស្រាយ​តាម​រដូវ​កាល មិនមែន​ដំណោះស្រាយ​ឆ្នាំ​ថ្មី​ទេ​។​
 
​ពីរ​ប្រកួត​បន្ទាប់ Liverpool ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ខ្លាំង Tottenham hotspur និង​ទទួលភ្ញៀវ Manchester United៕



© រក្សាសិទ្ធិដោយ thmeythmey.com