អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទាំង​អាមេរិក ទាំង​អ៊ីរ៉ង់ សុទ្ធតែ​មិន​ចង់​បង្ក​សង្គ្រាម តែ​ច្រក​ចរចា​ឆ្ងាយ​ដូច​ជើងមេឃ​!
11, Jan 2020 , 4:32 pm        
រូបភាព
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី (AFP)
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី (AFP)
​ការធ្វើឃាត​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក Qasem Soleimani ទំនងជា​មិន​បង្ក​ឲ្យ​សង្គ្រាម​រវាង​អាមេរិក និង​អ៊ីរ៉ង់​ផ្ទុះឡើង​ដូច​គ្រប់គ្នា​ភ័យ​បារម្ភ​ទេ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ សម្រេច​មិន​ប្រើ​កម្លាំង​តបត មី​ស៊ី​ល​អ៊ីរ៉ង់​ដែល​បាញ់​ផ្លោង​លើ​មូលដ្ឋានទ័ព​ខ្លួន​នៅ​អ៊ីរ៉ាក់ ដោយ​លើក​ហេតុផល​ថា គ្មាន​ខូចខាត​ច្រើន ឬ​មាន​អ្នកស្លាប់​ទេ​។ ស្ថានការណ៍​អាក្រក់ ហាក់​ឈាន​ត្រឡប់​ទៅរក​ភាពប្រសើរ​វិញ​បន្តិច ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ គឺ ទ្វារ​ការទូត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ទំនងជា​ត្រូវ​បិទ​ពី​អំណឹះ​នេះ​តទៅ ហើយ​គ្រោះថ្នាក់​បំផុត​នោះ​គឺ ជម្លោះ​ឬ​ការវាយប្រហារ​ប្រដាប់អាវុធ​ទ្រង់ទ្រាយ​តូចៗ​ប្រឆាំង​ប្រយោជន៍​អាមេរិក​បង្ក​ឲ្យ​ក្រុម​ប្រដាប់អាវុធ​គាំទ្រ​អ៊ីរ៉ង់​ក្នុង​តំបន់​ទំនងជា​កើនឡើង​ខ្លាំង​ផង​។​

 
«​វ៉ៃ​ឬ​មិន​វ៉ៃ​?  សង្គ្រាម​ផ្ទុះ​ឬ​អត់​?» ជា​ប្រធានបទ​ពេញនិយម​នាពេល​បច្ចុប្បន្ន ខណៈដែល​អាមេរិក និង​អ៊ីរ៉ង់​ស​ង្គ្រឺ​ត​ធ្មេញ​រៀបនឹង​ច្បាំង​គ្នា​នោះ​។ ប៉ុន្តែ​ការវិវត្ត​ចុងក្រោយ ហាក់បីដូចជា​បង្ហាញ​ឲ្យ​ឃើញថា ភាគី​ទាំងពីរកំពុង​ដកថយ​ម្នាក់​មួយ​ជំហាន​ពី​ផ្លូវ​ធ្វើសង្គ្រាម​ហើយ​។ ហេតុអ្វី​សង្គ្រាម​ទំនងជា​មិន​ផ្ទុះឡើង​ពេលនេះ​? 


ចលនាបាតុកម្មប្រឆាំងនឹងសង្គ្រាមដែលអាចផ្ទុះឡើងរវាងអាមេរិក និងអ៊ីរ៉ង់
 
​មុននឹង​ឈានចូល​ទៅ​សាច់រឿង​ស៊ីជម្រៅ​នៃ​ការប្រឈមមុខគ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​ឲ្យ​បាន​លម្អិត  ស្មេរ​សូម​ទាញអារម្មណ៍​ប្រិយមិត្ត​អ្នកអាន​ទៅ​ស្វែងយល់​បន្តិច​ពី​សាវតា​នៃ​ទំនាក់ទំនង​ភាគី​ទាំងពីរ​បន្តិច​សិន​។ ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ចាប់​ផ្តើមឡើង​យូរយារ​ណាស់​មកហើយ ប៉ុន្តែ​កម្រិត​ទំនាក់ទំនង​ផ្លូវការ​ដោយមាន​ការតែងតាំង​មន្ត្រី​ទូត​ទើបតែ​ចាប់​ផ្តើមឡើង​ក្នុង​ឆ្នាំ ១៩៤៤​ប៉​ណ្ណោះ​។ ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​ទំនាក់ទំនង​នេះ ចាប់ផ្តើម​រង្គោះរង្គើរ នៅពេលដែល​អ្នកនយោបាយ​ជាតិនិយម​ជ្រុល​លោក Mohammad Mosaddegh ក្លាយជា​នាយករដ្ឋមន្ត្រី​ទី ៣៥​របស់​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៥១​។ ឡើងកាន់តំណែង​ភ្លាម លោក Mosaddegh ធ្វើ​ឲ្យ​លោកខាងលិច​ខ្នើសចិត្ត​តាមរយៈ​ការធ្វើជា​តូបនីយកម្ម​រោងចក្រ​បូម​ប្រេង ដោយ​បណ្តេញ​អង់គ្លេស​ដែលជា​ម្ចាស់​កម្មសិទ្ធិ​លើ​រោងចក្រ​បូម​ប្រេង​ពីលើ​ទឹកដី​ខ្លួន​។ 

 
​ដោយ​បារម្ភ​ពី​វត្តមាន​សហភាពសូវៀត​នៅ​មជ្ឈិមបូព៌ា និង​ខឹងសម្បារ​ដែល​មេដឹកនាំ​អ៊ីរ៉ង់​រូបនេះ​ធ្វើ​ឲ្យ​ខូចប្រយោជន៍​លោកខាងលិច អាមេរិក​ចាត់តាំង​ភ្នាក់ងារ CIA សហការគ្នាជាមួយ​ក្រុម​ចារកម្ម​អង់គ្លេស​ផង រៀបចំ​រដ្ឋប្រហារ​ទម្លាក់​លោក​ពី​តំណែង​ឆ្នាំ​១៩៥៣​។ ក្រោយ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់ អាមេរិក​ពង្រឹង​ការគាំទ្រ​របបរាជានិយម​ក្រោម​ការដឹកនាំ​ព្រះ​ចៅ Mohammed Reza Pahlavi ទាំង​ហិរញ្ញវត្ថុ និង​យោធា ដើម្បី​ធានា​យ៉ាងណា​ទប់ស្កាត់​ការ​សាយភាយ​របប​កុម្មុយនីស្ត​ជ្រៀតចូល​ឈូង​សមុទ្រ​ពែ​ក្យ និង​មជ្ឈិមបូព៌ា​ទាំងមូល​ផង​។​
 
