ជាតិ
សេដ្ឋកិច្ច
ក្រសួងសាធារណការ រកចំណូលបាន ជិត១២លានដុលា្លរ ក្នុងឆ្នាំ២០១៩ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង នាថ្ងៃទី៨មករា។
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រកប្រាក់ចំណូលសម្រាប់រដ្ឋបានជាង៤៨,៥ពាន់លានរៀល(ប្រមាណ១១,៨៩លានដុល្លារ) ក្នុងឆ្នាំ២០១៩ ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងរបាយការណ៍ដដែលនេះ ក៏រៀបរាប់ពីប្រភពចំណូលផ្សេងទៀតៗរបស់ក្រសួងសាធារណការផងដែរ។ក្រសួង បានរកចំណូលច្រើនជាងគេ គឺការលក់លេខចុះបញ្ជីយានយន្ត មានប្រមាណ១,៥លានដុល្លារ និងការពិន័យ ការដាក់ទណ្ឌកម្មពិន័យ មានជាង១,៣លានដុលា្លរ។ ក្រៅពីនេះ ក៏មានប្រភពចំណូលពីប្រាក់ចំណេញរបស់សហគ្រាសសាធារណៈ មាន១,១លានដុលា្លរ, ចំណូលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន មានជាង៣៥ម៉ឺនដុលា្លរ, ចំណូលពីការចុះយានយន្ត និងជលយាន មាន១០ម៉ឺនដុល្លារ, ចំណូលពីការផ្តល់ប័ណ្ណបើកបរគ្រប់ប្រភេទ មានជាង៨ម៉ឺនដុល្លារ និងចំណូលបានពីការជួលសម្ភារបរិក្ខារ មធ្យាបាយដឹកជញ្ជូន និងគ្រឿងចក្រមាន៤,៨ម៉ឺនដុល្លារ។
ក្រសួងសាធារណការ ក៏ទទួលបានចំណូលប្រចាំឆ្នាំ២០១៩កន្លងមកនេះ ពីផលពីការបង្កើតសហគ្រាសជិត៤២ម៉ឺនដុល្លារ, ចំណូលពីការជួលដី និងអាគារ ជាង២០ម៉ឺនដុល្លារ, ចំណូលពីផលផ្សេងៗ និងផលពិសេសមានជាង៦,២លានដុល្លារ និងប្រាក់ចំណូលបានពីបដិភាគក្នុងនិងក្រៅប្រទេសមាន ២លានដុល្លារ ផងដែរ។ នេះបើតាមរបាយការណ៍ក្រសួង៕
Tag:
ចំណូលជាតិ
ដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com