ស្ត្រី​ចិន​ម្នាក់ ត្រូវបាន​ឃើញថា​មាន​ផ្ទុក​វីរុស​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ប្រទេស​ថៃ​
អន្តរជាតិ
ស្ត្រី​ចិន​ម្នាក់ ត្រូវបាន​ឃើញថា​មាន​ផ្ទុក​វីរុស​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ប្រទេស​ថៃ​
14, Jan 2020 , 2:12 pm        
រូបភាព
រូបភាព៖ CTN News
រូបភាព៖ CTN News
​អាជ្ញាធរ​ថៃ បាន​រកឃើញ​ករណី​ជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​ផ្ទុះ​នៅ​ទីក្រុង Wuhan លើ​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​ធ្វើដំណើរ​មកពី​ចិន​។ បើតាម​ការអះអាង​រប​ស់​ក្រសួងសុខាភិបាល​ថៃ​នៅ​ថ្ងៃទី​១៣ ខែមករា អ្នកជំនាញ​ពិតជា​រកឃើញថា ស្ត្រី​រូបនេះ​ពិត​ជាមាន​ផ្ទុក​វី​វុ​ស​ថ្មី ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នេះ​មែន​។ ករណីនេះ គឺជា​លើកទីមួយ​ហើយ ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ក្រៅប្រទេស​ចិន​។ 


 
​ចាប់តាំងពី​វីរុស​រលាក​សួត​ប្រភេទ​ថ្មី ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន អាជ្ញាធរ​ថៃ​ចាប់ផ្តើម​រឹតបន្តឹង និង​ត្រួតពិនិត្យ​ភ្ញៀវទេសចរ​ចិន​យ៉ាង​តឹងរឹង ដើម្បី​ប្រាកដថា​ភ្ញៀវ​ទាំងនោះ គ្មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ មុននឹង​ជាន់​ទឹកដី​ថៃ​។ ប៉ុន្តែ​ថៃ​អាច​នឹង​បន្ថែម​កម្លាំង ដើម្បី​ពិនិត្យ​ករណី​សង្ស័យ​នេះ​បន្ថែមទៀត ដើម្បី​ប្រាកដថា​គ្មាន​ភ្ញៀវទេសចរ​ចិន​ផ្ទុក​ជំងឺ​នេះ​ទេ ស្របពេល​ឱកាស​ចូលឆ្នាំ​ចិន​ជិត​ចូលមក​ដល់​។ 
 
​តាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ថៃ​នៅ​ថ្ងៃទី​១៣ ខែមករា មកទល់ពេលនេះ អ្នកដំណើរ​ចំនួន ១២​នាក់ ត្រូវបាន​ឃាត់ខ្លួន ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​វីរុស​សួត​ប្រភេទ​ថ្មី​។ ក្រោម​ចំណាត់ការ​នេះ ត្រូវបាន​គេ​រកឃើញថា ស្ត្រី​ចិន​វ័យ​៦១​ឆ្នាំ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ​កាលពី​ថ្ងៃទី​៨ ខែមករា ប៉ុន្តែ​ស្ត្រី​រូបនេះ បានទទួល​ការព្យាបាល​នៅក្នុង​វិទ្យាស្ថាន​ជំងឺឆ្លង​ខេត្ត Nonthaburi និង​អាច​វិល​ត្រលប់​ទៅ​ចិន​វិញ​បាន​ក្នុង​រយៈពេល​២ ឬ​៣​ថ្ងៃ​ទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​បន្ថែម​ពីនេះ​មនុស្ស ១៦​នាក់​ផ្សេងទៀត ដែល​បាន​អង្គុយ​ជិត​ស្ត្រី​វ័យ​៦១​ឆ្នាំ​រូបនេះ នៅលើ​យន្តហោះ ក៏ត្រូវ​បាន​គេ​ពិនិត្យ​រួចហើយ ថា​គ្មាន​ផ្ទុក​ជំងឺ​អ្វី​ទេ​។ 
 
​ចំណែក​អង្គការ​សុខភាព​ពិភពលោក ក៏បាន​អះអាង​ដែរ​ថា ស្ត្រី​ចិន ដែល​ត្រូវបាន​ថៃ​ឃាត់ខ្លួន​នេះ គឺមាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី ដែល​អាច​បង្ក​ឲ្យ​មានការ​រលាក​សួត​ធ្ងន់ធ្ងរ​មែន ប៉ុន្តែ​ស្ត្រី​រូបនេះ ត្រូវបាន​ថៃ​ព្យាបាល​តាំងពី​ថ្ងៃទី​៨ ខែមករា​មក​ម្លេះ​។ ដោយសារ​ព្រួយបារម្ភ​ពី​បញ្ហា​វីរុស​ថ្មី​នេះ អង្គការ​សុខភាព​ពិភពលោក អាច​នឹង​បើក​កិច្ចប្រជុំ​មួយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ 
 
​មកទល់ពេលនេះ គេ​មិនទាន់​កំណត់​អត្តសញ្ញាណ​វីរុស​នេះ​បាន​នៅឡើយ​ទេ ហើយ​តើ​វា​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ឬក៏​អត់​។ បើតាម​ការ​សន្ម​ត់របស់​អាជ្ញាធរ​ចិន វីរុស ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី គឺមាន​បញ្ហា​ទាក់ទង​ទៅនឹង​ផ្សា​រលក់​គ្រឿង​សមុទ្រ​មួយកន្លែង​ក្នុង​ក្រុង Wuhan ខេត្ត Hubei ។ ផ្សារ​លក់​គ្រឿង​សមុទ្រ​បោះ​ដុំ Huanan នេះហើយ ដែលមាន​អ្នកជំងឺ​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ ធ្វើការ និង​ទិញ​គ្រឿង​សមុទ្រ​ជាច្រើន​។ 
 
​សូមបញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត គឺ​មានតែ​ម្នាក់​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​ចិន ខណៈពេល​មនុស្ស​ចំនួន ៤១​នាក់ កំពុង​ត្រូវបាន​គេ​ពិនិត្យ​តាមដាន​យ៉ាង​ម៉ត់ចត់ ហើយ​មនុស្ស​៧​នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​៕

Tag:
 ​ចិន​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com