​ដោយសារ​តម្លៃ​ប្រេង​ឡើងថ្លៃ របប​ដឹកនាំ​អ៊ីរ៉ង់​ចាយលុយ​ច្រើនសន្ធឹក​នាំចូល​សព្វាវុធ​ពី​អាមេរិក និង​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ របប​ដឹកនាំ​ពីមុន​បែប​ប្រជាធិបតេយ្យ​ប្រែក្លាយជា​រាជានិយម​ផ្តាច់ការ​។ ងាក​ទៅ​មើល​ម្ខាង​ទៀត អំពើពុករលួយ​កើនឡើង អតិផរណា​ខ្ពស់​ហួស​ថ្លែង ហើយ​ប្រជាជន​ស្រុក​ស្អែក​ចម្ការ​សម្រុក​​មករស់នៅ​ទីក្រុង​។ លើសពីនេះ ចលនា​ប្រជាជន​ស្អប់​របបរាជានិយម​កើនឡើង​កាន់តែខ្លាំង ដោយសារ​ការបន្ត​រឹតត្បិត និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​តវ៉ា និង​ប្រឆាំង​ជា​ហូរហែ​។ 

​ដល់​ឆ្នាំ ១៩៧៩ ចំណុច​របត់​ថ្មី​មួយ​កើតឡើង ដោយ​ផ្ទុះឡើង​ចលនា​បាតុកម្ម​ធំ​សម្បើម​មួយ​ពាសពេញ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​បង្ខំ​ឲ្យ​មហាក្សត្រ Mohammed Reza Pahlavi ចុះ​ដាក់រាជ្យ​។ ក្សត្រ​អង្គ​នេះ និង​សាច់សាលោហិត​បាន​បង្ខំចិត្ត​ភៀស​ព្រះកាយ​ចេញទៅ​សហរដ្ឋអាមេរិក​នាពេល​នោះដែរ​។ ពេលនោះ​ហើយ​ដែល បដិវត្ត​ឥស្លាម​ចាប់កំណើត​ឡើង និង​ផ្លាស់ប្តូរ​អ៊ីរ៉ង់​ជា​ផ្លូវការ​ទៅជា «​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់» ដែល​ប្រកាន់យក​របប​ដឹកនាំ​រដ្ឋ​តាមបែប​សាសនា​។ សូមបញ្ជាក់​បន្តិច​ដែរ ត្រង់នេះ​ថា ប្រព័ន្ធ​ដឹកនាំ​សាសនា​បែបនេះ អ្នកមានអំណាច​ជាងគេ​ទាំង​នយោបាយ​ក្នុងស្រុក និង​ការបរទេស គឺ មេដឹកនាំ​កំពូល Ayatollah ខណៈដែល​ប្រធានាធិបតី​ដែល​ឡើងកាន់​អំណាច​តាម​ការបោះឆ្នោត​សាកល​នោះ​ស្ថិតនៅ​លេខ​រៀង​ទី​ពីរ​ប៉ុណ្ណោះ​។    
 

 
 
​ក្រៅ​តែមាន​ការផ្លាស់ប្តូរ​រប​ប​ដឹកនាំ អរិភាព​រវាង​ភាគី​កើនឡើង​ខ្លាំង​នៅពេលដែល បាតុករ​អ៊ីរ៉ង់​វាយប្រហារ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​តេ​អ៊ីរ៉ង់ និង​ចាប់​ជនជាតិ​អាមេរិក​ជា​ចំណាត់​ខ្មាំង​អស់​រយៈពេល ៤៤៤​ថ្ងៃ ជាការ​សងសឹក​នឹង​ក្រុង​វ៉ាស៊ីនតោន​ដែល​បដិសេធ​ប្រគល់​ព្រះកាយ​ក្សត្រ Mohammed Reza Pahlavi មក​កាត់ទោស​ផង​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អាមេរិក​មាន​ចំណែក​ជួយ​គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដឹកនាំ​ដោយ​លោក សា​ដាម ហ៊ូ​សេន​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ីរ៉ង់​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ (១៩៨០ ដល់ ១៩៨៨)  និង​ចេតនា​របស់​អ៊ីរ៉ង​ក្នុង​ការផលិត​អាវុធ​ប្រល័យ​លោក​ផង​នោះ​បន្តធ្វើ​ឲ្យ​ទំនាក់ទំនង​ភាគី​ទាំងពីរ​កាន់តែ​ដុនដាប​ជា​បន្តបន្ទាប់​។​
 
​យ៉ាងណា​ក៏ដោយចុះ ចំណង​ទំនាក់ទំនង​អាមេរិក​និង​អ៊ីរ៉ង់​ដែល​ក្បែរ​នឹង​ស្លាប់​នោះ​ចាប់ផ្តើម​មានសង្ឃឹម​ឡើងវិញ ពេលដែល​មេដឹកនាំ​ដែលមាន​និន្នាការ​កែទម្រង់​និយម ហាសាន់ រូ​ហា​នី ឈ្នះឆ្នោត​ឆ្នាំ ២០១៣ ក្លាយជា​ប្រធានាធិបតី​។ សត្រូវ​ចាស់​ដែល​មើលមុខ​គ្នា​មិន​ចំ ចាប់ផ្តើម​ឈាន​ជើង​ចូល​តុ​ចរចា​ជា​បន្តបន្ទាប់​រហូត​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ (JPCOA) ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​កម្រិត​លទ្ធភាព​អ៊ីរ៉ង់ ឆ្នាំ ២០១៥ ក្នុងការ​ឈានទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផង និង​ជា​ទ្វារ​សម្រេច​ឈានទៅ​ស្តារ​ចំណង​ការទូត​ទាំងស្រុង​ឡើងវិញ​ផង​។​
 
