ខ្សែជីវិត​អ្នកស្រី រុន រំដួល ដែល​ប្រថុយ​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ ដើម្បី​រក​ការងារ​ធ្វើ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខ្សែជីវិត​អ្នកស្រី រុន រំដួល ដែល​ប្រថុយ​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ ដើម្បី​រក​ការងារ​ធ្វើ​
04, Jan 2020 , 6:59 pm        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ បើទោះបីជា​ដឹងថា ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ប្រឈម​នឹង​បញ្ហា​ច្រើន ដែល​អាច​ត្រូវ​មេខ្យល់​បោកប្រាស់ ឬ​ថៅកែ​រំលោភសិទ្ធិ​ដោយ​មិន​បើក​ប្រាក់ខែ​ឱ្យ ឬ​អាច​ត្រូវ​គ្រោះថ្នាក់​ដល់​ស្លាប់​ខ្លួន ដោយ​ប្រការ​ច្រើនយ៉ាង​ក្ដី ក៏​អ្នកស្រី រុន រំដួល នៅតែ​ខំ​ផ្សង​។ ហ៊ាន​ប្រថុយ​មិន​ខ្លាច​គ្រោះថ្នាក់ ក៏​ព្រោះតែ​អ្នកស្រី រំដួល គិតថា​នេះ​ជា​ជម្រើស​តែមួយ ដែល​អាច​រកប្រាក់​មក​ចិញ្ចឹម​កូន និង​ម្ដាយ​ចាស់​នៅផ្ទះ​។​



​ដើម្បី​ជ្រាប​ពី​ដំណើរ​ជីវិត​ខ្លះៗ របស់​អ្នកស្រី រុន រំដួល ខណៈ​នេះ​សូម​ប្រិយមិត្ត​ស្ដាប់​ជីវ​ព័ត៌មាន ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រសាំង សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ អ្នកស្រី រុន រំដួល បានសម្រេច​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ កាលពី​ប្រមាណ​ជាង​៥​ឆ្នាំមុន​។ ធ្លាប់​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ដាក់គុក​មួយខែ​កន្លះ ក្រោម​បទ​ចោទ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ទាំង​ដែល​អ្នកស្រី​មានកូន​ខ្ចី​នៅ​ជាមួយ​ផង​។ តែ​ក៏​ជា​សំណាងល្អ​ខ្លះ​ដែរ ព្រោះ​កូនតូច បាន​ជួយ​អ្នកស្រី រំដួល មិនសូវ​ទទួលរង​ការដាក់ពិន័យ​ធ្ងន់ធ្ងរ ដូច​អ្នក​ដទៃទៀត ដែល​ប្រព្រឹត្តិ​បទល្មើស​ដូចគ្នា​។ 
 
​បានដឹង​ច្បាស់​ថា​ការ​ឆ្លងដែន​ដោយ​ខុសច្បាប់ ប្រឈម​នឹង​បញ្ហា​ច្រើន ហើយ​ឧបសគ្គ​ដែល​គួរឱ្យ​ភ័យខ្លាច​បំផុត គឺ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​ប្រការ​ផ្សេងៗ តែ​អ្នកស្រី រុន រំដួល ដែលមាន​កូនតូច និង​ម្ដាយ​ចាស់​នៅផ្ទះ នៅតែ​ខំ​ប្រថុយ​ដើម្បី​រកប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ ជាច្រើនលើក​ច្រើនសារ​។ 
 
