អន្តរជាតិ
នយោបាយអន្តរជាតិ
ឥណ្ឌូណេស៊ី បញ្ជាឲ្យកងទ័ពប្រុងជើងការ ក្រោយនាវាល្បាតចិន ឆ្លងហួសអធិបតេយ្យខ្លួន
× រដ្ឋាភិបាលក្រុងហ្សាការតា បានដាក់ឲ្យមានការប្រុងប្រៀប និងប្រយ័ត្នខ្ពស់សម្រាប់កងទ័ពរបស់ខ្លួន ដែលកំពុងតែឈរជើងនៅប្រជុំកោះ ណាទុណា (Natuna archipelago) ដែលជាផ្នែកមួយនៃសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍ប្រុងជើងការរបស់ក្រុងហ្សាការតា ធ្វើឡើងបន្ទាប់ពីមានករណីនាវាល្បាតរបស់ក្រុងប៉េកាំង ចូលទៅក្នុងដែនអធិបតេយ្យរបស់ឥណ្ឌូណេស៊ី ដែលជាចំណុចធ្លាប់មានវិវាទរវាងចិន និងឥណ្ឌូណេស៊ីស្រាប់ផង។
តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃ៣ មករា កន្លងទៅ អ្នកនាំពាក្យកងទ័ពឥណ្ឌូណេស៊ី លោកឧត្តមសេនីយ៍ Sisriadi បានឲ្យដឹងថា កងទ័ពជើងទឹក និងកងទ័ពអាកាស ត្រូវបានដាក់ពង្រាយ និងបានបំពាក់អាវុធ និងដាក់បញ្ជាឲ្យមានការប្រុងជើងការរួចជាស្រេចហើយនៅប្រជុំកោះណាទុណា។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា កងកម្លាំងរបស់ឥណ្ឌូណេស៊ី មានសមត្ថភាពគ្រប់គ្រាន់ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រង និងឆ្លើយតបរាល់ស្ថានការណ៍ ក្នុងករណី ដែលអាចឈានដល់ការប៉ះទង្គិចគ្នាជាមួយនឹងកងនាវារបស់ចិន។ នេះបើយោងតាមតាមប្រភពព័ត៌មានដដែលនោះ។
ជាមួយគ្នានេះ ដើម្បីធានាថា នឹងមិនមាននាវាមកពីចិន ចូលហួសក្នុងដែនអធិបតេយ្យរបស់ឥណ្ឌូណេស៊ីនោះ អ្នកនាំពាក្យរូបនេះ បានអះអាងថា បញ្ជាការដ្ឋានកងទ័ពឥណ្ឌូណេស៊ី បានបំពាក់ប្រព័ន្ធស៊ើបការណ៍ និងការជូនដំណឹងជាមុន។ ហើយដើម្បីឲ្យកាន់តែរឹងមាំនោះ នាពេលខាងមុខនេះ ឥណ្ឌូណេស៊ី ក៏នឹងដាក់ដំណើរការមជ្ឈមណ្ឌលព័ត៌មានដែនសមុទ្រមួយ ដែលមានមុខងារកំណត់រាល់សកម្មភាពរបស់នាវាទាំងឡាយ ដែលបំពានព្រំដែនរបស់ឥណ្ឌូណេស៊ី។
ជុំវិញស្ថានភាពសន្តិសុខលើប្រជុំកោះណាទុណានេះដែរ រដ្ឋមន្ត្រីពាក់ព័ន្ធឥណ្ឌូណេស៊ី ក៏បានជួបប្រជុំពិភាក្សាគ្នាផងដែរ។ ក្នុងនោះ លោកស្រីរដ្ឋមន្ត្រីការបរទេស Retno Marsudi បានបញ្ជាក់ច្បាស់ថា នាវារបស់ចិន បានបំពានព្រំដែនដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដ៏មានសក្តានុពលរបស់ឥណ្ឌូណេស៊ី។ លោកស្រី អះអាងថា ឥណ្ឌូណេស៊ី មិនដែលទទួលស្គាល់ការទាមទារតាមផែនទីប្រាំបួនត្រេរបស់ចិនឡើយ។
គួរជម្រាបថា តំបន់ប្រជុំកោះ និងសមុទ្រណាទុណា គឺជាផ្នែកមួយនៃសមុទ្រចិនខាងត្បូងផងដែរ។ ចិន កន្លងមក បានអះអាងថា ខ្លួនមានសិទ្ធិគ្រប់គ្រងនៅតំបន់នោះដែរ ដោយយោងតាមផែនទីគំនូសប្រាំបួនត្រេ ខណៈឥណ្ឌូណេស៊ី ដែលមានទាំងកងទ័ពឈរជើងនៅទីនោះស្រាប់ បានអះអាងថា ណាទុណា គឺជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ស្របតាមច្បាប់សមុទ្រអន្តរជាតិ។
តាមពិតទៅ នេះ មិនមែនជាលើកទីមួយនោះទេ ដែលឥណ្ឌូណេស៊ី និងចិន មានការប្រឈមមុខគ្នាបែបនេះ។ ក្រោយពីមានការប្រឈមមុខគ្នាលើតំបន់នេះក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយមកនេ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្តេជ្ញាមិនឲ្យបាត់បង់ទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែតឡើយ។ ឥណ្ឌូណេស៊ី បានសន្យាប្រើប្រាស់គ្រប់មធ្យោបាយទាំងការទូត និងកងទ័ពដើម្បីធានាពីសុវត្ថិភាពប្រទេសរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com