​ប៉ុន្តែ​ក្តី​រំពឹង​ជុំវិញ​ការ ស្តារ​ចំណង​ការទូត​ឡើងវិញ​នោះ​រលាយ​អស់ ក្រោយ​អាមេរិក​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ខែមករា​ឆ្នាំ ២០១៧ ពោលគឺ​ពេលដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​។ ពេលនោះ​ហើយ​ដែល គេ​អាច​ប៉ាន់ស្មាន​បាន​ថា ទំនាក់ទំនង​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ដើរ​ដល់​ចំណុច​របត់​មួយ​ដែល​ពិបាក​ត្រឡប់ក្រោយ​វិញ​ផង​។​
 
​ក្រោយ​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​ត្រួសៗ​រួច​ហើយពី​ការវិវត្ត​នៃ​ទំនាក់ទំនង​អាមេរិក និង​អ៊ីរ៉ង់ ស្មេរ​សូម​ចាប់ផ្តើម​ឈានដល់​ការបកស្រាយ​ពី​ដើមហេតុ​នៃ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ចុង​ក្រោយនេះ​ម្តង​។ 
 
​និយាយ​ដល់​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​ចុងក្រោយ គេ​មិនគួរ​ភ្លេច​ទេ​ថា ដើមហេតុ​មួយផ្នែក​គឺ ការសម្រេច​ចិ​ត្ត​របស់លោក ត្រាំ នា​ខែឧសភា​ឆ្នាំ ២០១៨ ដែល​ប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​ពិភពលោក​សាទរ និង​មាន​ហត្ថលេខា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នេះ​អាក្រក់​បំផុត ហើយ​លោក​វាយតម្លៃថា វា​មិនអាច​ទប់ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​ផលិត​នុយក្លេអ៊ែរ និង​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅក្នុង​តំបន់​បានឡើយ​។​
 
​ត្រាំ ប្រហែលជា​និយាយ​ត្រូវ ដ្បិត​កិច្ចព្រមព្រៀង​នេះ​មាន​កម្រិត​ពិតមែន ដោយសារ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​មានកំណត់ និង​មិនមាន​ចំណុច​ជាក់លាក់​ដែល​កម្រិត​សមត្ថភាព​អ៊ីរ៉ង់​ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល និង​ទប់ស្កាត់​ឥទ្ធិពល​អ៊ីរ៉ង់​ក្នុង​តំបន់​ឡើយ​។ អ៊ីរ៉ង់​នៅមាន​លទ្ធភាព​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅក្នុង​តំបន់ ដូចជា​បញ្ជូន​ទ័ព​ទៅ​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី និង​គាំទ្រ​កម្លាំង​ឧទ្ទាម​និកាយ​ស៊ី​អ៊ី​ត​នៅ​យេ​ម៉ែន​ជាដើម​។    ប៉ុន្តែ​គេ​មិនគួរ​ភ្លេច​ថា កិច្ចព្រមព្រៀង​ដែល​ត្រាំ​ចាត់ទុកថា អាក្រក់​ផុត​លេខ​នេះ យ៉ាងហោចណាស់​ក៏​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ផ្លាស់ប្តូរ​ឥរិយាបថ រក្សា​ភាពស្ងប់ស្ងាត់ និង​ជា​ផ្លូវ​ការទូត​ចុងក្រោយ​សម្រាប់ ចរចា​គ្នា​បន្ត​ទៅមុខ​ជាមួយ​អ៊ីរ៉ង់​ដែរ​។ 
 
​ដូច្នេះហើយ ពេល​អាមេរិក​ប្រកាស​ដើរចេញ មហាអំណាច​ផ្សេងទៀត​មាន បារាំង អង់គ្លេស ចិន រុស្ស៊ី និង​សហភាព​អឺរ៉ុប​ជំទាស់​ដាច់​ណាត់ និង​សន្យា​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ដដែល​។ ប៉ុន្តែ​ស្ថានការណ៍​ចាប់ផ្តើម​អាក្រក់​ពេល​លោក ត្រាំ បញ្ជា​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​ឡើងវិញ​នៅ​ខែកញ្ញា​ឆ្នាំ ២០១៨ ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​កាន់តែ​ខឹងសម្បារ​ខ្លាំង​។​
 

  
​ត្រាំ សង្ឃឹមថា ទណ្ឌកម្ម​ថ្មី​នឹង​ច្របាច់​អ៊ីរ៉ង់​ឲ្យ​ត្រដរខ្យល់ និង​ព្រម​លុតជង្គង់​ចូល​តុ​ចរចា​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ផង​។ គ្រប់យ៉ាង​ខុសពី​ការរំពឹងទុក ដ្បិត​អ៊ីរ៉ង់​ជា​ប្រទេស​ធ្លាប់មាន​អរិយធម៌​ខ្ពង់ខ្ពស់ និង​ជាស​ត្រូវ​សួ​ពូជ​របស់​អាមេរិក​នោះ ទ្រាំ​ខាំ​ស្មៅ​ស៊ី​អត់​ស៊ី​ឃ្លាន​រាប់​ទសវត្សរ៍ ហើយ​តតាំង​នឹង​គំនាប​សេដ្ឋកិច្ច និង​នយោបាយ​ពី​សំណាក់​លោកខាងលិច មិន​ទោរទន់​ងាយៗ​ឡើយ​។ 
 
