អន្តរជាតិ
ទីក្រុង​ហ្សា​ការ​តា នឹង​ហាមឃាត់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ក្នុងពេល​ឆាប់ៗ​ខាងមុខ​
08, Jan 2020 , 8:29 am        
រូបភាព
ថង់ប្លាស្ទិក ដែលត្រូវបានគេដាក់នៅតាមហាងលក់ទំនិញ។ រូបភាព៖ Shutterstock
ថង់ប្លាស្ទិក ដែលត្រូវបានគេដាក់នៅតាមហាងលក់ទំនិញ។ រូបភាព៖ Shutterstock
​រដ្ឋធានី​ហ្សា​ការ​តា នឹងត្រូវ​ដាក់​បំរាម​ឲ្យ​ប្រជាជន​របស់ខ្លួន​ឈប់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ក្នុង​រយៈពេល ៦​ខែ​ទៀត​។ បំរាម​នេះ នឹង​អនុវត្ត​ទៅតាម​ហាង​លក់ទំនិញ ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា​។ ការអនុវត្ត​របស់​ឥណ្ឌូណេស៊ី​ក្នុង​ពេលនេះ គឺធ្វើឡើង​ស្របពេល​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ ចាប់ផ្តើម​ហាមឃាត់​ប្រជាជន​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។


 
​ចាប់តាំងពី​ឆ្នាំ​២០២០​មក រដ្ឋាភិបាល​ប្រទេស​នីមួយៗ​នៅក្នុង​តំបន់​អាស៊ី ចាប់ផ្តើម​ដាក់​វិធានការ​ហាមឃាត់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​ក្នុងប្រទេស​ក្នុងនោះ​រួមមាន​ថៃ និង​បង់​ក្លា​ដែ​ស​ជាដើម​។ បំរាម​នេះ គឺធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ហួសប្រមាណ និង​ប្រឆាំងនឹង​សកម្មភាព​ចាក់សំរាម​ចូលទៅក្នុង​សមុទ្រ​។ 
 
​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​តែមួយ​លើក​ហើយ​បោះចោល អភិបាលក្រុង​ហ្សា​ការ​តា បាន​ចុះហត្ថលេខា​លើ​លិខិតបទដ្ឋាន​គតិ​យុទ្ធ​មួយ​( gubernatorial decree) ដែល​តម្រូវ​ឲ្យ​ប្រជាជន​នៅក្នុង​ទីក្រុង​ទាំងអស់​ចូលរួម​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក តាមរយៈ​ការប្រើប្រាស់​ថង់ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​(Eco-friendly)​។ ប៉ុន្តែ​យ៉ាងណា ក៏មាន​ករណី​លើកលែង​ផងដែរ​។ ក្នុងនោះ​ហាង អាច​ប្រើ​ថង់​ប្លា​សិ្ទ​ក ដើម្បី​ដាក់​អាហារ ដែល​មិនបាន​វិច​ខ្ចប់​មក​ស្រាប់​។ 
 
​តាមរយៈ​ច្បាប់​មួយ​នេះ គឺ​តម្រូវ​ឲ្យ​អនុវត្ត​ទៅលើ​ហាង​ទំនិញ​ធំ ផ្សារ​ទំនើប និង​ផ្សារ​មាន​លក្ខណៈ​បុរាណ​។​ប្រសិនបើ​ម្ចាស់​ហាង​លក់ទំនិញ និង​អ្នកលក់ បំពាន​លើ​ច្បាប់​មួយ​នេះ អ្នក​ទាំងនោះ​ត្រូវ​ទទួល​លិខិត​ព្រមាន និង​ពិន័យ​ជា​ប្រាក់​ជាដើម​។ ក្នុងករណី​ធ្ងន់ធ្ងរ ហាង​លក់ទំនិញ​ទាំងនោះ ត្រូវ​ផ្អាក​ការលក់​បណ្តោះអាសន្ន ឬ​បិទ​តែម្តង​។ ផ្ទុយ​មកវិញ​ចំពោះ​អ្នក​គោរព​បាន​ត្រឹមត្រូវ ម្ចាស់​ហាង​នឹង​ទទួលបាន​ការលើកទឹកចិត្ត ក្នុង​ទម្រង់ការ​លើកលែង​ពន្ធ ឬ​ការ​បង្វិល​លុយ​ពន្ធ​ត្រលប់​មកវិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។ 
 
​លិខិតបទដ្ឋាន​គតិ​យុទ្ធ​ខាងលើ ត្រូវបាន​ចុះហត្ថលេខា​តាំងពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​មក​ម្លេះ ហើយ​វា​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៦​ខែ​ទៀត​។ ជាការ​ពិត រដ្ឋាភិបាល​ឥណ្ឌូណេស៊ី មានបំណង​យកពន្ធ​លើ​ថង់​ប្លា​ស្ទិ​ក​ដែរ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​រដ្ឋសភា ពន្យារ​ទៅ​ពេល​ក្រោយ ព្រោះ​បញ្ហា​នេះ ត្រូវការ​ពេល​ច្រើន​ដើម្បី​ពិភាក្សា​។ 
 
​សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដែល​បាន​ចាក់សំរាម​ប្លា​ស្ទិ​ក​ចូលទៅក្នុង​សមុទ្រ​លំដាប់​ទី​ពី​រលើ​ពិភពលោក​។ ពោលគឺ​មាន​ថង់​ប្លា​ស្ទិ​ក​ចំនួន ៩,៨៥​ពាន់​លាន​ថង់ ដែល​ឥណ្ឌូណេស៊ី​បាន​បោះ​ចូលទៅក្នុង​សមុទ្រ​ជា​រៀងរាល់ឆ្នាំ​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី Sri Mulyani Indrawati នា​ខែកក្កដា ឆ្នាំ​២០១៩៕

Tag:
 ឥណ្ឌូណេស៊ី​
  ថង់​ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com