ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ចាន់ រិទ្ធី ខំ​ប្រមូល​ឯកសារ​ចាប៉ីដងវែង ចងក្រង​ទុក​ក្នុង​ឯកសារ​ស្រាវជ្រាវ​តែមួយ​
12, Jan 2020 , 8:59 pm        
រូបភាព
 លោក ចាន់ រិទ្ធី កំពុង​អង្គុយ​ដេញ​ចាប៉ី ក្នុងបរិវេន​សាលា​រចនា
លោក ចាន់ រិទ្ធី កំពុង​អង្គុយ​ដេញ​ចាប៉ី ក្នុងបរិវេន​សាលា​រចនា
​ភ្នំពេញ​៖ ជា​និស្សិត​នៃ​មហាវិទ្យាល័យ​តូរ្យតន្ត្រី​ឯកទេស ជាតិ​ព័​ន្ធុ​តន្ត្រី​វិទ្យា នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក ចាន់ រិទ្ធី បាន​ព្យាយាម​ប្រមូល​ឯកសារ​នានា ដែល​ទាក់ទង​នឹង​ចាប៉ីដងវែង មក​ទុក​ក្នុង​ឯកសារ​តែមួយ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការស្រាវជ្រាវ​ទៅ​ថ្ងៃ​អនាគត​។ កិច្ចការ​ស្រាវជ្រាវ​នេះ ស្ថិតក្នុង​សារ​ណា​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​របស់លោក ចាន់ រិទ្ធី​។



​ទទួលបាន​និទ្ទេស​A ការស្រាវជ្រាវ​ពី​ចាប៉ីដងវែង បាន​បរិយាយ​ពី​ប្រវត្តិ​សិល្បករ​ចាប៉ីដងវែង​កាលពី​សម័យមុនៗ ពី​ឧបករណ៍​ចាប៉ី ពីបទ​ភ្លេង​និង​ចម្រៀង និង​ពី​ការវិភាគ​សាច់​បទ​ចាប៉ី​ជាដើម​។ លោក ចាន់ រិទ្ធី ថា​ការស្រាវជ្រាវ​នេះ មាន​ប្រយោជន៍​សម្រាប់​អ្នករៀន​ចាប៉ីដងវែង​។​
 
​អង្គុយ​លើ​កៅអី​ស៊ីម៉ង់​ក្រោម​ដើម​ល្វា ក្បែរ​អគារ​មហា​រិ​ទ្យា​ល័យ​តូរ្យតន្ត្រី នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក ចាន់ រិទ្ធី និស្សិត​ខ្សោយ​គំហើញ ដែល​ចាប់​ឯកទេស ជាតិ​ព័​ន្ធុ​តន្ត្រី​វិទ្យា បាន​ពន្យល់​ពី​គោលបំណង​នៃ​ការស្រាវជ្រាវ​ចាប៉ីដងវែង​ថា​៖


លោក ចាន់ រិទ្ធី កំពុង​អង្គុយ​ក្នុងបរិវេន​សាលា​រចនា

«​ខ្ញុំ​គ្រាន់តែ​ជា​និស្សិត​ដែល​សិក្សា​ឯកទេស​ស្រាវជ្រាវ​ប៉ុណ្ណោះ ខ្ញុំ​មិន​ហ៊ាន​ថា​ឯកសារ​ដែល​ខ្ញុំ​ស្រាវជ្រាវ​នោះ ល្អ​គ្រប់​ជ្រុងជ្រោយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​វា​អាចជា​ទុន​តិចតួចស្ដួចស្ដើង​មួយ ជួយ​ចង្អុល​ផ្លូវ​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​ក្រោយៗ​ទៀត​។ ខ្ញុំ​សង្កេតឃើញថា ឯកសារ​ទាក់ទង​នឹង​ចាប៉ីដងវែង ទាំង​សាច់​បទ​ចម្រៀង សាច់​បទ​ភ្លេង ទាំង​ប្រវត្តិ​សិល្បករ និង​ពី​ឧបករណ៍​ចាប៉ី​តែម្ដង នៅ​រាត់រាយ​គ្នា ហើយ​មិនសូវ​សម្បូរបែប​ផង ទើប​ខ្ញុំ​ចង់​ស្រាវជ្រាវ​បន្ថែម ដើម្បី​ប្រមូល​មក​ទុក​ក្នុង​ឯកសារ​តែមួយ​»​។​
 
