កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ ជប៉ុន និង ចិន ហាលអាវព្រមគ្នា ត្រឹមវគ្គចែកពូល
× ជប៉ុន និងចិន សុទ្ធតែធ្លាក់ចេញពីព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ២០២០ បន្ទាប់ពីក្រុមទាំងពីរបរាជ័យទាំង២ប្រកួតដំបូងនៅវគ្គសន្សំពិន្ទុ។ កូរ៉េខាងត្បូង កក់កៅអីទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រោយឈ្នះ២ប្រកួតនៅពូល C។
ពីរប្រកួតក្នុងពូល B ក្រុមជម្រើសជាតិជប៉ុនក្រោមអាយុ២៣ឆ្នាំ មិនអាចរកបានសូម្បីតែ១ពិន្ទុ។ ជំនួបដំបូង ជប៉ុនចាញ់អារ៉ាប៊ីសាអូឌីត ២-១ និងជំនួបទី២ នៅយប់ថ្ងៃទី១២ ខែមករា ពួកគេបន្តចាញ់ស៊ីរីដោយលទ្ធផល ២-១ ដដែល។ ការចាញ់ទាំងពីរប្រកួត មានន័យថាក្រុមសាម៉ូរ៉ៃ U23 អស់សិទ្ធិដោយស្វ័យប្រវត្តិតែម្តងក្នុងការបន្តទៅវគ្គបន្ទាប់។
ឆ្លងកាត់ការប្រកួត២លើកក្នុងពូល B ស៊ីរីឈរលេខ១ មាន៤ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ អារ៉ាប៊ីសាអូឌីត ខណៈកាតាមាន២ពិន្ទុ ឈរលេខ៣។ ក្រុមទាំងបីត្រូវប្រជែងគ្នានៅជំនួបចុងក្រោយ ដើម្បីយកពីរក្រុមទៅវគ្គបន្ត។ ជំនួបចុងក្រោយកាតាជួបជប៉ុន រីឯរ៉ាប៊ីសាអូឌីតប៉ះស៊ីរី។
មិនខុសគ្នាពីជប៉ុនឡើយ ចិនក៏ហាលអាវត្រឹមវគ្គចែកពូលនេះដូចគ្នា។ ក្រុមរហស្សនាមនាគមាស ទទួលរងបរាជ័យទាំងពីរប្រកួតក្នុងពូល C ដោយជំនួបដំបូងចាញ់កូរ៉េខាងត្បូងទាំងប្រផិតប្រផើយ ១-០ និងបន្តចាញ់អ៊ូសបេគីស្ចាន ២-០។
កូរ៉េខាងត្បូង ជាក្រុមដំបូងគេដែលទទួលបានកៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយដោស្វ័យប្រវត្តិនៃព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីនេះ ក្រោយឈ្នះទាំងពីរប្រកួត និងឈរកំពូលតារាងពូល B បណ្តោះអាសន្ន។ អ៊ូសបេគីស្ថានដែលរកបាន៤ពិន្ទុ ឈរនៅលេខរៀងទី២ តាមពីក្រោយដោយអ៊ីរ៉ង់ដែលរកបាន១ពិន្ទុ។ បើទោះមានពិន្ទុចាញ់ប្រៀប ប៉ុន្តែអ៊ីរ៉ង់នៅមានឱកាសដណ្តើមយកចំណាត់ថ្នាក់ទី២ពូល B ជាមួយអ៊ូសបេគីស្ថាន សម្រាប់ការប្រកួតចុងក្រោយ។
ដោយឡែកក្នុងពូល A វិញ ក៏បានឆ្លងកាត់ការប្រកួត២លើករួចហើយដែរ។ ម្ចាស់ផ្ទះថៃបរាជ័យក្នុងជំនួបលើកទី២ក្រោមថ្វៃជើងអូស្ត្រាលីដោយលទ្ធផល ២-១ បន្ទាប់ពីឈ្នះបារ៉ែននៅជំនួបបើកឆាកដល់ទៅ ៥-០។ អ៊ីរ៉ាក់បន្តស្មើជាមួយបារ៉ែន ក្រោយស្មើអូស្ត្រាលីនៅជំនួបដំបូងរួចមក។ ឆ្លងកាត់ការប្រកួត២លើក អូស្ត្រាលីឈរលេខ១ពូល A មាន៤ពិន្ទុ ថៃលេខ២មាន៣ពិន្ទុ អ៊ីរ៉ាក់នៅលេខរៀងទី៣មាន២ និងបារ៉ែននៅបាតារាងមាន១ពិន្ទុ។ ក្រុមទាំង៤ នៅមានឱកាសហាលអាវ និងឡើងទៅវគ្គបន្តដូចៗគ្នា ដែលត្រូវសម្រេចនៅការប្រកួតចុងក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com