UN ប្រចាំកម្ពុជា ប្រកាសរួមដៃជាមួយរដ្ឋាភិបាលកម្ពុជា «កែលម្អស្តង់ដារសំណង់ឲ្យមានសុវត្ថិភាព»
ជាតិ
សង្គមជាតិ
UN ប្រចាំកម្ពុជា ប្រកាសរួមដៃជាមួយរដ្ឋាភិបាលកម្ពុជា «កែលម្អស្តង់ដារសំណង់ឲ្យមានសុវត្ថិភាព»
05, Jan 2020 , 12:06 am        
រូបភាព
ដោយ: ថ្មីៗ
ស្ថាប័នអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុក សម្តែងការសោកស្តាយ និងចូលរួមរំលែងទុក្ខជាមួយជនរងគ្រោះ ក្នុងឧបទ្ទវហេតុនៃការបាក់រលំអគារកម្ពស់៦ជាន់នៅក្រុងកែប។ លើសពីនេះ អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានជូនពរឲ្យអ្នកនៅមានជីវិតឆាប់ជាសះស្បើយ។



ទទ្ទឹមជាមួយនឹងការចូលរួមរំលែកទុក្ខនិងការជូនពរ អង្គការសហប្រជាតិប្រចាំកម្ពុជា ក៏បានបង្ហាញឆន្ទៈក្នុងការជួយរដ្ឋាភិបាល លើការពង្រឹងវិស័យសំណង់នៅកម្ពុជាផងដែរ។ តាមរយៈសារលើទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសរសេរដូច្នេះថា៖«ប្រព័ន្ធ (ស្ថាប័នពាក់ព័ន្ធនានា) របស់អង្គការសហប្រជាជាតិ ត្រៀមខ្លួនធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូទាំងអស់ ដើម្បីកែលម្អស្តង់ដារសំណង់ដែលប្រកបដោយសុវត្ថិភាព»។

មានស្ថានទូត៣ហើយ រួមមាន ស្ថានទូតអាមេរិក ស្ថានទូតអូស្រ្តាលី និង ស្ថានទូតចិន បានចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះ ពីការបាក់រលំអគារនេះ។ សាររំលែកទុក្ខរបស់ស្ថានទូតទាំងនោះ សុទ្ធតែធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុក។

គិតត្រឹមម៉ោង១០កន្លះយប់ ថ្ងៃទី៤ ខែមករា ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះ៣០នាក់ហើយ ដោយស្លាប់៨នាក់។ អ្នកនៅរស់ មានស្រី៧នាក់ ហើយអ្នកស្លាប់ មានស្រី៦នាក់។ ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តស្វែងរកជនរងគ្រោះផ្សេងទៀត នៅក្នុងគំនរអគារ។ 

អគារកម្ពស់៦ជាន់នេះ បានបាក់រលំនៅល្ងាចថ្ងៃទី៣ ខែមករា ខណៈសាងសង់រួចបាន៩០ភាគរយទៅហើយ។ លោក ឯក សារុន និង ភរិយា ដែលជាម្ចាស់សំណង់នេះ ត្រូវចាប់ខ្លួន យកទៅសាកសួរ៕ 

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com