អង់គ្លេស សម្លឹង​ឃើញ​អាហ្វ្រិក​ធ្វើ​ដៃគូ​ពាណិជ្ជកម្ម​ពេល​ចាក​ចេញពី​អឺរ៉ុប​
អន្តរជាតិ
អង់គ្លេស សម្លឹង​ឃើញ​អាហ្វ្រិក​ធ្វើ​ដៃគូ​ពាណិជ្ជកម្ម​ពេល​ចាក​ចេញពី​អឺរ៉ុប​
20, Jan 2020 , 11:59 am        
រូបភាព
​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ចំនួន​១៦ នៅ​ថ្ងៃទី​២០ ខែមករា​នេះ​នា​ជំនួប​វិនិយោគ​ដ៏​ធំ​មួយ ដែល​អង់គ្លេស​នឹង​បញ្ចេញ​សក្ដានុពល​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អាហ្វ្រិក​។ អង់គ្លេស ដែល​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅពេល​ខ្លី​ខាងមុខ កំពុង​ស្វះ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ដើម្បី​សាងសង់​អនាគត​ថ្មី បន្ថែម​ពីលើ​ប្រទេស​ដៃគូ​នៅ​តំបន់​អឺរ៉ុប​។

 
​ជំនួប​កំពូល​វិនិយោគ​អង់គ្លេស​-​អាហ្វ្រិក​លើកទីមួយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែមករា​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ដោយមាន​ប្រទេស​អាហ្វ្រិក​២១​ចូលរួម​។ ជំនួប​កំពូល​នេះ នឹង​ក្លាយជា​ឱកាស​សម្រាប់​អង់គ្លេស​ក្នុងការ​បង្កើត​ដៃគូ​ពាណិជ្ជកម្ម​ថ្មី នៅពេល​ចាក​ចេញពី​អឺរ៉ុប​អំឡុងពេល​ពីរ​សប្ដាហ៍​ទៀត​។ 
 
​ប្រធានាធិបតី​អេ​ហ្ស៊ី​ប អាប់​ឌែ​ល ហ្វា​តា អាល់​-​ស៊ី​ស៊ី​, ប្រធានាធិបតី​កេ​ន​យ៉ា អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា​, ប្រធានាធិបតី​នី​ហ្ស៊េ​រី​យ៉ា មូ​ហា​ម៉ា​ឌូ ប៊ូ​ហារី និង​មេដឹកនាំ​ហ្កា​ណា ណា​ណា អា​គូ​ហ្វូ​-​អា​ដូ សុទ្ធ​តែមាន​វត្ត​មាននៅ​ជំនួប​នៅ​អង់គ្លេស​។ ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស Downing Street បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន នឹង​ប្រាប់​មេដឹកនាំ​អាហ្វ្រិក និង​បណ្ដា​ក្រុមហ៊ុន​មកពី​ទ្វីប​ដ៏​ធំ​មួយ​នេះ​ពី​ការប្ដេជ្ញាចិត្ត​ដែល​អង់គ្លេស​ចង់​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​របស់​អាហ្វ្រិក​។ 
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដោយឡែក រដ្ឋមន្ត្រី​ទទួលបន្ទុក​អភិវឌ្ឍន៍​អន្តរជាតិ Alok Sharma និយាយថា សក្ដានុពល​សេដ្ឋកិច្ច​របស់​អាហ្វ្រិក​ធំធេង​ណាស់ ហើយ​ប្រទេស​អាហ្វ្រិក​ចំនួន​៨​ស្ថិតក្នុង​ចំណោម​ប្រទេស​១៥​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង ព្រមទាំង​មាន​កំណើនប្រជាជន​ខ្លាំង​ផងដែរ​។ រដ្ឋមន្ត្រី​រូបនេះ​បន្តថា អង់គ្លេស​មាន​ធនធាន​ច្រើន​ដែល​អាច​ផ្ដល់​ឲ្យ​ប្រទេស​អាហ្វ្រិក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បើតាម​របាយការណ៍រ​បស់​ទីភ្នាក់ងារ​នាំចេញ​អង់គ្លេស រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍ បានផ្ដល់​លុយ​២,៦​ពាន់​លាន​ដុល្លារ​ដើម្បី​ឧបត្ថម្ភ​ឲ្យ​ក្រុមហ៊ុន​អង់គ្លេស​សម្រាប់​ការនាំ​ចេញទៅ​អាហ្វ្រិក​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​។ ទីភ្នាក់ងា​ដដែល​នេះ ក៏មាន​បំណង​លូក​ចូលកាន់​ជ្រៅ​ក្នុងការ​វិនិយោគ​នៅ​អាហ្វ្រិក​ទោះ​ប្រឈមមុខ​ហានិភ័យ​ក៏​ព្រោះ​ផលប្រយោជន៍​ទទួលបាន​ពី​ការរកស៊ី​នៅ​អាហ្វ្រិក​ដែល​សម្បូរ​ដោយ​ធនធាន ក៏មាន​ច្រើន​ដែរ​។ 
 
​អង់គ្លេស​ដែល​ត្រូវ​ចាក​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​៣១ ខែមករា បាន​ស្វះ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ឲ្យ​បាន​ច្រើន ខណៈ​រយៈពេល​ក្រោយ​ចាកចេញ​ប្រៀបដូចជា​ការចាប់ផ្ដើម​ជីវិត​ថ្មី​ដូច្នោះ​ដែរ​។ អង់គ្លេស និង​អឺរ៉ុប​មាន​ពេល​មិន​ច្រើន​ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​សំដៅ​រក្សា​ស្ថានភាព​ពាណិជ្ជកម្ម​កុំ​ឲ្យ​មាន​បញ្ហា​ពេល​ចាកចេញ​នេះ​៕

Tag:
 អាហ្វ្រិក​
  អង់គ្លេស​
 ​អឺរ៉ុប​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com