​តាំងពី​ពេលនោះ​មក ភាព​តានតឹង​រវាង​ភាគី​កាន់តែ​កើនឡើង​។ រដ្ឋបាល​អាមេរិក​បន្ត​យុទ្ធនា​ការដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​គ្រប់​រូបភាព​ប្រឆាំង​អ៊ីរ៉ង់ ហើយ​ជាការ​ឆ្លើយតប ទាំង​អ៊ីរ៉ង់ និង​កងកម្លាំង​ជីវពល​ដែល​គាំទ្រ​ខ្លួន​បន្ត​យុទ្ធនាការ​វាយប្រហារ និង​រឹបអូស​នាវា​ដឹក​ប្រេង​ដែល​ឆ្លងកាត់ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ អ៊ីរ៉ង់​បាញ់​ទម្លាក់​ដ្រូ​ន​អាមេរិក នៅ​ខែមិថុនា​ឆ្នាំ ២០១៩, រឹបអូស​នាវា​ដឹក​ប្រេង​អង់គ្លេស​ក្នុង​ខែសីហា និង​បាញ់​ផ្លោង​មី​ស៊ី​ល​កម្ទេច​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ខែកញ្ញា​ផង​។ 
 
​ស្ថានការណ៍​ខាងលើ​មិនទាន់​រុញ​ច្រាន​ភាគី​ឲ្យ​ទាល់ច្រក និង​ងាក​ទៅ​រើសយក​សង្គ្រាម​ប្រឆាំង​គ្នា​ទេ ប៉ុន្តែ​ព្រឹត្តិការណ៍​ថ្ងៃ ៣ ខែមករា ធ្វើ​ឲ្យ​គ្រប់គ្នា​គិតថា​សង្គ្រាម​រវាង​អាមេរិក និង​អ៊ីរ៉ង់​ជា​រឿង​ចៀស​មិន​រួច​។ ព្រឹត្តិការណ៍​នោះ​គឺ ការវាយប្រហារ​ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​ធ្វើឃាត​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្ត​ឥស្លាម​អ៊ីរ៉ង់ លោក Qasem Soleimani ដែល​កំពុង​ស្ថិតក្នុង​ក្បួន​រថយន្ត​ធ្វើដំណើរ​នៅក្បែរ​ព្រលានយន្តហោះ​ក្រុង​បា​ដា​ដ ថ្ងៃ ៣ ខែមករា​ឆ្នាំ ២០២០​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយមាន​បញ្ជា​ផ្ទា​ល់ពី ប្រធានាធិបតី ត្រាំ​។ 
 
​សូម​បើក​វង់ក្រចក​បន្តិច​ចុះ​។ មាន​ព័ត៌មាន​ពី​ខាង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែរ​ថា Soleimani ស្ថិតនៅ​អ៊ីរ៉ាក់​ក្នុងនាម​ជា​ភ្ញៀវ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ផង​។ ចង់​មិន​ចង់ វា​ជា​ទំនួល​ខុសត្រូវ​របស់​ម្ចាស់ផ្ទះ នៅពេល​ភ្ញៀវ​ត្រូវគេ​ធ្វើឃាត​ស្រស់ៗ​បែបនេះ​។ ដូច្នេះហើយ​បានជា​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ ស្នើ​ទៅ​សភា​យ៉ាង​ទាន់ហន់​ឲ្យ​មានការ​បោះឆ្នោត​បណ្តេញ​ទ័ព​អាមេរិក​ដែល​ឈរជើង​លើទឹក​ដី​ខ្លួន​អស់ ១៧ ឆ្នាំ​តាំងពី​មានការ​ផ្តួលរំលំ​របប​ដឹកនាំ​លោក សា​ដាម ហ៊ូ​សេន​មក​នោះ​។ 
 
​ត្រឡប់មកវិញ ទោះ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្ទរខ្ទារ​នៅ​មជ្ឈិមបូព៌ា​រូបនេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​រឿង​ល្មើសច្បាប់​អន្តរជាតិ​ក៏ដោយ រដ្ឋបាល​អាមេរិក​អះអាង​ច្បាស់​ថា គឺជា​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ធំ​ដែល​អាច​កើតឡើង​ចំពោះ​ប្រជាជន​អាមេរិក​។ ទាំង​លោក ត្រាំ និង​មន្ត្រីជាន់ខ្ពស់​របស់លោក​សុទ្ធតែ​ស្រង់​របាយការណ៍​ចារកម្ម​ថា Soleimani មាន​ផែន​ការរៀប​វាយប្រហារ​ផ្សេងទៀត​នៅពេល​ខាងមុខ​។ ប៉ុន្តែ​មកទល់​ថ្ងៃនេះ គេ​មិនទាន់​ឃើញ​សេត​វិមាន​អាមេរិក​ប​ញ្ចេញ​របាយការណ៍​លម្អិត​ដែលជា​អំណះអំណាង​ក្នុងការ​វាយប្រហារ​នេះ​ទេ ហើយ​វា​ក៏​ធ្វើ​ឲ្យ​មានការ​ចោទសួរ និង​រិះគន់​ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​ទាំង​ប្រថុយប្រថាន និង​គ្រោះថ្នាក់​នេះ​។  
 
​ជាការ​ពិត ឧ​ត្ត​ម​សេនីយ៍ Soleimani មាន​តួនាទី​ចម្បង​ដឹកនាំកងកម្លាំងក្រៅប្រទេស ដែលមាន​គោលដៅ​ចម្បង​ឥទ្ធិពល​អ៊ីរ៉ង់​នៅក្នុង​តំបន់​តាមរយៈ​ការរៀបចំ​បង្វឹក​ទ័ព និង​គាំទ្រ​ចលនា​ជីវពល​និកាយ​ស៊ី​អ៊ី​ត (Shia) ក្នុងនោះ​មាន​ទាំង​ចលនា​ជីវពល​នៅ​អ៊ីរ៉ាក់​, ក្រុម​ហេ​ស្បូ​ឡា​នៅ​លី​បង់​, ហ៊ូ​ធី (Houthi) នៅ​យេ​ម៉ែន ក៏ដូចជា​កងកម្លាំង​អាសាស្ម័គ្រ​របស់​ប្រធានាធិបតី បា​សា​អាល់ អាសាដ នៅ​ស៊ី​រី​ថែមទៀត​។   
 
