កីឡាជាតិ
ជាតិ
គណៈកម្មការ​ស្ត្រី​និង​កីឡា​ជំរុញ​ឲ្យ​ស្ត្រី​ចូល​រត់ប្រណាំង​ថ្ងៃ​៨​មីនា ដែល​រំពឹង​ទាក់ទាញ​អ្នករត់​៥​ពាន់​នាក់​
16, Jan 2020 , 7:19 pm        
រូបភាព
លោក វ់ាត់​ ចំរើន អគ្គលេខានៃ NOCC និងសកម្មភាពរត់កាលពីពេលកន្លងទៅ
លោក វ់ាត់​ ចំរើន អគ្គលេខានៃ NOCC និងសកម្មភាពរត់កាលពីពេលកន្លងទៅ
ដោយ:
​ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រំពឹងថា ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ នឹងមាន​ស្ត្រី​ចូលរួម​ច្រើនជាង​បុរស​។ ជាមួយគ្នានេះ លោកស្រី ស្នើ​ឲ្យ​ស្ត្រី ដែលជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន ខណៈ​គណៈកម្មការ​រៀបចំ​សង្ឃឹម​អាច​ទាក់ទាញ​អ្នកចូលរួម​ក្នុង​រង្វង់​៥​ពាន់​នាក់​។

 
​ក្រសួងទេសចរណ៍ សហការ​ជាមួយ​គណៈកម្មការ​ស្ត្រី និង​កីឡា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ ដើម្បី​អបអរ​ទិវា​បុណ្យ​សិទ្ធិនារី ក៏ដូចជា​លើកកម្ពស់​ចលនា​ស្ត្រី​ក្នុង​វិស័យ​កីឡា និង​សមភាព​យេនឌ័រ​។ ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ដោយ​ចេញដំណើរ​ពី​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​ឆ្ពោះទៅ​កោះ​ពេជ្រ បន្ទាប់មក​បត់​មក​ផ្លូវ​ព្រះស៊ីសុវត្ថិ​ឆ្ពោះទៅកាន់​វត្ត​ឧណ្ណាឡោម រួម​មក​បញ្ចប់​នៅ​កន្លែង​ចេញដំណើរ​វិញ​។ ប៉ុន្តែ​ផ្លូវ​នេះ​អាចមាន​ការផ្លាស់ប្តូរ ព្រោះ​គណៈកម្មការ​រៀបចំ​ពុំទាន់​ទទួលបាន​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។ 
 
​លោកស្រី កុយ ពិសី ប្រធាន​គណៈកម្មការ​ស្ត្រី​និង​កីឡា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​រត់​ក្នុង​ទិវា​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​អបអរ​ទិវា​បុណ្យ​សិទ្ធិនារី ក៏ដូចជា​បង្កើន​សុខភាព និង​ការកាត់បន្ថយ​ការចំណាយ​។ ត្រង់ចំណុច​នេះ​លោកស្រី​ពន្យល់ថា ការលេង​កីឡា​និង​ហាត់ប្រាណ វា​មិន​ត្រឹមតែ​ជួយ​បង្កើន​ថាមពល​និង​ពង្រឹងស្មារតី​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​មនុ​ស្សមាន​សុខភាព​ល្អ និង​អាច​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ និង​កាត់បន្ថយ​ការចំណាយ​លើ​ថ្នាំពេទ្យ​ទៀតផង​។​
 
​ជាមួយ​ការជំរុញ​នេះ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​អាច​ទាក់ទាញ​ស្ត្រី​ឲ្យ​ចូលរួម​ច្រើនជាង​បុរស ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​សុខមាលភាព​គ្រូ​សារ សង្គម និង​ប្រទេសជាតិ​។ សម្រាប់​លោកស្រី កុយ ពិសី ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ ជា​ប្រភព​ចំណូល​និង​ហិរញ្ញវត្ថុ និង​ជា​ប្រភព​នៃ​សេចក្តីសុខ​ក្នុង​គ្រួសារ​និង​សង្គម​។ បើ​ស្ត្រី​មាន​បញ្ហា​សុខភាព នឹង​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​គ្រួសារ សង្គម និង​ប្រទេសជាតិ​។ នេះ​ជាការ​យល់ឃើញ​របស់រ​ដ្ឋ​លេខាធិការ​រូបនេះ​។ 
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រំពឹងថា ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​លើក​ទី​៣​នេះ នឹង​អាច​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរ​ជាតិប្រមាណ​៥​ពាន់​នាក់​ឲ្យ​ចូលរួម​។ លោក​បានចាត់ទុក​ព្រឹត្តិការណ៍​នេះ គឺជា​ផ្នែក​មួយ​ក្នុង​ការជួយ​ជំរុញ​ឲ្យ​មាន​សមភាព​រវាង​កីឡាករ​និង​កីឡាការិនី​ក្នុង​វិស័យ​កីឡា​។ 
 
​លោក​បន្ថែមថា ព្រឹត្តិការណ៍​នេះ​គឺ​វា​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា​(Camsoc) ដែល​ចង់​ឲ្យ​មាន​វត្តមាន​ស្ត្រី​កាន់តែច្រើន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា ដើម្បី​ធនធាន​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​ជឿជាក់ថា ការចូលរួម​កាន់តែច្រើន​របស់​ស្ត្រី នឹង​អាចធ្វើ​ឲ្យ​វិស័យ​កីឡា​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​។​
 
​ការរត់​ប្រណាំង​នេះដែរ ក៏​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​ពី​យុទ្ធនាការ​កម្ពុជា​ស្អាត​(Cambodia Clean Up) ដើម្បី​ឈាន​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ផងដែរ​។ ព្រឹត្តិការណ៍​នេះ​មាន​ពីរ​ប្រភេទ​វិញ្ញាសា គឺ​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ និង​៤​គីឡូម៉ែត្រ​។ សម្រាប់​តម្លៃ​ចុះឈ្មោះ គឺ​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ជនបរទេស​២០​ដុល្លារ ឯ​កម្ពុជា​១២​ដុល្លារ និង​៤​គីឡូម៉ែត្រ​ជនបរទេស​១៥​ដុល្លារ កម្ពុជា​៧​ដុល្លារ​៕  

Tag:
 រត់ប្រណាំង​
  ៨ មីនា​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com