អន្តរជាតិ
បច្ចេកវិទ្យា
តើអ្នកដែលដឹងអំពីអន្ទង់ឆក់ដែរឬទេ? តើពួកវាបង្កើតអគ្គិសនីដោយដូចម្តេច?
× នៅក្នុងលំហនៃជម្រៅសមុទ្រទាំងឡាយរបស់ភពផែនដី មានរឿងរ៉ាវជាច្រើនដែលមនុស្សមិនដែលដឹង មិនទាន់បានដឹង ឬមិនទាន់បានបកស្រាយវាឲ្យបានច្បាស់លាស់។ ជាមួយនឹងសណ្ឋានដីដ៏ស្មុគស្មាញ និងជម្រៅដ៏ជ្រៅ ភាវៈរស់ជាច្រើនប្រភេទបានវិវត្តមកជាមួយនឹងលក្ខខណ្ខពិសេសប្លែកៗពីគ្នា ក្នុងការជួយពួកវាឲ្យរស់នៅបានក្នុងកាលៈទេសៈទាំងនោះ។ ក្នុងនោះមានសត្វមួយក្រុមដែលមនុស្សបានដឹងខ្លះៗអំពីពួកវា។ គេហៅវាថា«អន្ទង់ឆក់»ឬ«Electric Eels»ជាភាសាអង់គ្លេស។ ជាពិសេសនៅក្នុងគំនូរជីវចល គេបានរៀបរាប់វាជាសត្វដែលមានថាមពលពិសេសក្នុងការបង្កើតចរន្តអគ្គីសនីឡើង ក្នុងការការពារខ្លួន និងចាប់ចំណី។ តើហេតុអ្វីបានជាអន្ទង់ឆក់អាចបង្កើតអគ្គីសនីបាន? តើនៅពេលបង្កើត ហេតុអ្វីបានជាវាមិនឆក់ខ្លួនឯង?
នៅក្នុងធម្មជាតិ អ្នកជំនាញជាច្រើនបានរកឃើញប្រមាណជាជិត៣៥០ប្រភេទនៃត្រី ដែលអាចបង្កើត និងស្ទង់ចរន្ទអគ្គីសនីបាន។ នេះបើតាមការបកស្រាយរបស់វីឌីអូនៃគេហទំព័រចំណេះដឹងទូទៅ Ted-Ed និងគេហទំព័រវិទ្យាសាស្ត្រ Scientific American ។ គេក៏ចែកពួកវាជាពីរក្រុមផងដែរ ដែលទីមួយគឺពពួក«អគ្គីសនីខ្សោយ»ឬ«Weakly Electric» និងក្រុមទីពីរគឺពពួក«អគ្គីសនីខ្លាំង»ឬ«Strongly Electric»។ ពួកវាប្រើប្រាស់សកម្មភាពនៃអគ្គីសនីទាំងនេះក្នុងហេតុផលមួយចំនួន។ ដំបូងនៅក្នុងការពិនិត្យមើលអំពីបរិវេណជុំវិញខ្លួន ប្រាស្រ័យទាក់ទង និងពេលមួយចំនួនខ្លះទៀត ឆក់សត្វដទៃឲ្យនៅស្ងៀមបាន។
មូលហេតុដែលធ្វើឲ្យពពួកសត្វនេះអាចផលិតអគ្គីសនីបានគឺដោយសារតែសរីរាង្គពិសេសម្យ៉ាងដែលគេដាក់ឈ្មោះថា«សរីរាង្គអគ្គីសនី»ឬ«Electric Organ»។ សរីរាង្គមួយនេះ ដែលពេលខ្លះមានវត្តមាននៅសឹងតែគ្រប់ផ្នែកនៃខ្លួនប្រាណពួកវា ហើយផ្ទុកកោសិកាពិសេសម្យ៉ាងទៀតហៅថា«Electrocytes»។ វាមានរាងដូចជាបន្ទះសំប៉ែតជារង្វង់នៅជាប់ៗគ្នា ក្នុងចំនួនមួយច្រើន និងគ្រប់គ្រងដោយប្រព័ន្ធណឺរ៉ូន នៃខួរក្បាលរបស់សត្វត្រីទាំងនោះ។ កោសិកា Electrocytes នីមួយៗមានសមត្ថភាពក្នុងការបញ្ចេញ និងបញ្ចូលម៉ូលេគុលនៃសារធាតុគីមី ដែលមានបន្ទុកអគ្គីសនីផ្ទុយគ្នា។ និយាយឲ្យខ្លី កោសិកាទាំងនេះអាចគ្រប់គ្រងចរន្តនៃបន្ទុក
ខុសៗគ្នា ពោលគឺនៅក្នុងកោសិកា និងនៅផ្នែកសំបកខាងក្រៅកោសិកា។ ភាពផ្ទុយនៃបន្ទុកនេះហើយដែលបង្កើតឲ្យមានចរន្តអគ្គីសនី ស្រដៀងគ្នាជាមួយនឹងថ្មពិលដែលគេដាក់ក្រុមជាប់ៗគ្នា
ដែរ។
ចុះហេតុអ្វីបានជាវាមិនឆក់ខ្លួនឯង? សម្រាប់សំណួរមួយនេះ គេមិនមានចម្លើយឲ្យពិតប្រាដកនោះទេ។ វានៅតែជារឿងមួយដែលគេមិនអាចទាន់ដឹង។ តែការប៉ាន់ស្មានមួយចំនួនបានបកស្រាយថា វាអាចមកពីខ្លួនប្រាណរបស់ខ្លួនវាមានទំហំធំគួរសម រហូតដល់វាមិនអាចឆក់ខ្លួនឯងបាន ពីព្រោះថា សត្វទាំងនេះជាទូទៅឆក់ត្រីដទៃដែលមានមាឌតូចៗជាង។ ម្យ៉ាងវិញទៀត ចរន្តអគ្គីសនីដែលវាបញ្ចេញមានភាពរហ័យពេក។ ឯមតិខ្លះទៀតបាននិយាយថា ពួកវាមានប្រូតេអ៊ីនពិសេសម្យ៉ាងដែលអាចការពារគ្រឿងក្នុងពីចរន្ទអគ្គីសនីបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com