Soleimani  មាន​ចំណែក​នៅ​ពីក្រោយ​ចលនា​ន​វាយប្រហារ​នានា​ប្រឆាំងនឹង​ទីតាំង ប្រជាជន​និង​ផលប្រយោជន៍​អាមេរិក​នៅក្នុង​តំបន់ ហើយ​ចលនា​បាត​កម្ម​ហិង្សា​ប្រឆាំង​ស្ថានទូត​របស់ខ្លួន​ផង និង​នៅ​ពីក្រោយ​ការវាយប្រហារ​ដែល​ធ្វើ​ឲ្យ​ទាហាន​ខ្លួន​ស្លាប់​ថែមទៀត​ក៏​ប្រហែលជា​ពាក់ព័ន្ធ​នឹង​លោក​ដែរ​។ ដូច្នេះហើយ​ទើប ត្រាំ ម្តង​ជា​ពីរដង​និយាយថា បាតដៃ​លោក Soleimani ប្រឡាក់​សុទ្ធតែ​ឈាម​ប្រជាជន​អាមេរិក និង​សក្តិសម​នឹង​ស្លាប់​។​
 
​ប៉ុន្តែ ត្រង់នេះ​យើង​អាច​និយាយ​ឲ្យ​យុត្តិធម៌​បន្តិច​ចុះ​។ បើ​រដ្ឋបាល ត្រាំ ចោទថា Soleimani ជា​មេ​ឧក្រិដ្ឋជន ឬ​ជា​ភេរវ​ករ​ដែលមាន​បាតដៃ​ប្រឡាក់​ឈាម​នោះ អាមេរិក​ក៏​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ដែរ​។ គេ​មិន​ភ្លេច​ទេ​ថា ទ័ពជើងទឹក​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ីរ៉ង់​មួយគ្រឿង​ក្នុង​ខែកក្កដា ឆ្នាំ ១៩៨៨ ដោយ​សម្លាប់​ប្រជាជន​អ៊ីរ៉ង់​ស្លូតត្រង់​អស់ ២៩០​នាក់​។ អាមេរិក​អះអាងថា វា​ជាការ​ភាន់ច្រឡំ​។ កន្លងទៅ​ជាង ៣០​ឆ្នាំ​ហើយក៏​ដោយ មិនមាន​ការ​សូម​អភ័យទោស​ណាមួយ​ត្រូវបាន​ធ្វើឡើង​ចំពោះ​ប្រជាជាតិ​អ៊ីរ៉ង់​ជាពិសេស​អ្នកស្លាប់ និង​ក្រុមគ្រួសារ​ជា​ផ្លូវការ​ឡើយ​។​ទាំងនេះ ការសម្លាប់​រង្គាល និង​ជា​រឿង​ដ៏​ខ្លោចផ្សា​ជាប់​ក្នុង​ចិត្ត​ប្រជាជន​អ៊ីរ៉ង់​ដូចគ្នា​។​
 
 
​និយាយ​ដល់​ការធ្វើឃាត Soleimani អ្នកជំនាញ​សន្តិសុខ​ជាច្រើន​បង្ហាញ​ក្តីបារម្ភ ក្នុងនោះ​មាន​លោកស្រី ស៊ូ​សាន រ៉ា​យ៍ (Susan Rice) អតីត​ទីប្រឹក្សា​សន្តិសុខ​រដ្ឋបាល​លោក អូ​បា​ម៉ា​។ ក្នុង​សំណេរ​មួយ​លើ​កាសែត New York Times លោកស្រី​បាន​ទិតៀន​ការសម្រេចចិត្ត​យ៉ាង​គឃ្លើន​របស់លោក ត្រាំ ដោយ​បន្ត​ចាក់​សាំង​លើ​ភ្លើង​ដែល​កំពុង​ឆាបឆេះ​ស្រាប់​នៅ​មជ្ឈិមបូព៌ា​។ លោកស្រី​បញ្ជាក់ថា សម្លាប់ Soleimani មិនមែនជា​រឿង​លំបាក​ទេ ហើយ​រដ្ឋបាល​មុនៗ​ក៏មាន​ឱកាស​បំផ្លាញ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​ចោល​ដែរ ប៉ុន្តែ​វា​គ្មាន​ហេតុផល​ណាមួយ​ត្រូវធ្វើ​បែប​នោះទេ ដ្បិតថា វា​អាច​គ្រោះថ្នាក់​ធំ​ទាំង​សន្តិសុខ និង​ការទូត​ផង​។ ជាធម្មតា ការសម្លាប់​ភេរវជន ក្រោមលេស​ធានា​សន្តិសុខ​ជា​រឿង​មួយ ប៉ុន្តែ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ៍​យោធា​នៃ​ប្រទេសមួយ​ជា​រឿង​ដោយឡែក ដ្បិតថា វា​មិន​ខុស​អ្វី​ពី​ការប្រកាសសង្គ្រាម​ទេ​។  បើ​ងា​កមក​មើលផ្លូវ​ការទូត​វិញ​នោះ ទង្វើ​អាមេរិក​ហាក់បីដូច​ជួយ​ផ្តាច់ដង្ហើម​ការទូត​ដែល​នៅ​សេ​សល់​ក្នុងការ​ភ្ជាប់​សកម្មភាព ឬ​ចរចា​ជាមួយ​អ៊ីរ៉ង់​នៅពេលនេះ​ដូចគ្នា​។​
 
​អ៊ីរ៉ង់ និង​អាមេរិក​សុទ្ធ​ប្រុងប្រយ័ត្ន​រៀងខ្លួន​រឿង​សងសឹក​គ្នា​
 
​ក្រោយ​ការស្លាប់​របស់ Soleimani រដ្ឋាភិបាល​អ៊ីរ៉ង់​សន្យា​សងសឹក​វិញ​ជាទី​គាប់ចិត្ត​។ ស្ថានការណ៍​បែបនេះ យើង​មិនដែល​បានឃើញ​ឡើយ​ពីមុន ហើយ​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​កាន់តែ​ស្រួចស្រាល់​។ 
 
