កីឡាជាតិ
ជាតិ
បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​មកពី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ក្នុង​ពាន Edy Rahmayadi Cup
16, Jan 2020 , 9:29 am        
រូបភាព
លោក Apisit Im Amphai គ្រូបង្វឹកបឹងកេត
លោក Apisit Im Amphai គ្រូបង្វឹកបឹងកេត
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ចំនួន​៣​មកពី​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី ដើម្បី​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​អន្តរជាតិ Edy Rahmayadi Cup 2020 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦-១៨ ខែមករា ឆ្នាំ​២០២០​។ នេះ​ជាការ​ប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​បឹងកេត ដើម្បី​ពង្រឹង​និង​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​សម្រាប់​ត្រៀម​មុន​បើក​រដូវ​កាល​ថ្មី​។

 
​ក្រុម​បឹងកេត​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ថៃ Apisit Im Amphai បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់ Edy Rahmayadi Cup 2020​។ តាម​ការចាប់​ឆ្នោត​ក្រុម​ជើងឯក​លី​គ​កំពូល​ពីរ​សម័យកាល​មួយ​នេះ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​របស់​ម៉ាឡេស៊ី Penang FA នៅ​ថ្ងៃទី​១៦ មករា ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី PSMS Medan ប៉ះ​ជាមួយ Felda United​។ 
 
​ការប្រកួត​នេះ​ធ្វើឡើង​តែ​១​ជើង​ប៉ុណ្ណោះ ពោលគឺ​ក្រុម​ដែល​ឈ្នះ​ក្នុងការ​ប្រកួត​ទាំងពីរ នឹង​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ ខណៈ​ក្រុម​ចាញ់​ប្រជែង​គ្នា​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​។ 
 
​ជាការ​ប្រកួត​ដណ្តើមពាន​មិត្តភាព​អន្តរជាតិ​ក៏ពិតមែន តែ​វា​ជាការ​ប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​បឹងកេត ដើម្បី​ពង្រឹង​និង​វាស​ស្ទង់​សមត្ថភាព​កីឡាករ​មុន​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពាន​សម្តេច ហ៊ុន សែន ក្នុង​រដូវ​កាល​ថ្មី​។ ការប្រកួត​នេះ ក៏​ជា​ឱកាស​របស់​បឹងកេត ដើម្បី​មើល​ជើង​លេង​របស់​កីឡាករ​ថ្មី និង​ការដឹកនាំ​របស់លោក Apisit Im Amphai ដែល​ទើប​តែងតាំង​ជា​គ្រូបង្វឹក​ជំនួស​លោក ហៅ សុជាតិ ដែល​ដំ​ឡើងជា​នាយក​បច្ចេកទេស​គ្រប់គ្រង​និង​អភិវឌ្ឍ​យុវជន​ផងដែរ​៕

Tag:
 បាល់ទាត់​
  បឹងកេត​
  Edy Rahmayadi Cup
© រក្សាសិទ្ធិដោយ thmeythmey.com