​តម្លៃ​ធ្វើ​ប៉ាស្ព័រ ឬ​លិខិតឆ្លងដែន និង​ឯកសារ​មួយចំនួនទៀត ដើម្បី​អាច​រក​ការងារ​បានធ្វើ​នៅ​ប្រទេស​ថៃ ត្រូវ​ចំណាយ​អស់​ប្រមាណ ២៤,០០០ បាត គិត​ជា​ប្រាក់​ខ្មែរ ប្រហែល​ជាង ៣​លាន​រៀល​។ នេះ​ជា​ព័ត៌មាន​ដែល​អ្នកស្រី រំដួល ទទួលបាន​ពី​ពលករ​ដូចគ្នា​ដែល​ធ្លាប់​បានធ្វើ ហើយ​ស្ត្រី​រូបនេះ​អះអាងថា​ខ្លួន​មិនមាន​លទ្ធភាព​ចំណាយ​ឡើយ​។​«​ខ្ញុំ​ប្រាប់​ត្រង់​ខ្ញុំ​មិនដែល​បានធ្វើ​លិខិតឆ្លងដែន​ទេ​។ ខ្ញុំ​ដឹងថា​ការ​ឆ្លងដែន​ខុសច្បាប់​វា​លំបាក​មែន ត្រូវ​តម្រួត​ចាប់ ត្រូវគេ​ធ្វើបាប ឬ​គេ​បាញ់ចោល​ក៏​វា​សម​មុខ ប៉ុន្តែ​ខ្ញុំ​ក្រ​ណាស់​មិនមាន​លទ្ធភាព​ធ្វើ​ទេ ខ្ញុំ​ក៏ត្រូវ​តែ​ធ្វើបែបនេះ​។ ពេលខ្លះ​ធ្វើបាន​ហើយ​ទៅ​ដល់ទី​នោះគេ​បោក​ទៀត គឺ​ត្រូវ​ជំពាក់​គេ​ច្រើន​។ បងប្អូន​របស់ខ្ញុំ​ដែល​ធ្វើលិខិត​ឆ្លងដែន​ទាំងអស់ ពេលខ្លះ​ចង់ទៅ​ធ្វើ​ការងារ​កសាង បែរជា​បាន​ទៅធ្វើ​ការងារ​ចុះទូក​ទៅវិញ ដូច្នេះ​ធ្វើ​ហើយ​ចោល​តែ​ប្រាក់​ហ្នឹងឯង​»​។ អ្នកស្រី រំដួល រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន​។​
 
​ប៉ុន្តែ​ទោះជា​យ៉ាងណា ស្ត្រី​កូន​មួយរូប​នេះ​មាន​ក្ដីបារម្ភ​មួយទៀត​៖«​ខ្ញុំ​ខ្លាច​ជំពាក់​គេ​ច្រើន មិនអាច​រកប្រាក់​មក​សង​គេ​វិញ​បាន​។ ខ្ញុំ​ទៅ​ទាំង​មិនមាន​សមត្ថភាព ទៅ​ទាំង​ផ្សង បើ​គេ​ល្អ​ក៏បាន​លុយ បើ​គេ​អាក្រក់​ក៏​មិនបាន​លុយ​។ ខ្ញុំ​ទើបតែ​ខ្ចីប្រាក់​គេ​ជាង​២​ម៉ឺន​បាត យកមក​ដាំដំឡូង​នៅ​ឆ្នាំនេះ ហើយ​ខ្ញុំ​មិនទាន់បាន​សង​គេ​ទេ​»​។​
 
​ចុះឡើង​ស្រុកថៃ ដូចជា​ចុះឡើង​ផ្ទះ​ខ្លួនឯង អ្នកស្រី រំដួល ស៊ូទ្រាំ​ធ្វើការ​ទាំង​ប្រថុយប្រថាន ដោយពេល​ខ្លះ​ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ​ក៏មាន ហើយ​អ្នកស្រី​ក៏​មិន​ហ៊ាន​តវ៉ា​ដែរ​។ ភ្នែក​សំឡឹង​មើលមុខ​កូនប្រុស​ដែល​អង្គុយ​នៅក្បែរ​ទាំង​ស្រងូត ស្ត្រី​ដែលមាន​តែ​ម្ដាយ ហើយ​ឪពុក​ស្លាប់ចោល​រូបនេះ បន្ថែម​ដូច្នេះ​៖«​ពេលខ្លះ​ខ្ញុំ​មិនមាន​លុយ​មក​ផ្ទះ​វិញ​ទេ​។ ខ្ញុំ​ទៅមកៗ ជួនកាល​ខ្ញុំ​ទៅបាន​មួយឆ្នាំ មាន​ការងារ​ស្រួល​ក៏​ខ្ញុំ​នៅបាន​យូរ ពេលខ្លះ​ការងារ​លំបាក​ពេក​ខ្ញុំ​ក៏​មិនមាន​លុយ​សល់​។ ទៅធ្វើ​ការខុសច្បាប់​បែបនេះ​ថៅកែ​មិនឱ្យ​ប្រាក់​ឈ្នួល​ថ្លៃ​ទេ ប៉ុន្តែ​ខ្ញុំ​នៅតែ​តស៊ូ​»​។​
 
