អតីត​បុគ្គលិក​សណ្ឋាគា​រ The Great Duke ជាង​១០០​នាក់ បន្តធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​
ជាតិ
អតីត​បុគ្គលិក​សណ្ឋាគា​រ The Great Duke ជាង​១០០​នាក់ បន្តធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​
20, Jan 2020 , 12:59 pm        
រូបភាព
អតីតបុគ្គលិកកំពុងធ្វើកូដកម្ម នៅមុខសណ្ឋាគារ The Great Duke
អតីតបុគ្គលិកកំពុងធ្វើកូដកម្ម នៅមុខសណ្ឋាគារ The Great Duke
​ភ្នំពេញ​៖ អតីត​បុគ្គលិក​សណ្ឋាគា​រ The Great Duke ជាង​១០០​នាក់ បន្តធ្វើ​កូដកម្ម​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​២០ មករា​នេះ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ ទូទាត់​ប្រាក់​ឈ្នួល ឲ្យ​បាន​ត្រឹមត្រូវ ខណៈដែល​គ្រួសារ​របស់​ពួកគេ​កំពុង​ជួប​បញ្ហា​ជីវភាព​។ នេះ​ជា​លើក​ទី​៤​ហើយ ដែល​អតីត​បុគ្គលិក​ស​ណ្ឋា​គារ The Great Duke នេះ បាន​តវ៉ា​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ពួកគេ​។

 
​លោក ទូច កុសល ប្រធាន​សហជីព​នៃ​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke បាន​ប្រាក់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា បុគ្គលិក​ដែល​ធ្វើ​កូដ​កម្មនេះ គឺ​ទាមទារ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ឆ្នាំ​ចាស់ ប្រាក់​សងជំងឺចិត្ត ប្រាក់​ឈ្នួល​ចុងក្រោយ ប្រាក់​បំណាច់​អតីតភាព​៦​ខែ​ចុងក្រោយ រួមទាំង​ទូទាត់​ការឈប់​សម្រាក់​ប្រចាំឆ្នាំ ដែល​នៅសល់​និង​ទូទាត់​ជា​ប្រាក់ ។ 
 
​លោក ទូច កុសល បាន​និយាយថា ខាង​ការិយាល័យ​មេធាវី HBS និង​ភាគី​បុគ្គលិក បាន​ជួបគ្នា​ដោះស្រាយ​បញ្ហា​ចំនួន​២​លើក​មកហើយ គឺ​នៅ​ចុងឆ្នាំ​២០១៩ និង​នៅ​ដើមខែ​មករា ឆ្នាំ​២០២០ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ឡើយ ដោយសារ​ភាគី​ខាង​សណ្ឋាគារ មិន​យល់ព្រម​តាម​សំណើរ​របស់​អតីត​បុគ្គលិក​ខាងលើ ហើយក៏​គ្មាន​ការជូនដំណឹង​ថ្មី​ដែរ ទើប​ធ្វើ​ឲ្យ​ពួកគេ ចេញ​តវ៉ា​ជាថ្មី​នេះ​។ 


 
«​ចំណុច​ដែល​ភាគី​សណ្ឋាគារ និង​អតីត​បុគ្គលិក​មិន​យល់​ស្របគ្នា គឺ​ខាង​សណ្ឋាគារ​មិន​ព្រម​បើកប្រាក់​អ​តី​ភាព​ការងារ ប្រាក់​សំណង​ជំងឺ​ចិត្ត និង​ប្រាក់​បន្ទាប់បន្សំ​ផ្សេង​ឡើយ គឺ​ផ្ដល់​តែ​ប្រាក់​ឈ្នួល​គោល​នៃ​ឆ្នាំ​២០១៨​ដល់​២០១៩»​។ នេះ​បើតាម​លោក ទូច កុសល ដោយ​បញ្ជាក់​បន្ថែមថា ភាគី​សណ្ឋាគារ​ផ្ដល់ប្រាក់​ឈ្នួល​ចុងក្រោយ ក្នុង​លក្ខណៈ​បង់​រំលស់​ជា​៣​ដំណាក់កាល គឺ​លើក​ទី​១ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ហើយ​លើក​ទី​២ នៅ​ថ្ងៃ​៦ ខែមីនា និង​លើក​ទី​៣ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០​។ 
 
​ដោយឡែក​ប្រាក់​សំណង​ជំងឺ​ចិត្ត​វិញ ភាគី​សណ្ឋាគារ​មិន​ព្រម​បើក​ឲ្យ​នោះទេ ដោយ​សំអាង​លើ​ហេតុផល​ថា សណ្ឋាគារ​ក្ស័យ​ធន់ គ្មាន​លទ្ធភាព​ផ្ដល់​ឲ្យ​បុគ្គលិក​។ 
​លោក កុសល និង​ក្រុម​អតីត​បុគ្គលិក នឹង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​អន្តរាគមន៍​លើ​បញ្ហា​នេះ ។ បើតាម​លោក កុសល អតីត​បគ្គ​លិ​ក​ទាំងនេះ នឹង​បន្ត​តវ៉ា​ទៀត ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ពី​ខាង​ភាគី​សណ្ឋាគារ​។ 
 
​សូមបញ្ជាក់ថា សណ្ឋាគារ ដឺ ហ្គ្រេ​ត​ឌ្យូ​ក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត និង​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្បែរ​ភ្លើងស្តុប​ផ្សារ​ដើម​គ ជា​អតីត​សណ្ឋាគារ Intercontinental ។ សណ្ឋាគារ​នេះ បាន​ប្ដូរ​ឈ្មោះ The Great Duke នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៨ ក្រោយពេល​បាន​ផ្លាស់ប្ដូរ​ថៅកែ​។ ប៉ុន្តែ​បុគ្គលិក​សណ្ឋាគារ​នេះ​ភាគច្រើន មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ តាំងពី​នៅ​ជា​សណ្ឋាគារ Intercontinental មកម្ល៉េះ​៕ 



Tag:
 កូដកម្ម​
  Great Duke
© រក្សាសិទ្ធិដោយ thmeythmey.com