អន្តរជាតិ
កូរ៉េខាងជើង ផ្លាស់ប្ដូរ​តំណែង​រដ្ឋមន្ត្រីការបរទេស​
19, Jan 2020 , 9:59 pm        
រូបភាព
លោក រី យ៉ុងហូ នាដំណើរទស្សនកិច្ចនៅចិននាពេលកន្លងមក។ រូបភាព AFP
លោក រី យ៉ុងហូ នាដំណើរទស្សនកិច្ចនៅចិននាពេលកន្លងមក។ រូបភាព AFP
​កូរ៉េខាងជើង បាន​ផ្លាស់ប្ដូរ​ប្រមុខ​ការទូត​របស់ខ្លួន ដោយ​តែងតាំង​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អន្តរ​កូរ៉េ​ជំនួស​វិញ​។ លោក រី ស៊ុន​គ័ន (Ri Son-gwon) ត្រូវបាន​រាយការណ៍​ថា ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ការបរទេស​ថ្មី ជំនួស​លោក រី យ៉ុង​ហូ (Ri Yong-ho) អំឡុងពេល​ជំនួប​បក្ស​កាលពី​ចុងឆ្នាំ​២០១៩ ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​១៩ ខែមករា​។ ការដោះដូរ​ប្រមុខ​ការទូត​បែបនេះ អាចជា​សញ្ញា​នៃ​ការផ្លាស់ប្ដូរ​គោលនយោបាយ​របស់​កូរ៉េខាងជើង​។​

 
​ដោយ​ស្រង់​ព័ត៌មាន​ពី​ប្រភព​របស់ខ្លួន ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយ​ថា កូរ៉េខាងជើង បាន​ជូនដំណឹង​ដល់​បេសកកម្ម​ទូត​ប្រចាំ​ព្យុងយ៉ាង​ពី​ការតែងតាំង​លោក រី ស៊ុន​គ័ន ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​ជំនួស​លោក រី យ៉ុង​ហូ ។ ការជូនដំណឹង​នេះ ធ្វើឡើង​កាលពី​សប្ដាហ៍​មុន ហើយ​ការប្រកាស​ផ្លូវការ​អាចធ្វើ​នៅ​សប្ដាហ៍​ក្រោយ​។​
 
​លោក រី ស៊ុន​គ័ន ជា​អតីតមន្ត្រី​កងទ័ព​ម្នាក់ មុន​ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​ការបង្រួបបង្រួម​ដោយ​សន្តិភាព ដែលជា​ស្ថាប័ន​ទទួលបន្ទុក​កិច្ចការ​ជាមួយ​កូរ៉េខាងត្បូង និង​ជាម​ន្ត្រី​ម្នាក់​ដែល​ធ្វើការ​ជាមួយ​កូរ៉េខាងត្បូង​ញឹកញាប់​ផងដែរ​។ លោក រី នេះហើយ ដែល​ដឹកនាំ​ប្រតិភូ​កូរ៉េខាងជើង​ចរចា​ជាមួយ​កូរ៉េខាងត្បូង​រហូត​មាន​ជំនួប​មេដឹកនាំ​កូរ៉េ​នៅ​ព្យុងយ៉ាង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ និង​ជំនួប​នៅ​ខែមេសា​ផង​នោះ​។​


លោក រី ស៊ុនគ័ន អំឡុងពេលជំនួបនៅទឹកដីកូរ៉េខាងត្បូង។ រូបភាព AFP
 
​យ៉ាងណាមិញ គេ​មិនសូវ​ដឹង​ពី​កិច្ចការ​ផ្នែក​ការទូត​ដទៃទៀត​របស់លោក រី ម្នាក់​នេះឡើយ​។ ចំណែក​លោក រី យ៉ុង​ហូ វិញ ជា​អ្នកការទូត​ជើងចាស់​ម្នាក់​របស់​កូរ៉េខាងជើង និង​មាន​បទពិសោធ​ក្រាស់ក្រែល​ក្នុងការ​កិច្ចការ​ជាមួយ​អាមេរិក​។ គេ​ជឿថា លោក​ត្រូវបាន​ផ្លាស់ប្ដូរ​ក្នុងជំនួប​គណៈ​មជ្ឈិមបក្ស​កាលពី​ចុងឆ្នាំ​២០១៩ កន្លងទៅ ខណៈ​លោក​មិនមាន​វត្តមាន​ក្នុង​ពិធី​ថតរូប​ជាមួយ​លោក គីម ជុង​អ៊ុន នៅ​ចុងបញ្ចប់​កិច្ចប្រជុំ​ឡើយ​។​
 
​ការផ្លាស់ប្ដូរ​តំណែង​ប្រមុខ​ការទូត​នេះ ធ្វើឡើង​ស្របពេល​ដែល​ការចរចា​ជាមួយ​អាមេរិក​លើ​ការរំសាយ​នុយក្លេអ៊ែរ នៅតែ​គ្មាន​តម្រុយ ហើយ​កូរ៉េខាងជើង ក៏​ប្រកាស​តស៊ូ​ប្រឆាំង​សម្ពាធ​អាមេរិក​ដដែល​។ ជាមួយ​វត្តមាន​មន្ត្រីការទូត​ថ្មី​បែបនេះ កូរ៉េខាងជើង ទំនងជា​ផ្លាស់ប្ដូរ​គោលនយោបាយរ​បស់​ខ្លួន​លើ​បញ្ហា​ជាមួយ​អាមេរិក​ផងដែរ ព្រោះ​មេដឹកនាំ គីម ជុង​អ៊ុន បាន​ប្រាប់​ឲ្យ​មន្ត្រី​ទាំងអស់​ត្រៀមខ្លួន​ចូល​សមរភូមិ​ពេល​យូរ​ជាមួយ​អាមេរិក​។​
 
​តាមពិតទៅ ក្រោយ​ជំនួប​ចុងខែ​ធ្នូ មន្ត្រីជាន់ខ្ពស់​ជាច្រើន ត្រូវបាន​ផ្លាស់ប្ដូរ​។ អនុប្រធាន​គណៈ​មជ្ឈិមបក្ស​ពលករ​ចំនួន​៥​នាក់​ក្នុងចំណោម​១២​នាក់ សុទ្ធតែ​ត្រូវបាន​ដក​ចេញពី​តំណែង ហើយ​ជំនួស​ដោយ​មន្ត្រី​ដែលមាន​វ័យក្មេង​។ លោក រី ស៊ូ​យ៉ុង (Ri Su-yong) អតីតរដ្ឋមន្ត្រី​ការបរទេស​ដែរនោះ ត្រូវ​ដកចេញ​ពី​តំណែង​។ បើតាម Yonhap លោក ត្រូវ​ជំនួស​ដោយ​លោក គីម យ៉ុង​ជុន (Kim Hyong-jun) អតីត​អគ្គរដ្ឋទូត​ប្រចាំ​រុស្ស៊ី ដែល​ទើបត្រូវ​បានតែងតាំង​ជា​អនុប្រធាន​គណៈ​មជ្ឈិម​៕ 

Tag:
 កូរ៉េខាងត្បូង​
  រី យ៉ុង​ហូ​
  រី ស៊ុន​គ័ន
© រក្សាសិទ្ធិដោយ thmeythmey.com