អន្តរជាតិ
លោក ស៊ី ជិនពីង ទៅទស្សនកិច្ចមីយ៉ាន់ម៉ាក្នុងនាមជាប្រធានាធិបតីចិនដំបូង ក្នុងរយៈពេលជិតពីរទសវត្សរ៍
× ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃ១៧ មករា បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃទៅកាន់មីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក វិន មិន្ត។ ដំណើរទស្សនកិច្ចរបស់មេដឹកកំពូលចិនជាលក្ខណៈប្រវត្តិសាស្ត្រនេះ គឺជាផ្នែកមួយនៃការផ្តល់តម្លៃដល់មិត្តជិតខាងផង និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ប្រទេសទាំងពីរផង។
វត្តមានរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងរដ្ឋធានីណៃពិដោរ រយៈពេល២ថ្ងៃ គឺ១៧-១៨ មករានេះ គឺជារបត់ប្រវត្តិសាស្ត្រមួយ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ នោះក៏ព្រោះតែ នេះ គឺជាលើកដំបូងហើយដែលប្រមុខរដ្ឋចិន បានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងរយៈពេល១៩ឆ្នាំមកនេះ។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នេះក៏ជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីមួយផងដែរ របស់លោកប្រធានាធិបតី ស៊ី ជិនពីង សម្រាប់ឆ្នាំ២០២០។ នេះគឺជាយុទ្ធសាស្ត្រការទូតមួយរបស់ក្រុងប៉េកាំង ក្នុងការចូលកាន់តែកៀកជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ ដែលជាអ្នកជិតខាងស្រាប់ផងនោះ។
តាមសេចក្តីថ្លែងការណ៍ដដែលនោះ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី ស៊ី ជិនពីង ចូលជួបពិភាក្សាជាមួយនឹងមេដឹកនាំកំពូលមីយ៉ាន់ម៉ារួមមាន លោកប្រធានាធិបតី វិន មិន្ត លោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី និងមេបញ្ជាការកងទ័ពលោកឧត្តម មិន អ៊ុងឡាំងផង។
ជាមួយគ្នានេះ តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទសចិន ក្នុងអំឡុងទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីកែសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅលើវិស័យដូចជា នយោបាយ ការតភ្ជាប់ និងសេដ្ឋកិច្ចពាណិជ្ជកម្មជាដើម។ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមផ្លូវមួយ និងខ្សែក្រវាត់មួយ ក៏ស្ថិតនៅក្នុងកិច្ចពិភាក្សាមេដឹកនាំប្រទេសទាំងពីរផងដែរ។
គួរជម្រាបផងដែរថា ចិន និងមីយ៉ាន់ម៉ា បានមានចំណងការទូតជាមួយនឹងគ្នាអស់រយៈពេលប្រាំពីរទសវត្សរ៍មកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺស្របពេលដែលមីយ៉ាន់ម៉ា បានមានវិបត្តិនៅក្នុងប្រទេស ហើយទទួលរងសម្ពាធពីអន្តរជាតិផង ចិនបានចេញមុខការពាររដ្ឋាភិបាលមីយ៉ាន់ម៉ាជាបន្តបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com