​តាម​ស្ថានភាព​ជាក់ស្តែង ភាគី​ទាំងពីរ​តាំងពី​ពេល​កើតហេតុ​សុទ្ធតែ​រង់ចាំ​មើលគ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​លោក ត្រាំ ប្រញាប់ប្រញាល់​សរសេរ​សារ​តាម​គណនី Twitter របស់ខ្លួន​ដោយ​គំរាម​អ៊ីរ៉ង់​ខ្លាំងៗ ក្នុងនោះ​មាន​ទាំង​ការដាក់​គោលដៅ កម្ទេច​ទីតាំង​បេតិកភណ្ឌ​អ៊ីរ៉ង់​ទៀត បើសិន​សាធារណរដ្ឋ​ឥស្លាម​នេះ​ហ៊ាន​តបត​។ ក្រោយ​មានការ​រិះគន់ថា ការបំផ្លិចបំផ្លាញ​ទីតាំង​បេតិកភណ្ឌ​ជា​បទឧក្រិដ្ឋ​សង្គ្រាម​ក្រោម​ច្បាប់​អន្តរជាតិ ទើប​ប្រធានាធិបតី ត្រាំ​ប្តូរ​ជំហរ​។ 
 
​ថ្វីបើ​មានការ​ព្រមាន​ជាមុន​ដូច្នេះ​ក្តី អ៊ីរ៉ង់​មិនអាច​បណ្តោយ​ឲ្យ​រឿង​ចប់​ដោយ​មិន​ធ្វើ​សកម្មភាព​បន្តិច​សោះ​ទេ​។ ការបាត់បង់​មេបញ្ជាការ​ជាន់ខ្ពស់​ក្រោម​ស្នាដៃ​សត្រូវ​ជា​រឿង​ដ៏​អាក្រក់​មួយ ប៉ុន្តែ​ការណ៍​ដែល​មិន​តបត​វិញ​នោះ​គឺជា​រឿង​ដ៏​អាម៉ាស​សម្រាប់​ប្រជាជាតិ​ទាំងមូល​។ ដូច្នេះហើយ​បានជា​អ៊ីរ៉ង់​សម្រេច​បាញ់​ផ្លោង​មី​ស៊ី​ល​ពីរលើក​អស់​ជាង ១០​គ្រាប់​ស្រោច​លើ​មូលដ្ឋានទ័ព​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នៅលើ​ទឹកដី​អ៊ីរ៉ាក់ ហើយ​វា​ទំនងជា​ធ្វើឡើង​ក្រោយ​ការវាយតម្លៃ​ល្អិតល្អន់​និង​ប្រុងប្រយ័ត្ន​ជាពិសេស​ពី​លទ្ធផល​ដែល​អាច​កើតមាន​ផង​។​
 
​បើ​ក្រឡេកមើល​ឲ្យ​ជិត​បន្តិច អ៊ីរ៉ង់​បាន​ជូន​ព័ត៌មាន​ទៅកាន់​ភាគី​អ៊ីរ៉ាក់​មុន​ពាក់ព័ន្ធ​នឹង​ការ បាញ់​ផ្លោង​មី​ស៊ី​ល​នេះ​។ ការផ្តល់​ដំណឹង​មុន​បែបនេះ បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា អ៊ីរ៉ង់​គ្មាន​ចេតនា​បញ្ឆេះ​បញ្ហា​ឲ្យ​កាន់តែ​ធំ​ទេ​។ មិន​ចង់​ត្រង់​ថា វា​ហាក់បីដូចជា​ទុកពេល​ឲ្យ​មានការ​ត្រៀមខ្លួន និង​បញ្ចៀស​ការស្លាប់ និង​ខូចខាត​ធ្ងន់ធ្ងរ​ដែរ​។ ទោះជា​បែបនេះ​ក្តី មេដឹកនាំ​អ៊ីរ៉ង់​ប្រកាស​ជា​ចំហ​រថា សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នឹង​បណ្តេញ​អាមេរិក​ចេញពី​មជ្ឈិមបូព៌ា​ឲ្យ​ខាងតែបាន​។ 
 
​ភ្លាមៗ​ក្រោយ​ការសង​សឹក​ពី​សំណាក់​អ៊ីរ៉ង់ គ្រប់គ្នា​ទន្ទឹងរង់ចាំ​ទាំង​តក់ក្រហល់​ថា តើ​ប្រធានាធិបតី​អាមេរិក នឹងធ្វើ​ដូចម្តេច បន្ទាប់ពី​លោក​សន្យាថា នឹង​ចេញមុខ​ប្រកាស​ពី​ចំណាត់​អាមេរិក​តបត​នឹង​អ៊ីរ៉ង់​វិញ​តាម​កញ្ចក់​ទូរទស្សន៍​នា​ថ្ងៃ​ពុធ​។ 
 
​ត្រឹមនេះ សេណា​រី​យ៉ូ​មាន​ពីរ​ធំៗ​គឺ សន្តិភាព និង​សង្គ្រាម​។ បើសិនជា​លោក ត្រាំ ជ្រើស​រើសយក​តបត​តាមបែប​យោធា​ប្រឆាំង​អ៊ីរ៉ង់ ដូចជា​ការបាញ់​ផ្លោង​មី​ស៊ី​ល​សងសឹក​ជាដើម​នោះ សង្គ្រាម​នឹង​កើតឡើង​ចៀស​មិន​ផុត​ឡើយ​។ គួរ​ឲ្យ​ត្រេកអរ ប្រធានាធិបតី ត្រាំ សម្រេច​មិន​បន្ត​តបត​ដើម្បី​សម្រួល​ស្ថានការណ៍​ដែល​កំពុង​តានតឹង​រៀបនឹង​ផ្ទុះ​ស្រាប់​នោះ​។ ប៉ុន្តែ​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​នឹងត្រូវ​ដាក់ចេញ​ជា​បន្តបន្ទាប់​ទៀត​។​
 
​សំណួរ​លេចឡើង​ពេលនេះ ហេតុអ្វី​បានជា ត្រាំ មិន​ឆ្លើយតប​វិញ​ដោយ​ប្រើប្រាស់​កម្លាំង ឬ​វាយសំពោង​អ៊ីរ៉ង់​? 
 
