រថយន្ត
អន្តរជាតិ
លោក វីដូដូ៖ រដ្ឋធានីឥណ្ឌូណេស៊ីថ្មី នឹងប្រើប្រាស់រថយន្តអគ្គិសនី និងដើរដោយស្វ័យប្រវត្តិ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (ខាងឆ្វេង) ជាមួយមន្រ្តីរបស់លោក។ រូបភាព៖ AFP
× ប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី១៥ ខែមករា បានលើកឡើងថា រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី នឹងបំពាក់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងឯកជនដើរដោយស្វ័យប្រវត្តិ និងថាមពលអគ្គិសនី។ ការប្រកាសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីបែបនេះ គឺដើម្បកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងលើកទឹកចិត្តឲ្យប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលមិនបះពាល់ដល់បរិស្ថាន។
ថ្លែងក្នុងអំឡុងពេលបើកកិច្ចប្រជុំសមាគមសហគ្រិនវ័យក្មេងឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានលើកឡើងថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅក្នុងរដ្ឋធានីថ្មី នឹងត្រូវដើរដោយប្រព័ន្ធស្វ័យប្រវត្តិ ចំណែកឯរថយន្តឯកជន អាចនឹងដើរដោយប្រព័ន្ធស្វ័យប្រវត្តិ និង អគ្គិសនី។
ប្រសិនបើឥណ្ឌូណេស៊ី អាចធ្វើបែបនេះបានមែន រដ្ឋធានីថ្មី នឹងក្លាយជាទីក្រុងដំបូងគេបំផុត ដែលដើរដោយប្រព័ន្ធអគ្គិសនី និងប្រព័ន្ធស្វ័យប្រវត្តិ។ បើតាមលោក វីដូដូ ដែលស្គាល់ជាទូទៅថា ចូកូវី ការប្រើប្រាស់អគ្គិសនី និងប្រព័ន្ធស្វ័យប្រវត្តិ អាចធ្វើឲ្យឥណ្ឌូណេស៊ីចំណាយថវិកាអស់តិច និងមានប្រសិទ្ធភាព។ ជាការពិត ការប្រកាសប្រធានាធិបតីបែបនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ទនៈ ម្យ៉ាងដើម្បីលើកតម្កើងផលិតផលក្នុងស្រុកផង។
ឥណ្ឌូណេស៊ី គឺជាប្រទេស ដែលសម្បូរទៅដោយធាតុកម្រ កូបែល( Cobalt) និង និងម៉ង់កាណែស (manganese) ដែលជាធនធានធម្មជាតិ យកទៅផលិតជាអាគុយសម្រាប់បំពាក់លើរថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post។
ដូចធ្លាប់បានលើកឡើងនាពេលកន្លង លោកចូកូវី បានប្រកាសថា ទីក្រុងថ្មី ត្រូវតែជាទីក្រុងបៃតង និងវៃឆ្លាត។ ដើម្បីកសាងទីក្រុងនេះបាន ក្រសួងផ្ទះសម្បែង និងការងារសាធារណៈឥណ្ឌូណេស៊ី បានជ្រើសរើស ក្រុមហ៊ុនគូរប្លង់ URBAN+ ដើម្បីរៀបចំគម្រោងរដ្ឋធានីថ្មីមួយមានលក្ខណៈទំនើប និងច្នៃប្រឌិត បញ្ញាសិប្បនិម្មិត និងទីក្រុងស្អាត។
សូមបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវី គ្រោងផ្លាស់ប្តូររដ្ឋធានីហ្សាការតា ទៅតាំងនៅតំបន់ថ្មី ដែលស្ថិតនៅតំបន់កាលីម៉ាន់តាន់ខាងកើត (East Kalimantan) នៅឆ្នាំ ២០២៤។ គម្រោងផ្លាស់ប្តូររដ្ឋធានីនេះ នឹងត្រូវចំណាយដល់ប្រមាណ ៣២,៧ពាន់លានដុល្លារ។ ពាក់ព័ន្ធនឹងរដ្ឋធានីថ្មីនេះ លោក វីដូដូ បានទាក់ទងជាមួយក្រុមហ៊ុនឯកជនផង និងប្រទេសជាដៃគូអភិវឌ្ឍផងដូចជា អេមីរ៉ាត់អារ៉ាប់រួមជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com