អាមេរិក​បង្កក​ទ្រព្យ និង​ចរន្ត​ប្រាក់​ក្រុមហ៊ុន​ពីរ​របស់​កូរ៉េខាងជើង​ដែល​នាំ​ពលករ​ទៅ​បរទេស​
អន្តរជាតិ
អាមេរិក​បង្កក​ទ្រព្យ និង​ចរន្ត​ប្រាក់​ក្រុមហ៊ុន​ពីរ​របស់​កូរ៉េខាងជើង​ដែល​នាំ​ពលករ​ទៅ​បរទេស​
15, Jan 2020 , 10:01 am        
រូបភាព
ពលករកូរ៉េខាងជើង ធ្វើការនៅក្នុងរោងចក្រផលិតស្បែកជើង កាលពីឆ្នាំ២០១៧។ រូបភាព៖ AFP
ពលករកូរ៉េខាងជើង ធ្វើការនៅក្នុងរោងចក្រផលិតស្បែកជើង កាលពីឆ្នាំ២០១៧។ រូបភាព៖ AFP
​ក្រុមហ៊ុន​ដែល​នាំ​ពលករ​កូរ៉េខាងជើង​ទៅ​បម្រើការ​នៅ​បរទេស​ចំនួន​២ នៅ​ថ្ងៃទី​១៤ ខែមករា ត្រូវបាន​សហរដ្ឋអាមេរិក សម្រេច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ដាក់បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​។ ការណ៍​នេះ អាមេរិក ធ្វើឡើង​ដោយ​ផ្អែក​ទៅតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ កាលពី​ឆ្នាំ ២០១៧​កន្លងទៅ​។

 
​នៅក្នុង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​ជា​ឯកច្ឆន្ទ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នា​ឆ្នាំ​២០១៧ ប្រទេស​ទាំងអស់ ត្រូវតែ​បញ្ជូន​ពលករ​កូរ៉េខាងជើង​ទាំងអស់​ត្រលប់​ទៅវិញ​រហូតដល់​ត្រឹម​ថ្ងៃទី ២២ ខែធ្នូ​។ សេចក្តីសម្រេច​នេះ ធ្វើឡើង បន្ទាប់ពី​គេ​រកឃើញថា​មាន​ពលករ​កូរ៉េខាងជើង​ប្រមាណ​ជា ១០​ម៉ឺន បានធ្វើការ​នៅ​បរទេស​ក្នុង​ឆ្នាំ ២០១៧ និង​រកប្រាក់​ចំនូល​បាន​ជាង កន្លះ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ 
 
​ដោយ​ផ្អែក​ទៅតាម​សេចក្តីសម្រេច​នេះ សហរដ្ឋអាមេរិក បានដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ចរន្ត​ប្រាក់ លើ​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​បរទេស​ចំនួន​ពីរ ។ ក្រុមហ៊ុន​ទាំងពីរ​នោះ មានដូចជា​ក្រុមហ៊ុន​កូរ៉េខាងជើង Korea Namgang Trading Corporation ដែលជា​ក្រុមហ៊ុន នាំ​ពលករ​ទៅធ្វើ​ការ​នៅ​រុស្ស៊ី នី​ហ្សេ​រី​យ៉ា និង​មជ្ឈិមបូព៌ា និង​ក្រុមហ៊ុន​ចិន Beijing Sukbakso ដែល​ទទួលបន្ទុក​រក​កន្លែង​ស្នាក់នៅ និង​ការផ្ទេរ​ប្រាក់​ជាដើម​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​រតនាគារជាតិ​អាមេរិក លោក Steven Mnuchin បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ៖« ការបញ្ជូន​ពលករ​កូរ៉េខាងជើង​ទៅធ្វើ​ការ​នៅ​បរទេស បានផ្តល់​ប្រាក់ចំនូល​ខុសច្បាប់​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​វា​គឺ​ប្រឆាំងនឹង​ច្បាប់​អន្តរជាតិ​»​។ ក្នុងន័យ ដោយសារតែ​វា​ខុស​ទៅនឹង​ច្បាប់​អន្តរជាតិ ទើប​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ទាំងពីរ ដែល​ហ៊ាន​បំពាន​នឹង​ច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
​ជាការ​ពិត ពលករ​កូរ៉េខាងជើង​ភាគច្រើន ធ្វើការ​នៅ​ការដ្ឋាន​សំណង់​ច្រើន​ម៉ោង និង​ស្នាក់នៅ​កន្លែង​ដាច់​ពី​គេ​។ ភាគច្រើន​ពលករ​ទាំង​នោះ ធ្វើការ​នៅ​តំបន់​អ៊ឺរ៉ុប​ខាងកើត ចិន និង​រុស្ស៊ី​។ 
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​១៤ ខែមករា​ដដែល​នេះ អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​មួយ​នៅក្បែរ​ទីក្រុង San Francisco​។ ក្នុងជំនួប​នេះ ភាគី​ទាំងបី បាន​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី ដើម្បី​ធានា​ពី​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com