កីឡាអន្តរជាតិ
អន្តរជាតិ
​ម្ចាស់​មេដាយ​អូឡាំពិក​អ៊ីរ៉ង់​ភៀសខ្លួន​ទៅ​រស់នៅ​អឺរ៉ុប ដោយសារ​ខកចិត្ត​ចំពោះ​មេដឹកនាំ
15, Jan 2020 , 8:39 pm        
រូបភាព
​កីឡាការិនី Kimia Alizadeh ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​អូឡាំពិក​ស្ត្រី​តែមួយគត់​របស់​អ៊ីរ៉ង់​ប្រកាសថា​នាង​បាន​រត់​ចេញពី​ប្រទេស​នេះ​ទៅ​រស់នៅ​ប្រទេស​ផ្សេង​វិញ ដែល​ស្ថិតនៅ​តំបន់​អឺរ៉ុប​។ មូលហេតុ​នៃ​ការសម្រេច​ភៀសខ្លួន​នេះ ដោយសារ Alizadeh មិនអាច​ទ្រាំ​រស់នៅ​ក្រោម​ការជិះជាន់ និង​ភាពអយុត្តិធម៌​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​

 
​នាង Alizadeh វ័យ​២១​ឆ្នាំ បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ថា នាង​បាន​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ង់​ហើយ ព្រោះ​នាង​មិន​ចង់​ក្លាយជា​ចំណែក​មួយ​នៃ​ការ «​កុហក លាក់ពុត ភាពអយុត្តិធម៌ និង​ការ​បញ្ចើចបញ្ចើ នៅ​ប្រទេស​នេះ​»​។​
 
«​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​រាប់លាន​នាក់​ដែល​ត្រូវបាន​គេ​ជិះជាន់​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ពួកគេ​បាន​លេងសើច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​»​។ នេះ​ជាការ​បន្ថែម​របស់ Alizadeh ដែលជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​តេ​ក្វាន់​ដូ អូឡាំពិក​ក្រុង​រី​យ៉ូ ឆ្នាំ​២០១៦​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​របស់​នា​ង Alizadeh បាន​និយាយថា​អាជ្ញាធរ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​បាន​ប្រើ​ភាពជោគជ័យ​របស់​នាង​ជា​ឧបករណ៍​ឃោសនា​ថែម​ទៀតផង​។​


 
​ការសម្រេច​ភៀសខ្លួន​ពី​ប្រទេស​កំណើត​របស់ Alizadeh បានកើត​ឡើង​ស្រប​ពេលដែល​ប្រទេស​អ៊ីរ៉ង់​កំពុងមាន​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ក្រោយពី​មានការ​បាញ់​ទម្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​មួយគ្រឿង រហូត​សម្លាប់​មនុស្ស​១៧៦​នាក់​កាលពី​សប្តាហ៍​មុន​។ ការបាញ់​ទម្លាក់​យន្តហោះ​នេះ ក៏​ចំពេល​ការប្រឈមមុខ​ដាក់គ្នា​ដ៏​ធំ​មួយ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ផងដែរ​។​
 
​មកទល់ពេលនេះ​កីឡាការិនី Alizadeh នៅ​មិនបាន​បញ្ជាក់ថា​ខ្លួន​ស្ថិត​នៅទីណា​នោះទេ ខណៈ​ដែលមាន​របាយការណ៍​ថា​នាង​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ហូ​ឡង់​។ យ៉ាងណាក៏ដោយ ម្ចាស់​មេដាយ​អូឡាំពិក​រូបនេះ បាន​បដិសេធថា​នាង​មិនត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​អឺរ៉ុប ឬ​មានការ​ល្បួង​ពី​ប្រទេស​ណាមួយ​ឡើយ​។​
 
Alizadeh បាន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ស្ត្រី​អ៊ីរ៉ង់ នៅពេល​នាង​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ឆ្នាំ​២០១៦​។​
 
​ដំណឹង​នៃ​ការចាកចេញ​របស់ Alizadeh បានធ្វើ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​ជាច្រើន​មានប្រតិកម្ម និង​បង្ហាញ​ភាព​តក់ស្លុត​ផង​។ ចំណែក​អ្នកនយោបាយ​អ៊ីរ៉ង់​ឈ្មោះ​លោក Abdolkarim Hosseinzadeh បាន​ចោទប្រកាន់​ទៅលើ «​មន្ត្រី​អសមត្ថភាព​» ដែល​អនុញ្ញាត​ឲ្យ​ធនធានមនុស្ស​របស់​អ៊ីរ៉ង់​រូបនេះ​ភៀសខ្លួន​ចេញពី​ប្រទេស​៕

Tag:
 Kimia Alizadeh
  អ៊ីរ៉ង់​
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com