​មាឌ​ធាត់​បន្តិច សម្បុរ​ស្រអែម អង្គុយ​ក្រោមផ្ទះ​ជាប់​សសរ ជិត​កូនប្រុស​របស់ខ្លួន អ្នកស្រី រុន រំដួល រៀបរាប់​ពី​ដំណើរ​ជីវិត​ឆ្លងដែន​ខុសច្បាប់​ទាំង​អួលដើមក ដោយ​សំដី​រដឺន​បែប​អ្នក​ស្រុកលើ​ថា​«​ខ្ញុំ​ក្រក្សត់​ណាស់​មិនមាន​អ្វី​ហូប ហើយ​ការធ្វើ​ស្រែចម្ការ​ក៏​មិនសូវមាន​។ ខ្ញុំ​ឆ្លងដែន​តាម​គេ ដើរ​គ្រប់​ទីកន្លែង បើ​ត្រូវ​ជាប់គុក​ច្រវាក់​ក៏​ជាប់​ទៅ​ចុះ​។ ខ្ញុំ​មិនមាន​ស្រែចម្ការ​ធ្វើ​ទេ ខ្ញុំ​ទៅ​ស៊ីឈ្នួល​ធ្វើការ​ឱ្យ​អ្នកស្រុក​បានតែ​១​ថ្ងៃ​ឬ​២​ថ្ងៃ​ក៏​មិន​សល់​លុយ ព្រោះ​គេ​ក៏​មិន​សម្បូរ​ការងារ​។ ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ធ្វើការ​ស្រុក​គេ​ទាំង​ប្ដី​និង​ប្រពន្ធ​។ កូន​ខ្ញុំ​ទុក​នឹង​ម៉ែ ហើយ​ម៉ែ​មិនមាន​ការងារ​អ្វី​ធ្វើ​ទេ ចាំតែ​កូន​ផ្ដល់​លុយ​ឱ្យ​។ កន្លះ​ខែ​ខ្ញុំ​ផ្ញើឱ្យ​ម៉ែ​១​ពាន់​បាត ហើយ​គាត់​មើល​ចៅ​៤​ទៅ​៥​នាក់​។ អស់ប្រាក់​របស់ខ្ញុំ គាត់​ចាយរ​បស់បង អស់រ​បស់បង គាត់​ក៏​ចាយ​របស់​ប្អូន​»​។​
 
​មិនមាន​ចំណេះដឹង​ជ្រៅជ្រះ ដូច្នេះ​អ្នកស្រី រំដួល បាន​ត្រឹម​ធ្វើការ​ជា​កម្មករ​ដក​ដំឡូង​ឱ្យ​អ្នក​នៅក្នុង​ស្រុកភូមិ​ជាមួយ ប៉ុន្តែ​ទោះជា​យ៉ាងណា ប្រាក់​ដែល​រកបាន មិនអាច​ធ្វើឱ្យ​ជីវភាព​របស់​គ្រួសារ​អ្នកស្រី បាន​ប្រសើរ​ឡើយ ដូច្នេះ​ការ​ចំណាកស្រុក​គឺជា​ជម្រើស​ចុងក្រោយ​របស់​ស្ត្រី​វ័យ​២៧​ឆ្នាំ​រូបនេះ​។​«​នៅ​ស្រុក​នេះ​ខ្ញុំ​មិនដឹង​ទៅរក​អ្វី​បានទេ មានតែ​គេ​ជួល​ដក​ដំឡូង​មួយថ្ងៃ​បាន​២​រយ​បាត យកមក​ចាក់​សាំង​ម៉ូតូ ផង ចាក់​សាំង​គោយន្ត​ផង ណា​ម្ហូប​កូន គឺ​ចំណាយ​អស់​គ្មាន​សល់​ទេ​។ បើ​ខ្ញុំ​ទៅធ្វើ​ការ​នៅ​ថៃ ខ្ញុំ​អាច​សន្សំ​ប្រាក់​សល់​ខ្លះ​ផ្ញើមក​ផ្ទះ​»​។ នេះ​ជាការ​រៀបរាប់​របស់ អ្នកស្រី រំដួល​។​
 
