អន្តរជាតិ
ក្រោយបន្តឈ្នះឆ្នោត លោកស្រី Tsai ស្នើពលរដ្ឋតៃវ៉ាន់រួមសាមគ្គីគ្នា ដើម្បីជម្នះឧបសគ្គផ្សេងៗ លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai In-wen , រូបភាព AFP
× លទ្ធផលឈ្នះឆ្នោតដ៏ច្រើនលើសលប់នាថ្ងៃទី១១ ខែមករា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai In-wen ថ្លែងប្រាប់ទៅក្រុមអ្នកគាំទ្រជាច្រើននាក់ថា អរគុណដែលបានការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់។ បន្ថែមពីលើនេះ លោកស្រី Tsai In-wen បានស្នើឲ្យប្រជាជនតៃវ៉ាន់ទាំងអស់ ត្រូវរួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
តាមរយៈការលទ្ធផលឆ្នោតនាល្ងាចថ្ងៃទី១១ ខែមករា ប្រធានាធិបតីតៃវ៉ាន់ Tsai In-wen បានទទួលសន្លឹកឆ្នោតគាំទ្ររហូតដល់ ៥៧ភាគរយ ពោលគឺ បានទទួលសន្លឹកឆ្នោតគាំទ្ររហូតដល់ជាង ៨លានសន្លឹក ដែលលើសពីសន្លឹកឆ្នោតគាំទ្ររហូតដល់ ១,៣លានដុល្លារ បើធៀបទៅនឹងលទ្ធផលបោះឆ្នោតឆ្នាំ ២០១៦។ ខណៈពេលដៃគូប្រកួតប្រជែងដ៍ធំបំផុតរបស់លោកស្រី គឺលោក Han Kuo-yu បេក្ខជនមកពីបក្សគូមិញតាង បានទទួលសម្លេងគាំទ្រត្រឹមតែ ៣៩ភាគរយតែប៉ុណ្ណោះ ហើយលោកក៏បានទទួលស្គាល់លទ្ធផលនេះដែរ។
នាជំនួបជាមួយអ្នកគាំទ្រដ៏ច្រើនបន្ទាប់ពីឈ្នះឆ្នោតអាណត្តិទីពីរ លោកស្រី Tsai បានអះអាងថា លទ្ធផលឈ្នះឆ្នោតនេះ គឺជាសក្ខីភាពរបស់ប្រជាជន ដែលការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់។ យ៉ាងណាក៏ដោយ ប្រធានាធិបតីតៃវ៉ាន់វ័យ៦៣ឆ្នាំរូបនេះ ក៏បានទទូចឲ្យប្រជាជនតៃវ៉ាន់ ចេះរួមសាមគ្គីគ្នាផងដែរ ដើម្បីជម្នះឧបសគ្គ និងបញ្ហាប្រឈម នាពេលអនាគត។ ប៉ុន្តែប្រមុខដឹកនាំតៃវ៉ាន់រូបនេះ មិនបានបញ្ជាក់ថា ឲ្យបានច្បាស់ទេថាបញ្ហាប្រឈមនោះជាអ្វីទេ តែការលើកឡើងបែបនេះ ទំនងជាចង់សំដៅទៅដល់ការគាំរាមពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំងច្រើនជាង។
កន្លងមកចិន មិនដែលពេញចិនវត្តមានរបស់លោកស្រី Tsai ក្នុងការកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ឡើយ ព្រោះប្រធានាធិបតីតៃវ៉ាន់រូបនេះ តែងតែចង់ប្រកាសឯករាជ្យតៃវ៉ាន់ ខណៈពេលទីក្រុងប៉េកាំង គំរាមប្រើប្រាស់កម្លាំងទ័ពវាយប្រហារតៃវ៉ាន់គ្រប់ពេល ប្រសិនបើទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ។ ជាការពិតលទ្ធផលឈ្នះឆ្នោតដ៏ច្រើនសន្ធឹកបែបនេះ ក៏ជាសញ្ញាបង្ហាញឲ្យឃើញពីតម្លៃប្រជាធិបតេយ្យបែបហុងកុង ប្រឆាំងនឹងការដឹកនាំរបស់ទីក្រុងប៉េកាំងផងដែរ។
សូមបញ្ជាក់ថា ក្រោយលទ្ធផលឈ្នះឆ្នោតរបស់លោកស្រី Tsai អាមេរិកដែលតែងតែគាំទ្រតៃវ៉ាន់ពីក្រោយខ្នង បានចេញមុខសាទរលទ្ធផលមួយនេះ និងគាំទ្រការប្តេជ្ញាចិត្តរបស់លោកស្រី Tsai ក្នុងការរក្សាស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់ផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com