​មាន​ហេតុផល​បួនធំៗ​ដែល​ជំរុញ​ឲ្យ​លោក ត្រាំ សម្រេច​មិន​បន្ត​តបត​ដោយ​ប្រើប្រាស់​កម្លាំងយោធា​។ ហេ​ត​ផល​ទីមួយ គឺ​ទាក់ទង​នឹង​ការឆ្លើយតប​របស់​អ៊ីរ៉ង់​។ ដូច​បានបញ្ជាក់​ខាងលើ​ស្រាប់ មី​ស៊ី​លបាញ់​ចេញពី​ទឹកដី​អ៊ីរ៉ង់​មិនបាន​បង្ក​គ្រោះថ្នាក់ ឬ​ការខូចខាត​ធ្ងន់ធ្ងរ​សម្រាប់​អាមេរិក​ទេ​។ ជម្រើស​នេះ​ទុក​ផ្លូវ​ឲ្យ​រដ្ឋបាល​លោក ត្រាំ ដើរ ដោយ​មិនចាំបាច់​ជ្រើស​រើសយក​សង្គ្រាម​។  
 
​ហេតុផល​ទី​ពីរ គឺ​ខាតបង់​ធំធេង​ទាំងអស់គ្នា បើ​សង្គ្រាម​ផ្ទុះឡើង​។  នៅពេល​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ភាគី​ទាំងពីរ វា​តែងតែមាន​ការប្រៀបធៀប​កម្លាំងយោធា និង​សព្វាវុធ រវាង​ភាគី​ជម្លោះ​។ វា​មាន​ទាំង​ការវាយតម្លៃ​ជាមុន​ថា អ៊ីរ៉ង់​អាច​នឹងត្រូវ​អាមេរិក​វាយ​ខ្ទេច​រាប​ដល់​ដី​ផង​។ 
 
​ប៉ុន្តែ​ខ្ញុំ​យល់ឃើញ​ដោយឡែក​ថា រាល់​សង្គ្រាម​ទាំងអស់​សុទ្ធតែជា​គ្រោះមហន្តរាយ​។ ទោះ​អាមេរិក​មាន​យោធា​ខ្លាំង​មហិមា​ក៏ដោយ វា​នៅតែ​ជាការ​បាចសាច​ទឹក​ដាក់​គ្នា​។ បើ​សង្គ្រាម​ផ្ទុះឡើង​មែន​នោះ ទាំងសងខាង ឬ​អាចមាន​ភាគី​ដទៃ​ទៀតផង​នឹង​ក្លាយជា​ជនរងគ្រោះ​។ គ្រប់យ៉ាង​មានតែ​អ្នកស្លាប់ ការខាតបង់​ធំធេង​ក្នុង​សេដ្ឋកិច្ច និង​រង​ការបំផ្លិចបំផ្លាញ​ដែល​ពិបាក​ពិពណ៌នា​ផង​។   
 
​ហេតុផល​ទី​បី គឺ កម្រិត​នៃ​អំណាច​ប្រកាសសង្គ្រាម​។ ត្រឹម​ការបញ្ជា​ពី​សំណាក់​ប្រធានាធិបតី​ឲ្យ​មានការ​វាយប្រហារ​សម្លាប់​ឧ​ត្ត​ម​សេនីយ៍ Soleimani ក្លាយជា​រឿងចម្រូងចម្រាស​ទៅហើយ បើ​ផ្អែកលើ​លក្ខខណ្ឌ​ច្បាប់​។ ដូច្នេះហើយ ការឈាន​ទៅធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​អាច​នឹង​ក្លាយជា​វិបត្តិ ឬ​គ្រោះថ្នាក់​សម្រាប់​រដ្ឋបាល​លោក ត្រាំ ក៏​ថា​បាន​។ ដូច​ឃើញស្រាប់​ហើយ ប្រធានសភា​តំណាង​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ជំរុញ​ឲ្យ​មានការ​ចំ​បោះឆ្នោត​អនុម័ត​បញ្ញត្តិ​ដែល​ហាម​ប្រធានាធិបតី​ចេញ​ចំណាត់ការ​យោធា​ណាមួយ​ប្រឆាំង​អ៊ីរ៉ង់ វា​លែង​តែមាន​ការ​អនុ​ញ្ញ​ត​ពី​សភា​ទាំងពីរ​ជាន់​ជាមុនសិន​។ ថ្វីបើ​លោក ត្រាំ ដកថយ​មួយ​ជំហាន​ក៏ពិតមែន តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ ហាក់​មិនទាន់​ទុកចិត្ត​មួយរយ​ភាគរយ​ទេ​ថា រដ្ឋបាល​នេះ​នឹងមិន​ប្រើ​វិធានការ​យោធា​ប្រឆាំង​អ៊ីរ៉ង់​នោះ​។​
 
​ចំណែក​ហេតុផល​ទី​បួន​គឺ ការបោះឆ្នោត​ជិត​មកដល់​។ ប្រជាប្រិយភាព​ប្រហែលជា​រឿង​សំខាន់​សម្រាប់​លោក ត្រាំ ដោយសារ​ការបោះឆ្នោត​ប្រធានាធិបតី​នឹង​មកដល់​ក្នុង​រយៈពេល​ជាង ១០ ខែ​ប៉ុណ្ណោះ​។ តើ​ការសម្រេចចិត្ត​នេះ​ទាក់ទង​នឹង​ប្រជាប្រិយភាព​របស់លោក ត្រាំ យ៉ាងណា​? វា​ទាក់ទង​ត្រង់​ថា គោលនយោបាយ​ចម្បង​របស់លោក ត្រាំ គឺ​ដកទ័ព​អាមេរិក​ចេញពី​សង្គ្រាម​ដែល​គ្មាន​ថ្ងៃ​ឈ្នះ ដូចជា​សង្គ្រាម​អា​ហ្វ​ហ្កា​នី​ស្ថាន និង​អ៊ីរ៉ាក់​ជាដើម​។ ការសន្យា​បញ្ឈប់​រាល់​ការពាក់ព័ន្ធ​របស់​យោធា​អាមេរិក​ក្នុង​ជម្លោះ​បរទេស​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក ត្រាំ ទទួលបាន​ការគាំទ្រ​ច្រើន ហើយ​លោក​ក៏ត្រូវ​ធ្វើយ៉ាងណា​បញ្ចៀស​រា​ល់​ការអន្តរាគមន៍​យោធា​ថ្មី​ទៀត​នៅ​មជ្ឈិមបូព៌ា​ដែរ​។ ដូច្នេះ ការទប់ស្កាត់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ប្រហែលជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​។​


