យុវជន​ខ្លះ​ក្រ តែ​ហ៊ាន​និយាយ​ពាក្យ Work-life balance
ពីនេះ ពីនោះ / មិនយល់...!
យុវជន​ខ្លះ​ក្រ តែ​ហ៊ាន​និយាយ​ពាក្យ Work-life balance
09, Jan 2020 , 4:01 pm        
រូបភាព
ដោយ: ថ្មីៗ
«​ជីវិត​ខ្លី​ណាស់ យើង​ត្រូវ​ធ្វើឱ្យ​ជីវិត​យើង​សប្បាយ​។ ធ្វើការ​ល្មមៗ​បាន​ហើយ​»​។ នេះ​ជា​គំនិត​យល់ឃើញ​របស់​យុវជន​មួយចំនួន​។ គំនិត​បែបនេះ​ក៏​កំពុង​ក្លាយជា​និន្នាការ​នៃ​ការគិត​របស់​យុវជន​កាន់តែច្រើន​ដែរ​។ និយាយ​ដល់​រឿងនេះ សុធីរ និង​សំណាង មួម៉ៅ ផឹក​កាហ្វេ​ឡើង​ចត់​។​

 
​សំណាង​៖ Life is short. You have to enjoy yourself ។ ចុះបើ​ជីវិត​ខ្លី ម៉េច​ក៏​ពួកវា​មិន​គិត​ប្រឹង​ធ្វើ​អ្វី​ឱ្យមាន​ប្រយោជន៍ ជាង​អា​ធ្វើការ​លំៗ ច្បោលៗ នាំឱ្យ​តែ​គេ​ឃ្នើសចិត្ត​?
 
​សុធីរ​៖ អញ​ទើស​ដូច​អ្ហែង​ដែរ​។ ហើយ​អញ​កាន់តែ​ក្នាញ់ក្នុងចិត្ត​ទៀត ពេល​ឃើញ​យុវជន​មួយចំនួន​ក្រ មិនសូវមាន​លុយ រៀន​ទើប​ចប់​មិនទាន់​ធ្វើការ​ងារ​អី​ជា​ដុំកំភួន​ផង វា​និយាយ​ពី​តុល្យភាព​ជីវិត​និង​ការងារ​ស្អី​វា​នោះ​។ អត់លុយ​ហើយ អត់​ចង់​ធ្វើការ​។ អត់​ចង់​ធ្វើការ តែ​ចង់បាន​លុយ​។ អញ​មិន​យល់​របៀប​គិត​របស់​ពួកវា​សោះ​។​
 
​សំណាង​៖ អញ​ថា ស្រុក​យើង​សម្បូរ​អ្នក​និយាយ តែ​ខ្វះ​ការពិភាក្សា​។ យុវជន​យើង​ខ្វះ​ការ​លត់​ដំ​ផ្នែក​គំនិត មិនសូវមាន​ការបង្រៀន​របៀប​គិតពិចារណា​។ ពាក្យ​តុល្យភាព​ជីវិត​និង​ការងារ​នេះ គេ​និយាយ​តែ​ចំពោះ​មនុស្ស​ចាស់ ឬ​មនុស្ស​ដែល​បានធ្វើការ​រាប់សិប​ឆ្នាំ​មកហើយ ហើយ​បាន​បង្កើត​ប្រយោជន៍ សមិទ្ធផល​ច្រើន​រាប់មិនអស់​។ ហើយ​ដល់ពេល​មួយ គេ​ត្រូវ​រំ​ឮ​ក​ខ្លួនឯង អំពី​សេចក្តីសុខ​ខ្លះ​របស់​ខ្លួនឯង របស់​គ្រួសារ​។ ឯង​ឯណេះ ឱ្យតែ​មាន​ឭ​ទ្រឹស្តី​មកពីណា ចម្លង​គេ​យកមក​សូត្រ​ទាំង​ទទឹងទិស ហើយ​ចង់​អនុវត្ត​ភ្លាមៗ​។​
 
​សុធីរ​៖ អ្ហែង​និយាយ​ត្រូវ​។ យុវជន​មួយចំនួន ចាញ់បោក​ទ្រឹស្តី​។ ពេលខ្លះ​ពួកគាត់​ជួប​អ្នកមាន​ទ្រព្យ​ហូរហៀរ ហើយ​ឮ​គេ​និយាយថា «​កុំ​ធ្វើការ​ច្រើនពេក ធ្វើ​ធម្មតាៗ ហើយ​ដើរលេង ជិះ​កង់ កម្សាន្ត​ផង​ទៅ ទើប​ជីវិត​មានន័យ​»​។ គ្រាន់តែ​ឮ​អ៊ីចឹង យុវជន​យើង​ខ្លះ លែង​ចង់​ប្រឹងប្រែង​ធ្វើការ​ហ្មង​។ ពួកគាត់មិនដឹងថា តាមពិតអ្នកនិយាយថា ធ្វើការធម្មតាៗនោះ គេជិះ​កង់​មួយ​១​ម៉ឺន​ដុល្លារ គេ​មាន​ចម្ការ​ម្រេច ចន្ទី គេ​មាន​ដីធ្លី ក្រុមហ៊ុន ដែល​គេ​កសាង​ដប់ ម្ភៃ​ឆ្នាំ​ហើយ​។​
 
​សំណាង​៖ ហ្នឹងហើយ​យុវជន​សម័យ​ឌីជីថល​។ វា​គិតថា បន្តិចទៀត​ប្រហែល​បាយ​ហោះចូល​មាត់​វា​ផង​មិនដឹង​?
 
​សុធីរ​៖ គ្មាន​ស្អី Free ទេ​វ៉ើ​យ​! ចង់ enjoy life ក៏ត្រូវ​មាន​លុយ​ដែរ​។ មាន​លុយ​កាន់​ច្រើន ទើបបាន​សប្បាយ​ខ្លាំង​។ ដូច្នេះ​ត្រូវ​ប្រឹង​ធ្វើការ​! អញ​មិនដែល​ឮ សិង្ហ​បុរី ម៉ាឡេស៊ី អប់រំ​ពលរដ្ឋ​គេ​ឱ្យធ្វើ​ការ​តិច​ទេ​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com