ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក បន្ត​បញ្ចេញ​សារ​គាំទ្រ​ពលរដ្ឋ​កម្ពុជា និង​ការផ្សះផ្សា​ជាតិ​
09, Jan 2020 , 8:39 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង ឯកអគ្គរដ្ឋទូតអាមេរិកនាពេលកន្លងមក (រូបពីស្ថានទូតអាមេរិក)
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង ឯកអគ្គរដ្ឋទូតអាមេរិកនាពេលកន្លងមក (រូបពីស្ថានទូតអាមេរិក)
ដោយ: ថ្មីៗ
​ក្នុង​ទិវា​រម្លឹក​ខួប​លើក​ទី​៤១​នៃ​ជ័យជម្នះ​៧​មករា ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក បង្ហាញ​ពី​ការចូលរួម​ចងចាំ​ជាមួយ​ប្រជា​ជា​ពលរដ្ឋ​កម្ពុជា ចំពោះ​ការបាត់​បង់ជីវិត​មនុស្ស និង​ផលប៉ះពាល់​ជាច្រើន​ក្នុង​របប​ខ្មែរក្រហម​។ ស្ថានទូត​អាមេរិក គត់​សម្គាល់ថា ប្រជាពលរដ្ឋ​កម្ពុជា បានបង្ហាញ​ពី​ភាពរឹងមាំ​អស់​ជាច្រើន​ទសវត្ស​រ៍មកហើយ និង​បាន​ប្តេជ្ញាចិត្ត នាំ​កម្ពុជា មកដល់​សព្វថ្ងៃ​នេះ។​



ស្ថានទូត​អាមេរិក សរសេរ​ដូច្នេះ​ថា​៖«​សហរដ្ឋអាមេរិក នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា និង​សេចក្តីប្រាថ្នា​របស់​ពួកគេ​សម្រាប់​ការផ្សះផ្សា​ជាតិ វិបុលភាព ប្រជាធិបតេយ្យ និង​ឯករាជ្យភាព ដើម្បី​ធានាថា​សោកនាដកម្ម​បែបនេះ​នឹងមិន​កើតឡើង​វិញ​»​។ 
 
នៅ​ថ្ងៃទី​៨ ខែមករា ស្ថានទូត​អាមេរិក បាន​ប្រា​ព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​ការ​បង្កើតទំនាក់ទំនង​ការទូត​ជាមួយកម្ពុជា​​។ លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​ចូលរួម​ពិធី​រម្លឹក​ខួប​នេះ​។ 

 ​កន្លងមក ស្ថានទូត​អាមេរិក ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល បើកចំហ​បរិ​កា​សយ​នយោបាយ ដូចជា បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​អ្នកប្រឆាំង និង ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា ប្រធាន​អតីត​គណបក្សប្រឆាំង ជាដើម​។ ស្ថានទូត​អាម​រិ​ក ក៏​ធ្លាប់​ជំរុញ​ឲ្យ​មាន​កិច្ចសន្ទនា​រវាង​អ្នកប្រឆាំង​និង​រដ្ឋាភិបាល​ផងដែរ​។ 

ស្ថានទូត​អាមេរិក យល់ថា ឥរិយាបថ​ទាំងនេះ គឺជា​ចំណុច​នៃ​ការផ្សះផ្សា​ជាតិ​។ តែ រដ្ឋាភិបាល​កម្ពុជា មិនបាន​ធ្វើតាម​សំណើ​ទាំង​នេះឡើយ ហើយ​មន្ត្រី​រដ្ឋាភិបាល បកស្រាយ​ថា កម្ពុជា គ្មាន​ការបែកបាក់​ជាតិ​នោះទេ​។  
 
​ប៉ុន្មាន​ខែ​មុន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ផ្ញើ​សារ​ជូន​គ្នា​ទៅវិញទៅមក​។ មេដឹកនាំ​ទាំងពីរ បង្ហាញ​បំណង​រៀងខ្លួន ក្នុងការ​បង្កើត​ក្រុមការងារ​ផ្នែក​ការទូត ដើម្បី​ជជែក​ពី​ការពង្រឹង​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​និង​អាមេរិក​។ យ៉ាងណា មកដល់ពេលនេះ គេ មិនទាន់​បានឃើញ​លទ្ធ​ផល និង​បានឮ​ព័ត៌មាន​នៃ​ការបង្កើត​ក្រុមការងារ​នេះឡើយ​៕ 

Tag:
 ​កម្ពុជា​-​អាមេរិក​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com