ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកទេសចរ និង​មគ្គទេសក៍ ខកចិត្ត​ពេល​ឃើញ​ស្មៅ​ក្រៀម​ស្វិត និង​ដី​ហុយ​ក្នុង​ទីធ្លា​ប្រាសាទអង្គរវត្ត​
12, Jan 2020 , 2:10 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកទេសចរ​ជាច្រើន និង​សមាគម​មគ្គុទេសក៍ បានបង្ហាញ​ការខកចិត្ត ដែល​អាជ្ញាធរ​បណ្តោយ​ឲ្យ​ស្មៅ​ក្នុង​ទីធ្លា​ប្រាសាទអង្គរវត្ត មាន​សភាព​ក្រៀម​ស្វិត និង​កន្លែង​ខ្លះ​ងាប់​អស់​សល់​តែ​ឫស និង​ធ្វើ​ឲ្យ​បាត់​សោភ័ណភាព​ប្រាសាទ​។ ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាជ្ញាធរ កំពុង​រៀបចំ​គម្រោង​ធ្វើ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​នៅក្នុង​ទីធ្លា​ប្រាសាទអង្គរវត្ត​ហើយ​។

 
 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ​ដូចតទៅ​៖   

 
 
 
​ប្រាសាទអង្គរវត្ត គឺជា​គោលដៅ​ទេសចរណ៍​ទី​១ សម្រាប់​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅដល់​ទឹកដី​ខេត្តសៀមរាប​។ ប៉ុន្តែ​អ្នកទេសចរ ហាក់​ខកចិត្ត នៅពេលដែល​ទីធ្លា​ប្រាសាទបុរាណ​អាយុ​ជាង​១​ពាន់​ឆ្នាំ ដ៏​មហិមា​របស់​ខ្មែរ​មួយ​នេះ ហាក់​មិនសូវ​ទទួលបាន​ថែទាំ​ល្អ​នៅឡើយ​។ 


 
​ជាទូទៅ​អ្នកទេសចរ​ក៏​អាច​គយគន់ តួ​ប្រាសាទអង្គរវត្ត​ដ៏​ស្គឹ​ម​ស្គៃ​អស្ចារ្យ​បាន​ពី​ចម្ងាយ​។ ហើយ បើសិនជា​ត្រូវ​ដើរ​ចូលទៅ​ឲ្យ​ដល់​ប្រាសាទ​តែម្តង អ្នកទស្សនា​ក៏​មិនអាច​រំលង​បាន​នូវ​ទស្សនីយភាព​វាលស្មៅ និង​ដើមឈើ​ច្រើន​ប្រភេទ ដែល​នៅ​ឈរ​លំអ​បរិវេណ​ប្រាសាទ​ដ៏​ល្អ​ឯក​នេះ​។​
 
​ក៏ប៉ុន្តែ​អ្វីដែល​ធ្វើ​គេ​ហាក់​ស្រងាកចិត្ត​នោះ គឺ​ក្នុង​ទីធ្លា​ប្រាសាទ​មាន​សភាព​ក្រៀម​ស្វិត​ហើយ​ស្មៅ​កន្លែង​ខ្លះ​ក៏​ងាប់​អស់ នៅសល់តែ​ឫស និង​ដី​ហុយ​ទ្រលោម ពេល​មាន​ខ្យល់​បក់​មក​ម្តងៗ នៅក្នុង​រដូវប្រាំង​នេះ​។ 
 
