អន្តរជាតិ
រដ្ឋសភា​អាមេរិក នឹង​បោះឆ្នោត​សេចក្តីសម្រេច​កំណត់​អំណាច​ធ្វើ​សង្គ្រាមលោក ត្រាំ​
06, Jan 2020 , 10:19 pm        
រូបភាព
លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាមេរិក (AFP)
លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាមេរិក (AFP)
ដោយ:
​សភា​តំណាង​របស់​អាមេរិក នឹង​បោះឆ្នោត​លើ​សេចក្តីសម្រេច​អំណាច​សង្គ្រាម​មួយ​ក្នុង​សប្តាហ៍​នេះ​ក្នុង​គោលដៅ​កំណត់​សកម្មភាព​យោធា​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ចំពោះមុខ​កំណើន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​តំណាង​អាមេរិក នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមករា ។​

 
​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ លោកស្រី ផេ​ឡូ​ស៊ី បញ្ជាក់ថា សេចក្តីសម្រេច​នេះ អះអាង​ជាថ្មី​នូវ​ទំនួល​ខុសត្រូវ​លើ​ការត្រួតពិនិត្យ​ដែល​បាន​បង្កើត​ឡើងជា​យូរ​មកហើយ​។ លោកស្រី​សង្កត់ធ្ងន់ថា ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ណាមួយ​ពី​រដ្ឋសភា​អាមេរិក​ទេនោះ អរិភាព​ផ្នែក​យោធារ​របស់​រដ្ឋបាល​លោក ត្រាំ ពាក់ព័ន្ធ​រឿង​អ៊ីរ៉ង់ នឹង​បញ្ចប់​ក្នុង​រយៈពេល ៣០ ថ្ងៃ ។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកស្រី​ប្រធាន បញ្ជាក់ទៀតថា សេចក្តីសម្រេច​នេះ គឺ​ស្រដៀង​នឹង​សេចក្តីសម្រេច​មួយ​ដែល​ដាក់ចេញ​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក Tim Kaine ក្នុង​ព្រឹទ្ធសភា​។ 
 
​កាលពី​ថ្ងៃ​សុក្រ ៣ មករា សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​ប្រជាធិបតេយ្យ Tim Kaine បានដាក់​ចេញ​សេចក្តីសម្រេច​មួយ ដើម្បី​បង្កើត​ការតស៊ូ​មតិ និង​បោះឆ្នោត ក្នុង​រដ្ឋសភា ជាមួយ​គោលដៅ​បង្ការ​ការរីក​រាលដាល​នៃ​ភាព​តានតឹង​ខ្លាំង​បន្ថែមទៀត​ជាមួយ​អ៊ីរ៉ង់​។ 
 
​ខណៈ​សេចក្តីសម្រេច​នេះ​អាច​ឈ្នះ​ការអនុម័ត​ក្នុង​សភា​តំណាង​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​សមាជិក​បក្ស​ប្រជាធិបតេយ្យ វាសនា​របស់​វា​ក្នុង​ព្រឹទ្ធសភា​ដែល​កាន់កាប់​ដោយ​សមាជិក​បក្ស​សាធារណរដ្ឋ ពុំមាន​ភាពច្បាស់​ប្រជា​ឡើយ​។ 
 
​សមាជិក​បក្ស​ប្រជាធិបតេយ្យ​អាមេរិក បាន​រិះគន់ថា លោក​ប្រធាន​ធិបតី ដូ​ណា​ល់ ត្រាំ ពុំបាន​ផ្តល់ដំណឹង​ដល់​រដ្ឋសភា ឬ​ស្នើសុំ​ការអនុម័ត​ជាមុនសិន មុនពេល​បើក​ប្រតិបត្តិការ​វាយប្រហារ​តាម​ដែនអាកាស​លើ​ព្រលានយន្តហោះ​ក្រុង បា​កដាដ ដែល​បានសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់​អ៊ីរ៉ង់ ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani ។ 
 
​ការស្លាប់​របស់​បងធំ​ទី​ពីរ បន្ទាប់ពី​ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ Ali Khamenei នេះ បាន​បង្ក​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​តេ​ហេ​រ៉ង់ ដែល​តានតឹង​ស្រាប់ ធ្លាក់​ចូលក្នុង​ស្ថានការណ៍​អាក្រក់​ខ្លាំង​ថែមទៀត ហើយក៏​បញ្ឆេះ​កង្វល់​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​។​
 
​ទន្ទឹមនេះ សភា​អ៊ីរ៉ាក់ កាលពី​ថ្ងៃអាទិត្យ បានអនុម័ត​សេចក្តីសម្រេច​មួយ​ដោយ​ទាមទារ​ឲ្យ​បណ្ដេញ​កងទ័ព​បរទេស ដែល​ក្នុងនោះ មាន​ទ័ព​អាមេរិក​ប្រមាណ ៥២០០ នាក់ ពី​ទឹកដី​អ៊ីរ៉ាក់​។ ជាការ​ឆ្លើយតប លោក ត្រាំ បាន​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com