ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់ការបំពុលខ្យល់ លើប្រើប្រាស់ប្រេងឥន្ធនៈ យានយន្ត និងការដ្ឋានសំណង់ 
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
×![]()
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានពិនិត្យលើ គុណភាពខ្យល់សាធារណៈនៅតាមទីប្រជុំជនធំៗឃើញថា កំហាប់ភាគល្អិតនិចលមានវិជ្ឈមាត្រតូចជាង២,៥មីក្រូម៉ែត្រ(PM២,៥) មានការកើនឡើងក្នុងកម្រិតអាចបង្កហានិភ័យដល់សុខភាពសាធារណៈនិងគុណភាពបិរស្ថាន។ កន្លងមកកម្ពុជាមានការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបំពុលខ្យល់ ប៉ុន្តែនៅមានកម្រិតនិងមិនទាន់ឆ្លើយតបនៅឡើយ។ ដើម្បីគ្រប់គ្រង់ទីតាំងប្រភពបំពុលខ្យល់ រដ្ឋាភិបាលបានចេញសារាចរស្ដីពីវិធានការមួយចំនួន សម្រាប់ណែនាំដល់ក្រសួងនិងរដ្ឋបាលថ្នាក់ក្រោមជាតិជាការអនុវត្តវិធាន លើប្រភពដែលបង្កហេតុមួយចំនួន ដូចជាការដ្ឋានសំណង់ ប្រេងឥន្ធនៈ និងយានយន្តជាដើម។
បើតាមសារាចរស្ដីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សារធារណៈរបស់រាជរដ្ឋាភិបាលចេញថ្ងៃទី២ មករា ឆ្នាំ២០២០ គឺត្រូវពង្រឹងកាគ្រប់គ្រងការហុយធូលី ដោយគ្របយានយន្តលើការដឹកជញ្ជូនគ្រួស ខ្យាច់ ថ្ម ស៊ីម៉ង់ត៍ ឬបរិក្ខារសំណង់ផ្សេងៗ លាងសម្អាតកង់រថយន្ត និងបំពាក់ឧបករណ៍បាញ់ចំហាយទឹកជាដើម។ ជាមួយគ្នាដែរ មន្ត្រីពាក់ព័ន្ធត្រូវពង្រឹងការចុះត្រួតពិនិត្យនិងអប់រំណែនាំដល់ម្ចាស់ការដ្ឋានសំណង់ទាំងអស់។
ចំណែកការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈ ដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ដោយលើកកម្ពស់ការអនុវត្តកម្រិតស្ដង់ដាចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២០ អនុវត្តស្តង់ដាកម្រិតស្ពាន់ធ័រក្នុងប្រេងឥន្ធនៈប្រភេទ៣(EURO III)។ ដើមឆ្នាំ២០២១ អនុវត្តស្តង់ដាកម្រិតស្ពាន់ធ័រក្នុងប្រេងឥន្ធនៈប្រភេទ៤(EURO IV) និងឆ្នាំ២០២៤ អនុវត្តស្តង់ដាកម្រិតស្ពាន់ធ័រក្នុងប្រេងឥន្ធនៈប្រភេទ៥(EURO V)។ ទន្ទឹមនឹងនេះ គ្រប់ស្ថាននីយប្រេងឥន្ធនៈទាំងអស់ ត្រូវជំរុញឲ្យដាក់ស្លាកសញ្ញាសម្គាល់ប្រភេទប្រេងឥន្ធនៈ ដើម្បីដឹងពីគុណភាព។
ចំពោះការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត គឺត្រូវលើកកម្ពស់ការអនុវត្តស្តង់ដានៃការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត ដោយកំណត់ប្រភេទរថយន្តទេសចរណ៍ នៅឆ្នាំ២០២២ ទាំងថ្មីនិងប្រើរួច ដែលនាំចូលកម្ពុជាត្រូវតាមស្តង់ដាEURO IV និងឆ្នាំ២០២៧តាមស្តង់ដាEURO V។ រីឯ ប្រភេទទោចក្រយានយន្តនិងត្រីចក្រយានយន្ត នៅឆ្នាំ២០២៣ ទាំងថ្មីនិងប្រើរួច ដែលផលិតនិងនាំចូល ត្រូវអនុលោមតាមស្ដង់ដាEURO III។ ក្រៅពីនេះ មន្ត្រីពាក់ព័ន្ធត្រូវ ពង្រឹងការគ្រប់គ្រងចរាចរណ៍រាជធានី ខេត្ត ក្រុង តាមការបង្កើនប្រសិទ្ធភាពមុខងារ ការរៀបចំប្លង់ទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍។
ពាក់ព័ន្ធនឹង ការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សារធារណៈរបស់រាជរដ្ឋាភិបាល គឺចាត់វិធានការពង្រឹងបន្ថែមលើ ការគ្រប់គ្រងការដុតសំណល់នៅទីចំហ ការកែលម្អការគ្រប់គ្រងនិងធ្វើឲ្យប្រសើរឡើងបរិស្ថានទីប្រជុំជន ការបង្កើតប្រព័ន្ធតាមដាននិងព្យាករណ៍ការបំពុលខ្យល់៕
© រក្សាសិទ្ធិដោយ thmeythmey.com