​កំពុង​ដើរ​ជាមួយ​មិត្តភក្តិ​ក្នុង​ទីធ្លា​ប្រាសាទអង្គរវត្ត លោក ច កុសល អាយុ​២៧​ឆ្នាំ  គឺជា​ភ្ញៀវទេសចរ​ម្នាក់​មកពី​ភ្នំពេញ​។ កុសល បាន​សម្តែង​ការខកចិត្ត ចំពោះ​អាជ្ញាធរ​មិនសូវ​ខ្វល់ខ្វាយ​ថែទាំ​ស្មៅ​នៅក្នុង​ទីធ្លា​ប្រាសាទអង្គរវត្ត​។ មាន​សម្បុរ​ស ភ្នែក​ពា​ក់វែន​តា​ផង លោក ច កុសល ដែលមាន​ចរិត​ស្ងប់ស្ងាត់ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​នៅពេល​ដើរ​ចូលមក ខ្ញុំ​ឃើញ​ស្មៅ​ក្រៀម និង​មាន​ដី​ហុយ មើលទៅ​មាន​លក្ខណៈ​ក្រៀមក្រោះ​។ អ្នកខ្លះ គាត់​មក​មើល គាត់​មើល​តែ​ប្រាសាទ តែ​នៅ​ជុំវិញ​ប្រាសាទ មាន​លក្ខណៈ​មិនសូវ​ស្រស់បំព្រង បើ​គាត់​ចេះ​រៀបចំ​បាញ់​ទឹក​ឲ្យ​ស្មៅ​ដុះ​ស្រស់បំព្រង​ថែមទៀត យើង​មើលទៅ​កាន់តែ​ស្អាត កាន់តែ​ទាក់ទាញ​។ ខ្ញុំ​គិតថា មិន​លំបាក​ទេ តែ​ខ្ញុំ​អត់​ដឹងថា ពួកគាត់​អត់​គិតគូរ​រឿង​ហ្នឹង ឬក៏​យ៉ាងម៉េច​? ខ្ញុំ​អត់​យល់​ដែរ​?»​។ 


 
​ខណៈដែល​មាន​ភ្ញៀវទេសចរ​ទាំង​ខ្មែរ និង​បរទេស ដើរ​ទស្សនា​ប្រាសាទអង្គរវត្ត អ្នកស្រី លឹម ផល្លា បែរជា​ឈរ​ជាមួយ​សមាជិកគ្រួសារ​ជជែក​គ្នា​យ៉ាង​រីករាយ​។ អ្នកស្រី លឹម ផល្លា ដែលជា​អ្នក​ខេត្តបាត់ដំបង តែងតែ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត នៅពេល​អ្នកស្រី​បាន​ឈាន​ជើង​ចូល​លេង​ខេត្តសៀមរាប​។ និយាយ​បណ្តើរ ភ្នែក​ក្រឡេកមើល​ស្មៅ​ក្នុង​ទីធ្លា​ដែលមាន​ដី​ហុយ​បាចសាច​បណ្តើរ ស្ត្រី​វ័យ​៣៧​ឆ្នាំ​រូបនេះ​រៀបរាប់​ដូច្នេះ​៖ «​អារម្មណ៍​ខ្ញុំ បើ​មាន​ភាព​បៃតង វា​លេច​ជាង និង​ស្អាត​ជាង ហើយ​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​ទៀត​។ តែ​នេះ​វា​ស្អាត គ្រាន់តែ​ស្ងួត​បន្តិច​» ។ 
 
​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អ្នកស្រី លឹម ផល្លា ភ្ញៀវទេសចរ​រូប​សង្ហា​ម្នាក់ទៀត ក៏​លើកឡើង​ស្រដៀង​គ្នា​នេះដែរ​។ លោក ឃាង សុខៀង អាយុ​២៥​ឆ្នាំ ដែល​កំពុង​ថតរូប​ឲ្យ​មិត្តភក្តិ បាន​ឆ្លៀត​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ចង់ឃើញ​ប្រាសាទអង្គរវត្ត មាន​ភាព​បៃតង ដើម្បី​ឲ្យ​រូបថត​របស់លោក​កាន់​តែមាន​ភាពស្រស់ស្អាត​ថែមទៀត​។  មាន​រាង​ខ្ពង់​ស្រឡះ ដៃ​កាន់​ទូរស័ព្ទ​ទំនើប អ្នក​ភ្នំពេញ​រូបនេះ បាន​បរិយាយ​ថា​៖ «​និយាយ​រួម គេ​ផ្តោត​សំខាន់​មកលេង​ប្រាសាទអង្គរវត្ត ទីមួយ គេ​ចង់​ស្គាល់​ប្រាសាទអង្គរវត្ត​។ ទី​ពីរ គេ​ចង់​ថតរូប​ផ្តិត​យក​ទេសភាព​រូប​ឲ្យ​ស្អាត​ជាមួយនឹង​ប្រាសាទអង្គរវត្ត​។ ដូច្នេះ បើ​ទីធ្លា​យើង​ស្អាត អាហ្នឹង​រឹតតែ​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​»​។ 