​ទទួលបាន​និទ្ទេស​A ក្នុងការ​ការពារ​សា​រណា​បញ្ចប់​ស្នាដៃ​ថ្នាក់​បរិ​ញ្ញា​របស់ខ្លួន​
​លើ​ប្រធានបទ “​ចាប៉ីដងវែង​” ការស្រាវជ្រាវ​នេះ​គឺ​ពិតជា​រឿង​ដ៏​លំបាក​មួយ សម្រាប់​និស្សិត​ខ្សោយ​គំហើញ​មួយរូប​នេះ​។ ជា​រឿង​ចាំបាច់​បំផុត ក្នុង​កិច្ចការ​ស្រាវជ្រាវ គឺ​ត្រូវ​ចុះទៅ​ដល់ទី​តាំង​ផ្ទាល់ សម្ភាសន៍​ប្រភព​ផ្ទាល់ និង​អង្កេត​ផ្ទាល់ ដូច្នោះ​ហើយ​លោក រិទ្ធី ត្រូវការ​ជំនួយ​ពី​មិត្ត​ភ័ក្ដិ​ភ្នែក​ភ្លឺ ដោយ​ចៀស​មិន​រួច​។ 
 
«​ស្រាវជ្រាវ​បាន​ពាក់កណ្ដាល ខ្ញុំ​ចង់​បោះបង់ចោល​ដែរ ព្រោះ​ទំហំ​ការងារ​លើសពី​អ្វីដែល​ខ្ញុំ​គ្រោងទុក​។ ខ្ញុំ​ធ្វើ​យូរ​ទៅ​កាន់តែ​លំបាក​ឡើងៗ ព្រោះ​ចាប៉ីដងវែង​មានរឿង​ច្រើន​ត្រូវ​និយាយ​។ ការងារ​ភាគច្រើន​ខ្ញុំ​ត្រូវ​ពឹង​មិត្ត​ដែល​ភ្នែក​ភ្លឺ ដូចជា​ការកត់ត្រា​មួយចំនួន​ជាដើម​។ ឧបសគ្គ​ខ្លះ​ធ្វើឱ្យ​ខ្ញុំ​ធ្លាក់ទឹក​ចិត្ត​ដែរ ប៉ុន្តែ​ទោះជា​យ៉ាងណា​ខ្ញុំ​មាន​គ្រូ និង​មិត្ត​ភ័ក្ដិ ដែល​តែងតែ​លើកទឹកចិត្ត និង​ជួយ​ជ្រោមជ្រែង​ខ្ញុំ ទើប​ខ្ញុំ​តាំងចិត្ត​ថា​នឹងធ្វើ​វា​ឱ្យបាន​»​។ ទាំងនេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក រិទ្ធី​។​
 
​តាមរយៈ​ការស្រាវជ្រាវ​ពី​ឯកសារ​ចាស់ៗ ពី​គំនូរ​នៅតាម​វត្ត​អារាម​នានា និង​ពី​ព្រឹទ្ធាចារ្យ​ដែលជា​សិល្បករ​ចាប៉ី​មួយចំនួន​ផង និស្សិត​ខ្សោយ​គំហើញ ចាន់ រិទ្ធី ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​ប្រវត្តិ​ឧបករណ៍​ចាប៉ីដងវែង ឈ្មោះ​សិល្បករ​ចាប៉ី​ល្បីៗ ដែល​ទទួលបាន​គោរមងារ​ពី​ព្រះរាជា នា​សម័យ​ព្រះបាទ​អង្គឌួង​។​
 
​ទឹក​សម្ដី​រាង​ប្រយ័ត្នប្រយែង បុរស​កូនច្បង​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​៣​នាក់​រូបនេះ បន្ថែមថា លោក​បាន​ស្រាវជ្រាវ​ឃើញ សាច់​បទ​ភ្លេង​ចាប៉ីដងវែង ដែល​ស្ទើរនឹង​បាត់បង់​បាន​មួយចំនួន​។ ហើយ​បច្ចេកទេស​ធ្វើ​ចាប៉ីដងវែង វត្ថុធាតុដើម​សម្រាប់ធ្វើ​ចាប៉ី រូបរាង​និង​ខ្នាត​ចាប៉ី  ព្រមទាំង​សំនៀង​របស់​ចាប៉ី​ជាដើម ក៏​លោក ចាន់ រិទ្ធី បាន​ប្រមូល​ទុក​ក្នុង​ឯកសារ​ស្រាវជ្រាវ​របស់ខ្លួន​ដែរ​។​
 
​ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស​ដៃខ្លី​លោក រិទ្ធី ដែលមាន​សក់ខ្មៅ​វែង​ចង​ទៅក្រោយ​ដោយ​កៅស៊ូ​ដូច​មនុស្ស​ស្រី​នោះ បាន​សាកល្បង​វិភាគ​សាច់​បទ​ភ្លេង បែបបទ​នៃ​ការ​ច្រៀង ព្រមទាំង​ការលេង​ចាប៉ីដងវែង​ផងដែរ​។ បុរស​ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ ហើយក៏​ជា​កសិករ​ផង​នោះ មិនបាន​ខកខាន​ក្នុងការ​ស្រាវជ្រាវ​ពី​ការវិវឌ្ឍ​នៃ​ប្រភេទ​ចាប៉ី ពី​ណោ​ត​ភ្លេង និង​ពី​ការសម្ដែង​ចាប៉ីដងវែង ពីមួយ​សម័យកាល​ទៅមួយ​សម័យកាល​ទៀត​នោះទេ​។​
 