ក្រុមឧទ្ទាម ហ៊ូធី នៅយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ 

​ដោយឡែក ថ្វីបើ​ត្រាំ ត្រូវគោរព​សម្តី​ខ្លួន​សន្យា​ពេល​ឃោសនាបោះឆ្នោត និង​ដើម្បី​ទាញ​ប្រជាប្រិយភាព​សម្រាប់​អាណត្តិ​ថ្មី​ក៏ដោយចុះ ការចាកចេញ​ពី​មជ្ឈិមបូព៌ា​ទាំងស្រុង​មិនមែនជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​ទេ​។ ជា​រឿង​ធម្មតា​ទេ កាលណា​បើ​តម្រួត​ពិភពលោក​ដោះដៃ​ចេញពី​មជ្ឈិមបូព៌ា  បញ្ហា​នឹង​កើតឡើង​កាន់តែច្រើន​។ នេះ​ក៏​ដ្បិតថា ទីមួយ​អាមេរិក​ត្រូវ​រក្សា​តុល្យភាព​អំណាច​នៅក្នុង​តំបន់ ដោយ​មិន​ឲ្យ​មហាអំណាច​តំបន់​ដូចជា​អ៊ីរ៉ង់​ឡើង​អុង​អាត់​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​លើស​ផុត​គេ​ក្នុង​តំបន់​ឡើយ​។ ហើយ​ទី​ពីរ​ទៀត  អាមេរិក​ក៏​មិនអាច​អនុញ្ញាត​ឲ្យ​សន្តិសុខ​ថាមពល​របស់ខ្លួន (​ប្រេង​) រង​ការគំរាមកំហែង​ដូចគ្នា​។ 
 
​សង្គ្រាម​មិន​ផ្ទុះឡើង តែ​ចលនា​ប្រដាប់អាវុធ​ប្រឆាំង​អាមេរិក​អាច​នឹង​កើន​ឡើង
 
​ស្លេះ​រឿង​មូលហេតុ​អាមេរិក​មិន​ជ្រើស​យក​សង្គ្រាម​ត្រឹម​ប៉ុណ្ណេះ​សិន​ចុះ​។ រឿង​ដែល​គេ​ត្រូវ​គិតគូរ​នៅពេលនេះ​គឺ អ្វីដែល​នឹង​អាច​កើតឡើង​បន្តទៀត បើសិនជា​ពេលនេះ​សង្គ្រាម​មិន​ផ្ទុះឡើង​។ វា​ទំនង ជា​ពិបាក ប៉ាន់ស្មាន ប៉ុន្តែ​អ៊ីរ៉ង់ ឬ​អ្នកគាំទ្រ ឧ​ត្ត​ម​សេនីយ៍ Soleimani មិន បញ្ចប់ ការ​សងសឹក​ត្រឹម​ប៉ុណ្ណេះ​ទេ​។​
 
​មានការ​ព្រមាន​ជាមុន​រួចទៅហើយ​ថា អាមេរិក​មិន​សុខសាន្ត​ជាងមុន​ឡើយ ក្រោយ​ការស្លាប់​របស់ Soleimani ដ្បិតថា ការវាយប្រហារ​ទ្រង់ទ្រាយ​តូច​នឹង​កើតឡើង​ប្រឆាំង​ប្រជាជន​អាមេរិក និង​ផលប្រយោជន៍​អាមេរិក ទាំង​នៅ​មជ្ឈិមបូព៌ា និង​ទូទាំង​ពិភពលោក​។ 
  
​ក្នុងនោះ​មានដូចជា ចលនា​ប្រដាប់អាវុធ​ដែល​គាំទ្រ​អ៊ីរ៉ង់​ចាប់ផ្តើម​បង្កើន​សកម្មភាព​របស់​ខ្លួន​កាន់តែ​ខ្លាំងក្លា ប្រឆាំងនឹង​អាមេរិក​។ ដូច​ឃើញស្រាប់​ការ​រឹបអូស និង​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​បរទេស​ដែល​ឆ្លងកាត់​តាម​ជ្រោយ​ Hormuz កន្លងមក។  


 ផែនទីដែលបង្ហាញពីជ្រោយ Hormuz 
 
​ចំណែក​បណ្តាញ​ក្រុម​ភេរវជន​ដែលមាន​និន្នាការ​គាំទ្រ​អ៊ីរ៉ង់​ស្ថិតនៅ​ទឹកដី​អាមេរិក និង​មិន​សកម្ម (Sleeper cells) កន្លងមក នឹង​អាច​ចាប់ផ្តើម​សកម្មភាព​ឡើងវិញ ដោយ​រៀប​ចំការ​វាយ ប្រហារ​ជា ដើម​ផង​។  វា​ជា​គ្រោះថ្នាក់​ធំ និង​អាច​បង្ក​ផលប៉ះពាល់ កាន់តែខ្លាំង​ដល់ សន្តិសុខ​អាមេរិក​។​
 
​ចុងក្រោយ​គឺ កំណើន​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber attack) ។ នេះ​ជា​រឿង​សាមញ្ញ និង​កើតឡើង​ញឹកញាប់​បំផុត​មួយ​។ គេ​ស្គាល់​ច្បាស់​ថា អ៊ីរ៉ង់​ស្ថិត​ក្នុងចំណោម​ប្រទេស​ធំ​ដែល​ត្រូវបាន​គេ​ចាត់ទុក​រដ្ឋ​ដែលមាន​សមត្ថភាព​ខ្ពស់ និង​គ្រោះថ្នាក់​បំផុត​ក្នុងការ​វាយប្រហារ​តាម​បណ្តាញ​អ៊ីនធឺណិត​នេះ បន្ទាប់ពី រុស្ស៊ី ចិន និង​កូរ៉េខាងជើង​៕

© រក្សាសិទ្ធិដោយ thmeythmey.com