 
​លោក សុខ អេង ភ្ញៀវទេសចរ​ម្នាក់​ដែល​មកពី​រាជធានី​ភ្នំពេញ​។ អ្នកទេសចរ​រូបនេះ មិន​ត្រឹមតែ​ជំរុញ​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ចំពោះ ការដាំ និង​ថែទាំ​ស្មៅ​នៅ​បរិវេណ​ប្រាសាទ​ប៉ុណ្ណោះ​ទេ លោក​ក៏​លើកឡើង​ពី​ចំណត​យាន្ត​យន្ត​នៅមុខ​ប្រាសាទ ដែលមាន​ដី​ហុយ ជង្ហុក​ក្រ​ហេ​ក​ក្រហូង ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ផងដែរ​។  ក្នុង​ទឹកមុខ​មាំ​បុរស​វ័យ​៥៦​ឆ្នាំ​រូបនេះ ដែល​កំពុង​ដើរ​កម្សាន្ត​ជាមួយ​ភរិយា​ផង​នោះ បាន​រៀបរាប់ថា​៖ «​ខែវស្សា​មកលេង​អង្គរ​ល្អ​ជាង ព្រោះ​មើលទៅ វា​មាន​ទេសភាព​បៃតង​។ តែ​ខែវស្សា មានការ​លំបាក​នៅខាងមុខ​ប្រាសាទ គឺ​លំបាក​ចត​ឡាន​។ ឡាន​ចូលទៅ មាន​គ្រ​ហុក កល់​ពោះ​ឡាន​។​ខ្ញុំ​ចង់​ប្រាប់ថា អង្គរវត្ត​លក់​សំបុត្រ​បាន​ច្រើនណាស់ គួរតែ​ឈូស​អាហ្នឹង ចាក់សាប ធ្វើ​យ៉ាងម៉េច​ឲ្យ​អ្នកទេសចរ​មកលេង​ឈប់​បាន​ស្រួល​។ ហើយ​មក​លើកទីមួយ​ឃើញ​គ្រ​ហុក​ហ្នឹង ខានមក​យូរហើយ​មកទល់​ឥឡូវ​៥​ទៅ​៦​ឆ្នាំ មកដល់​គ្រ​ហុក​ហ្នឹង​នៅ​ដដែល បើក​ទៅ​កល់​ពោះ​ឡាន ដាច់​បំពង់​ស៊ី​ម៉ាំង​អស់​។ ដូច្នេះ ភ្ញៀវ​មិន​សប្បាយចិត្ត​ទេ​។ យើង​លក់​សំបុត្រ​បាន​ច្រើន គួរ​យកមក​កែច្នៃ​ទីលាន​ហ្នឹង​ឲ្យ​ស្អា​តទៅ គ្នា​មកលេង​ចត​បាន​ស្រួល​»​។ 