​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​ប្ដី​និង​ប្រពន្ធ ដោយ​ទុក​កូនប្រុស​ឱ្យនៅ​ជាមួយ​ម្ដាយ​អាយុ​ជិត​៧០​ឆ្នាំ នារី​ពាក់​អាវយឺត​ពណ៌​ខ្មៅ​ដៃ​វែង ដែលមាន​ផ្ទៃមុខ​មូល​ក្រឡង​បង្កប់​នូវ​ទុក្ខព្រួយ​រូបនេះ ទៅធ្វើជា​កម្មករ​កាប់​អំពៅ​នៅ​ប្រទេស​ថៃ​។​ស្ត្រី​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​កាប់​អំពៅ​មិន​គិតថ្លៃ​ទេ គឺ​ម៉ៅ​យកតែ​ម្ដង ថ្ងៃ​ខ្លះ​ខ្ញុំ​រកបាន​ប្រាក់​៧​រយ​ទៅ​៨​រយ​បាត ហើយ​ប្ដី​រកបាន​ជាង​១​ពាន់​ឬ​២​ពាន់​បាត អាស្រ័យ​តាម​ថ្ងៃ​បាន​ឬ​មិនបាន​។ បើ​ថ្ងៃ​ដែល​រក​មិនបាន​វិញ មួយថ្ងៃ​បានតែ​៣​រយ​បាត ពីរ​នាក់​បាន​៦​រយ​បាត​។ ធ្វើការ​នៅ​ទីនោះ​គេ​មាន​កន្លែង​ឱ្យ​ស្នាក់ ជួនកាល​គេ​ទិញ​តង់​ឱ្យ​ស្នាក់នៅ​ក្នុងព្រៃ​»​។​
 
​ក្រោម​ហេតុផល​នៃ​សេចក្ដី​ទុក្ខវេទនា នៃ​ការធ្វើ​ទុក​បុក​ម្នេញ​ពី​ថៅកែ​ផង ដោយ​ការធ្វើដំណើរ​ប្រកបដោយ​គ្រោះថ្នាក់ ហើយ​ត្រូវ​គេច​ពី​តម្រួត​ថៃ​ខ្លះ​ផង​នោះ ស្ត្រី​ដែលមាន​បងប្អូន​៦​នាក់ ដែល​សុទ្ធតែ​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ រូបនេះ ផ្ដាំ​ទៅ​ប្រជាជន​ខ្មែរ កុំឱ្យ​លួច​ឆ្លង​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ដូចជា​ខ្លួន​។​«​ខ្ញុំ​ចង់​ប្រាប់​ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មាន​ប្រាក់​ក៏​សូម​ធ្វើលិខិត​ឆ្លងដែន​ឱ្យបាន​គ្រប់ៗ​គ្នា​កុំឱ្យ​ដូច​ខ្ញុំ​។ ខ្ញុំ​ទៅ​ថៃ​ទាំង​លំបាក ជួនកាល​គេ​បោក​ជួនកាល​ក៏​សល់​លុយ​។ អ្នកខ្លះ​ទ្រាំធ្វើការ​មិនបាន​ក៏​រត់មកវិញ​ជួប​គ្រោះថ្នាក់​ស្លាប់​ក៏មាន​។ ព្រោះតែ​ខ្ញុំ​ក្រ​ពេក​ទើប​ខ្ញុំ​ទៅ​ទាំង​ផ្សងព្រេង​»​។ នេះ​ជា​ខ្សែជីវិត​របស់​ស្ត្រី​ចំណាកស្រុក​ខាងលើ​៕
 
 
 

Tag:
 ឧ​ត្ត​រ​មានជ័យ​
  ​រុន រំដួល​
  ឆ្លងដែន​
  ការងារ​
  ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com