ជាតិ
នយោបាយជាតិ
លោក កឹម សុខា ស្នើឲ្យតុលាការ ផ្សាយផ្ទាល់ពីសវនាការ ចេញមកខាងក្រៅ
× លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ស្នើឲ្យចៅក្រម ផ្សាយផ្ទាល់ពីដំណើរការជំនុំជម្រះលើរូបលោក ពីបន្ទាប់សវនាការ ចេញមកខាងក្រៅ ដើម្បីឲ្យសាធារណជនបានដឹង។ នេះបើតាមអ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ក្រោយបញ្ចប់សវនាការ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
អ្នកស្រី ម៉េង សុភារី លើកឡើងថា សវនាការនេះ អនុញ្ញាតឲ្យមនុស្សតែ៣០នាក់ប៉ុណ្ណោះចូលរួម ខណៈមានមនុស្សជាច្រើនចង់ដឹងនិងកំពុងតាមដាន ដូច្នេះទើបលោក កឹម សុខា និង សហមេធាវី ស្នើឲ្យមានការផ្សាយផ្ទាល់ចេញមកខាងក្រៅ។ អ្នកស្រី បញ្ជាក់ដូច្នេះថា៖«យើង ស្នើឲ្យផ្សាយផ្ទាល់ ព្រោះវា ជាសវនាការសាធារណៈ អត់មានអីអាថ៌កំបាំងទេ»។
យ៉ាងណាក៏ដោយ អ្នកស្រីមេធាវី អះអាងថា ក្នុងសវនាការ ចៅក្រម មិនទាន់សម្រេចចំពោះសំណើនេះទេ ដោយចៅក្រម គ្រាន់តែឆ្លើយតបថា រាល់ការស្នើសុំណាមួយ គឺត្រូវឆ្លងកាត់ការពិភាក្សាពីភាគីពាក់ព័ន្ធ មានតំណាងអយ្យការជាដើម។
អ្នកស្រី បន្ថែមថា ចៅក្រម ចាប់ផ្តើមសួរលោក កឹម សុខា ពាក់ព័ន្ធនឹងអង្គហេតុពីឆ្នាំ១៩៩៣មក ដោយសង្ស័យថា លោក ប្រព្រឹត្តបទល្មើសពីពេលនោះមក។ អ្នកស្រី ថ្លែងដូច្នេះថា៖«គាត់ ឆ្លើយគ្រប់សំណួររបស់ចៅក្រម»។
លោក គី តិច មេធាវីតំណាងរដ្ឋាភិបាល ប្រាប់អ្នកកាសែត នៅមុខតុលាការរាជធានីភ្នំពេញថា ចៅក្រម មិនអាចសួរលោក កឹម សុខា មួយថ្ងៃឲ្យអស់នោះទេ ដោយត្រូវសួរតាមដំណាក់កាលនីមួយៗ។
តុលាការ ចោទប្រកាន់ថា បទល្មើលរបស់លោក កឹម សុខា គឺកើតឡើងតាំងពីឆ្នាំ១៩៩៣មក ដោយពឹងផ្អែកលើវីដេអូឃ្លីបមួយ ដែលលោក ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣។ ក្នុងវីដេអូឃ្លីបនោះ លោក និយាយថា «ចាប់តាំងពីឆ្នាំ១៩៩៣មក» រដ្ឋាភិបាលអាមេរិក តែងហៅទៅលោកជួបម្តងក្នុងមួយឆ្នាំ ដើម្បីជជែកពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានអតីតគណបក្សប្រឆាំងរូបនេះ បន្តថា រដ្ឋាភិបាលអាមេរិក ឲ្យលោក យកគំរូតាមប្រទេសយូហ្គោស្លាវី និង ប្រទេសស៊ែប៊ី ក្នុងការផ្លាស់ប្តូរមេដឹកនាំ។ លើសពីនេះ លោក ថែមទាំងអះអាងថា រដ្ឋាភិបាលអាមេរិក បានជួលអ្នកជំនាញនិងសាស្ត្រាចារ្យនៅអាមេរិកនិងនៅកាណាដា ឲ្យជួយផ្តល់យោបល់ជូនលោក ពីយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរមេដឹកនាំកម្ពុជា។ លោក បញ្ជាក់ដូច្នេះថា៖«ខ្ញុំ ធ្វើតាមក្បួន មានយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនជោគជ័យទៀត ខ្ញុំ មិនដឹងថាយ៉ាងម៉េចទេ»។
ក្រោយវីដេអូឃ្លីបនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម សមត្ថកិច្ច ក៏សម្រុកចូលទៅចាប់លោកដល់គេហដ្ឋាន នៅថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយដឹកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ក្រោមបទចោទសន្ទិដ្ឋិភាព ហៅថា បទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com