ជាតិ
រដ្ឋបាលខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​អាជីវក​រលើ​ឆ្នេរ​អូរត្រេះ រើ​តូប​ចេញ ដើម្បី​រៀបចំ​សោភណភាព​
15, Jan 2020 , 3:17 pm        
រូបភាព
​រដ្ឋបាលខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​អ្នកលក់ដូរ​លើ​អូរត្រេះ រុះរើ​តូប​ចេញ ដើម្បី​ក្រុម​ជំនាញ​​រៀបចំ​សណ្ដាប់ធ្នាប់ កែលម្អ​សោភ័ណភាព​ឆ្នេរ សម្រាប់​ពលរដ្ឋ​កម្សាន្ត​។


 
​កន្លងមក រដ្ឋបាលខេត្ត​ព្រះសីហនុ ធ្លាប់​បានចេញ​លិខិត​និង​ណែនាំ​ឲ្យ​រុះរើ​តូប​លក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល​និង​អូរត្រេះ ហើយ​អាជីវករ បាន​រុះរើ​តូប​១២៦​របស់​ពួកគេ​។ យ៉ាងណាក៏ដោយ តូប​របស់​អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ​មួយចំនួន​នៅ​មិនទាន់បាន​រុះរើ​នៅឡើយ​។ ចំណែក​នៅ​តូប​លក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល គឺ​អាជីវករ បាន​រើចេញ​អស់ហើយ​។ នេះ​បើតាម​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម Telegram នៅ​ថ្ងៃទី​១៤ មករា ឆ្នាំ​២០២០​។ 
 
​លោក ឃាង ភារ​ម្យ ថ្លែង​ដូច្នេះ​ថា​៖«​នៅ​ឆ្នេរ​អូ​ឈើទាល​១ ឆ្នេរ​អូរ​ឈើទាល​២ និង​អូរត្រេះ មានតែ​ឆ្នេរ​អូរ​ឈើទាល​១​ប៉ុណ្ណោះ ដែល​អាជ្ញាធរ​បាន​សាងសង់​តូប​ថ្មី​តាម​ស្ដង់ដារ​ចំនួន​៤៧​តូប ទុក​សម្រាប់​ពលរដ្ឋ​លក់ដូរ​»​។ 
 
​កាលពី​ថ្ងៃទី​១៣ ខែមករា រដ្ឋបាលខេត្ត​ព្រះសីហនុ​សេចក្ដីប្រកាស​ព័ត៌មាន ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​លក់ដូរ​នៅ​អូរត្រេះ រុះរើ​តូប​ចេញ​។ ប្រសិនបើ​មិន​រុះរើ រដ្ឋបាល​នឹង​ចាត់វិធានការ​ចុះ​រុះរើ ដោយ​មិន​ទទួល​ការខុសត្រូវ​ចំពោះ​ការខូចខាត​ឡើយ​៕ 

Tag:
 ឆ្នេរ​អូរត្រេះ​
  រើ​តូប​
© រក្សាសិទ្ធិដោយ thmeythmey.com