​អាច​លេង​ទាំង​ឧបករណ៍​ភ្លេងបុរាណ​និង​សម័យ លោក រិទ្ធី ថា​បទ​ភ្លេង​ចាប៉ី​សំខាន់ៗ​មាន​៧​បទ ហើយ​លោក​រៀបរាប់​ដូច្នេះ​៖«​បើតាម​ប្រសាសន៍​របស់​លោកតា​ភិរម្យ ប្រាជ្ញ ឈួន ចាប៉ីដងវែង​មាន​បទ​ភ្លេង​សំខាន់ៗ​ចំនួន​៧​បទ​។ ទី​១ បទ​ផាត់ជាយ​ធំ​៖ ប្រើ​នៅពេល​ចាប់ផ្ដើម​សាច់​បទ​។ ២ ផាត់ជាយក្លាយ​៖ ប្រើ​សម្រាប់​ពិពណ៌នា​សាច់រឿង​។ ៣ សា​រោ​មេ​៖ ប្រើ​សម្រាប់​ពិពណ៌នា​សាច់រឿង (​កម្សត់​ស្ទើរ​)​។ ៤ សា​រោ​មេជើង​ព្រៃ​៖ ប្រើ​សម្រាប់​ពិពណ៌នា​សាច់រឿង (​កម្សត់​ស្ទើរ​)​។ ៥ នគររាជជើងព្រៃ​៖ ប្រើ​សម្រាប់​ពិពណ៌នា​សាច់រឿង (​កម្សត់​)​។ 
 
៦ នគររាជ​កំពង់សៀម​៖ ប្រើ​សម្រាប់​ពេល​កម្សត់​ខ្លាំង (​បើ​និយាយ​នៅក្នុង​សាច់រឿង​អ្វីមួយ បទ​នេះ​គេ​ប្រើ​ត្រង់​ឈុត​ដែលមាន​តួអង្គ​ណា​ម្នាក់​ស្លាប់​)​។ ៧ លោម​៖ ប្រើ​សម្រាប់​ពិពណ៌នា​សាច់រឿង ដែលមាន​បរិយាកាស​បែ​ប​សប្បាយ (​ឧ​. ពេល​ព្រះរាជា​យាង​ប្រពាត​ព្រៃ មាន​សេនា ឬ​ភីលៀង​ច្រៀង​រៀបរាប់​ទេសភាព​)»​។​
 
​លោក ចាន់ រិទ្ធី ពន្យល់​បន្ថែម​៖«​ក្រៅ​ពីបទ​ខាងលើ នៅមាន​បទ​ផ្សេងទៀត ដែល​គេ​យកមក​ធ្វើជា​ល្បោយ នៅក្នុង​ការ​ច្រៀង​ចាប៉ី ដោយ​ភាគច្រើន​ដកស្រង់​ចេញពី​បទ​ភ្លេង​ការ ដើម្បី​បន្ថែម​បរិយាកាស​។ ឧ​. ដូចជា​បទ “​បំពេ​”(​ពោល​ពាក្យ​ថ្នាក់ថ្នម​លួងលោម​) បទ “​លលកស​” (​កំប្លុកកំប្លែង​) និង​បទ “​ដំរី​យោល​ដៃ​” (​សប្បាយ​រិ​ករាយ​)»​។​
 
​សម្រាប់​គម្រោង​ទៅ​ថ្ងៃ​អនាគត លោក ចាន់ រិទ្ធី ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ គ្រោង​ចងក្រង​ឯកសារ​ដែល​បាន​ស្រាវជ្រាវ​ទាំងអស់​ជា​សៀវភៅ ក្រោយពី​ការកែសម្រួល​ខ្លឹមសារ​និង​ចំណុច​ខ្វះខាត​មួយចំនួន​រួច​។ សម្រាប់​លោក រិទ្ធី ការ​ចងក្រង​សៀវភៅ​នេះ​មានន័យ​ស្មើនឹង​ការរួមចំណែក​ផ្សព្វផ្សាយ​ពី​សិល្បៈ​ចាប៉ីដងវែង​ឱ្យ​កាន់​តែមាន​វិសាលភាព​៕

Tag:
 ចាប៉ី​
  ប្រាជ្ញ ឈួន​
  ស្រាវជ្រាវ​
  សិក្សា​
  ប្រឡង​
  សារ​ណា​
 ​បរិ​ញ្ញា​
  ចាន់ រិទ្ធី​
 
© រក្សាសិទ្ធិដោយ thmeythmey.com