អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិជប៉ុន ព្រមានចិនដែលហ៊ានបំពានលើដែនកោះ Senkaku រដ្ឋមន្រ្តីការពារជាតិជប៉ុន តារ៉ូ កូណូ។ រូបភាព៖ Kyodo
× ពីទឹកដីសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តារ៉ូ កូណូ (Taro Kono) នៅថ្ងៃទី១៤ ខែមករា បានព្រមានទីក្រុងប៉េកាំងចំៗថា កុំហ៊ានបំពានលើដែនអធិបតេយ្យរបស់ជប៉ុន និងទទូចឲ្យចិន គោរពតាមបទដ្ឋានអន្តរជាតិ។ ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិបែបនេះ គឺធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង នាពេលខាងមុខ។
កោះ Senkaku ជាភាសាជប៉ុន ឬ Diaoyu ជាភាសាចិន គឺជាកូនកោះតូចៗ ដែលស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងកើត។ នៅក្នុងដែនកោះមួយនេះ ត្រូវបានគេរកឃើញថា គឺជាជម្រុងធនធានធម្មជាតិដ៏ច្រើន ដូចជាប្រេង ត្រី និងជាផ្លូវនាវាចរដ៍សំខាន់មួយ។
ដោយមើលឃើញពីការពង្រីកឥទ្ធិពលចិនច្រើនឡើងៗក្នុងរយៈពេលចុងក្រោយនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន តារ៉ូ ដែលមានវត្តមាននៅក្នុងវេទិកាពិភាក្សា និងផ្តល់យោបល់លើបញ្ហាផ្សេងៗ (Think Tank) នាទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ជប៉ុន មិនអាចមិនយកភ្នែកមើលសកម្មភាពរបស់នាវាចិន បំពានលើប្រជុំកោះSenkaku នៅក្នុងសមុទ្រចិនខាងកើត ជាញយៗបានទេ។
បើតាមលោករដ្ឋមន្ត្រីការពារជាតិជប៉ុន ចិន គួរតែគោរពទៅតាមគោរពបទដ្ឋានអន្តរជាតិ ដូចជាសេរីភាព ប្រជាធិបតេយ្យ និងបទបញ្ជាច្បាប់ជាដើម ដែលប្រទេសជាច្រើនអនុវត្ត ដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោករដ្ឋមន្ត្រីជប៉ុនរូបនេះ បានព្រមានថា បើចិននៅតែបំពានលើបទដ្ឋានអន្តរជាតិទៀត ចិនត្រូវតែទទួលខុសត្រូវលើបញ្ហានេះ។ ប៉ុន្តែលោក តារ៉ូ មិនបានបញ្ជាក់ថាពីការទទួលខុសត្រូវនេះ ជាអ្វីទេ។
បន្ទាប់ពីវេទិកាពិភាក្សា និងផ្តល់យោបល់លើបញ្ហាផ្សេងៗ នៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ លោក តារ៉ូ ត្រូវបន្តភារកិច្ចទៅជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកនៅមន្ទីរបញ្ចកោណទៀត។ ក្នុងជំនួបនេះ ភាគីទាំងពីបានលើកឡើងពីបញ្ហាមជ្ឈិមបូព៌ា ការបញ្ជូននាវាចម្បាំង និងយន្តហោះយាមល្បាតទៅតំបន់មជ្ឈិមបូព៌ា និងបញ្ហានៅលើឧបទ្វីបកូរ៉េជាដើម។
សូមបញ្ជាក់ថា ពាក្យព្រមានរបស់រដ្ឋមន្ត្រីការពារជប៉ុនធ្វើឡើង មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោកស៊ី ជិនភីង ទៅជប៉ុនក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរឹតចំណងមិត្តភាព និងដោះស្រាយបញ្ហាចម្រូងចម្រាសរវាងប្រទេសទាំងពីរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com