 
​មិនមែន​តែ​អ្នកទេសចរ​នោះទេ ដែល​មិនសូវ​ពេញចិត្ត​ដែល​ឃើញ​ស្មៅ​ក្នុង​បរិវេណ​ងាប់​ក្រៀម​ស្វិត លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទេសក៍​អង្គរ ក៏មាន​អារម្មណ៍​ដូចគ្នា​។ លោក ខៀវ ធី​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ភ្ញៀវទេសចរ​បរទេស បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ប្រាសាទបុរាណ​របស់​ខ្មែរ គ្រាន់តែ​ខ្វះ​ការរៀបចំ​សណ្តាប់ធ្នាប់ និង​សួនច្បារ​នៅក្នុង​ទីធ្លា​ប្រាសាទ​ប៉ុណ្ណោះ​។ លោក លោក ខៀវ ធី បន្ត​៖​ «​ប្រាសាទបុរាណ​របស់​យើង គឺ​អស្ចារ្យ​ណាស់ ដែល​ភ្ញៀវ​គេ​មក គេ​កោតសរសើរ​ស្ងប់​ស្ងែ​ង និង​គោរព​។ ប៉ុន្តែ យើង​ចង់​ឲ្យ​អាជ្ញាធរ​អប្សរា រៀបចំ​ការបាញ់ទឹក​ឲ្យ​វា​ខៀវ​គ្រប់​រដូវ ដើម្បី​ទាក់ទាញ​ភ្ញៀវ​។ សំខាន់ ប្រាសាទបុរាណ​របស់​យើង យើង​ត្រូវ​រៀបចំ​សួន​ស្មៅ​នៅតាម​បរិវេណ​ប្រាសាទ​ខួប​ប្រាំ​ខួប​វស្សា កាត់​ស្មៅ​ឲ្យ​មាន​របៀបរបប បោស​ធូលី​ចេញពី​កំរាល​ថ្ម​ប្រាសាទ​។ ហើយ​ផ្លូវ​ចូលទៅ​កាន់​ប្រាសាទបុរាណ យើង​ធ្វើ​ឲ្យ​ស្អាត កុំ​ឲ្យ​មាន​គ្រលុក ហើយ​ដាក់​ស្លាក​សញ្ញា​សម្គាល់​តាម​ស្តង់ដារ​»​។ 
 
​តប​នឹង​ការរិះគន់​របស់​អ្នកទេសចរ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា បាន​អះអាងថា អាជ្ញាធរ​អប្សរា បានធ្វើ​សួនច្បារ​ដោយមាន​ដាំ​ស្មៅ​នៅមុខ​ទីធ្លា​ប្រាសាទអង្គរវត្ត និង​សួនច្បារ​មួយ​នៅ​ចំនួន​នៅ​ទីធ្លា​ខាងត្បូង​ប្រាសាទអង្គរវត្ត​រួចហើយ​។ បើតាម​អ្នកនាំពាក្យ​ដដែល នៅ​ឆ្នាំ ២០២០​នេះ អាជ្ញាធរ​អប្សរា នឹង​រៀបចំ​ការស្រោចស្រព​ស្វ័យប្រវត្តិ​នៅ​ទីធ្លា​ក្នុង​ប្រាសាទអង្គរវត្ត ដើម្បី​ធ្វើ​ឲ្យ​អង្គរ​វត្តមាន​សោភ័ណភាព​ស្រស់បំព្រង​គ្រប់​រដូវ​។  លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ឆ្នាំ​ហ្នឹង ឆ្នាំ​២០២០​ហ្នឹង យើង​នឹង​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ ដែល​ប្រព័ន្ធ​ស្រោចស្រព​នេះ ធ្វើ​ឲ្យ​បរិវេណ​ប្រាសាទអង្គរវត្ត នឹងមាន​ភាព​បៃតង​ខួបប្រាំងខួបវស្សា អត់​មាន​បញ្ហា​ស្មៅ​ខ្លោច ឬ​បាត់​សម្រស់​នៅ​ខែប្រាំង​ទៀត​ទេ​»​។ 
 
​យ៉ាងណាក៏ដោយ ភ្ញៀវទេសចរ បានស្នើរ​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ធ្វើ​កិច្ចការ​នេះ ព្រោះ​បើ​នៅ​បណ្តោយ​ឲ្យ​ស្មៅ​ងាប់ និង​ដី​ហុយ​ទ្រលោម​បែបនេះ វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​អារម្មណ៍​អ្នកទេសចរ ដែល​បាន​បង់លុយ​ចូល​មើល​ប្រាសាទ ព្រមទាំង​ខូច​មុខមាត់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទៀតផង​។ ពួកគេ សង្កត់ធ្ងន់ថា ការងារ​នេះ មិនមែនជា​ការងារ​លំ​បាក ដែល​ទាមទារ​នូវ​បច្ចេកទេស​ស្មុគស្មាញ និង​ត្រូវ​ប្រើពេល​វេលា​រាប់​ឆ្នាំ​នោះទេ​៕    

Tag:
 ​អង្គរវត្ត​
 ​អាជ្ញាធរ​អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com