អន្តរជាតិ
ស្តេចអូម៉ង់ ដែលគ្រងរាជ្យយូរជាងគេក្នុងពិភពអារ៉ាប់ សោយទិវង្គតក្នុងព្រះជន្ម៧៩ព្រះវស្សា ស៊ុលតង់អូម៉ង់ កាប៊ូស ប៊ីន សាអ៊ីដ សោយទិវង្គតក្នុងព្រះជន្ម៧៩វស្សា។ រូបភាព AFP
× មហាក្សត្រអូម៉ង់ ស៊ុលតង់កាប៊ូស ប៊ីន សាអ៊ីដ (Qaboos bin Said) បានសោយទិវង្គតក្នុងព្រះជន្ម៧៩វស្សានៅថ្ងៃទី១០ ខែមករា។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអូម៉ង់។ ស៊ុលតង់អង្គនេះ ជាមហាក្សត្រគ្រងរាជ្យសម្បតិ្តយូរជាងគេក្នុងពិភពលោកអារ៉ាប់។
«ជាមួយក្ដីទុក្ខសោក រាជវង្សរដ្ឋអូម៉ង់ សូមកាន់មរណទុក្ខចំពោះស៊ុលតង់កាប៊ូស ប៊ីន សាអ៊ីដ ដែលត្រូវបានព្រះជ្រើសរើសឲ្យស្ថិតនៅជាមួយព្រះអង្គ។» នេះជាសេចក្ដីជូនដំណឹងរបស់ទូរទស្សន៍រដ្ឋអូម៉ង់ពីការសោយទិវង្គតរបស់ស៊ុលតង់កាប៊ូសនៅព្រឹកថ្ងៃទី១១ ខែមករា។ ការកាន់ទុក្ខបីថ្ងៃ ត្រូវបានប្រកាស ហើយទង់ជាតិទាំងអស់នឹង ត្រូវបង្ហូតត្រឹមពាក់កណ្ដាលដងនៅទូទាំងប្រទេសរយៈពេល៤០ថ្ងៃផងដែរ។
ស៊ុលតង់កាប៊ូស បានគ្រងរាជ្យសម្បត្តិតាំងពី១៩៧០មក ពេលដែលទ្រង់បានធ្វើរដ្ឋប្រហារមិនបង្ហូរឈាមមួយដើម្បីទម្លាក់បិតារបស់ទ្រង់ចេញពីបល្ល័ង្ក។ រយៈពេលចុងក្រោយ ព្រះសុខភាពរបស់ទ្រង់ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយតែងធ្វើដំណើរទៅកាន់បែលហ្ស៊ិកដើម្បីព្យាបាលព្រះរោគមហារីក។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ។
តាំងពីដឹកនាំប្រទេសមក ស៊ុលតង់កាប៊ូស បានប្រែក្លាយអូម៉ង់ដែលជារដ្ឋក្រីក្រ ខ្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វទៅជាប្រទេសទំនើបមួយក្នុងតំបន់។ នៅឆ្នាំ២០១១ ស៊ុលតង់កាប៊ូសដែលគ្មានបុត្រាបុត្រីនោះ បានកែប្រែច្បាប់ស្នងរាជ្យសម្បត្តិរបស់អូម៉ង់ ប៉ុន្តែទ្រង់មិនដែលបញ្ចេញឈ្មោះអ្នកដែលត្រូវស្នងតំណែងបន្តឡើយ។ ក្នុងករណីរាជវង្សមិនអាចរកអ្នកស្នងបានក្នុងរយៈពេល៧២ម៉ោង តំណែងស៊ុលតង់នេះ នឹងត្រូវប្រគល់ឲ្យបុគ្គលដែលមានឈ្មោះក្នុងសំបុត្របន្សល់ទុកដោយស៊ុលតង់កាប៊ូស៕
Tag:
អូម៉ង់
Qaboos bin Said
© រក្សាសិទ្ធិដោយ thmeythmey.com