កីឡាករ ប៉ាល់ ជីវ័ន ចូលប្រឡូកក្នុងវិស័យកីឡាតេក្វាន់ ITF នៅវ័យ១៤ឆ្នាំ ហើយរូបគេបានសាងស្នាដៃ និងសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជួយឲ្យរូបគេមានកេរ្តិ៍ឈ្មោះល្បីនោះទេ ជីវ័នក៏ទទួលបានការងារនៅក្របខណ្ឌក្រសួងមហាផ្ទៃ និងជួយកែប្រែជីវភាពគ្រួសារឲ្យប្រសើរទៀតផង។ អ្វីដែលកាន់តែពិសេស រូបគេ អាចធ្វើឲ្យបំណងរបស់ម្តាយ ដែលចង់បានផ្ទះមួយធំទូលាយបានសម្រេចទៀតផង។
ស្ថិតក្នុងវ័យ៣៥ឆ្នាំកីឡាករ ប៉ាល់ ជីវ័ន ហាក់ជោគជ័យខ្លាំងក្នុងវិថីកីឡាតេក្វាន់ដូ ITF។ រូបគេមិនគ្រាន់តែជាកីឡាករឆ្នើមប៉ុណ្ណោះទេ តែជាគ្រូបង្វឹកដ៏មានប្រជាប្រិយភាពមួយរួបនៅកម្ពុជា។ ជីវ័ន សម្រេចបានសមិទ្ធផល និងសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិជាច្រើនជូនជាតិមាតុភូមិ។ ជាក់ស្តែងកាលពីចុងខែសីហា ឆ្នាំ២០១៩ រូបគេបានធ្វើឲ្យទង់ជាតិ និងភ្លេងជាតិកម្ពុជា ត្រូវបានបង្ហូតនិងបន្លឺឡើងមុខបណ្តាប្រទេសជាច្រើន បន្ទាប់ពីកីឡាករឆ្នើមរូបនេះ ដណ្តើមបានមេដាយមាសក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារីលើវិញ្ញាសាសម្តែងមេគុនខ្សែក្រវាត់ខ្មៅ៥ដាន់។
មេដាយមាសនេះជួយឲ្យ ប៉ាល់ ជីវ័ន ទទួលបានកិត្តិយសដ៏អស្ចារ្យ តាមរយៈការជិះរថយន្តក្បួនដង្ហែមានម៉ូតូសអម ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាពីអាកាយយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ទីស្នាក់ការក្រសួងអប់រំយុវជននិងកីឡា។ ក្រោយបានជិះរថយន្តក្បួននេះ ជីវ័ន អះអាងថា រូបគេមានអារម្មណ៍ក្តុកក្តួល និងរំភើបយ៉ាងខ្លាំង ព្រោះវាបានបំពេញក្តីស្រមៃដែលខ្លួនបានប៉ងជាយូរមកហើយ។
តាមរយៈស្នាដៃនិងសមិទ្ធផលដ៏ត្រចះត្រចង់ទាំងលើឆាកជាតិនិងអន្តរជាតិ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កីឡាករ ប៉ាល់ ជីវ័ន កាន់តែមានភាពល្បីល្បាយ និងល្បីរន្ទឺទាំងក្របខណ្ឌជាតិនិងអន្តរជាតិ។ លើសពីនេះ បានជួយឲ្យ រូបគេ ទទួលបានក្របខណ្ឌក្នុងក្រសួងមហាផ្ទៃទៀតផង។ ជីវ័ន បានក្លាយជាមួយមន្ត្រីនគរបាលនៅឆ្នាំ២០១៩ ដោយបច្ចុប្បន្នរូបគេកំពុងពាក់ស័ក្តិពីរ។
អ្វីដែលកាន់តែអស្ចារ្យតាមរយៈកីឡាតេក្វាន់ដូ ITF បានធ្វើឲ្យកូនទី៥ក្នុងគ្រួសារមានបងប្អូន៦នាក់រូបនេះ មានលទ្ធភាពទិញផ្ទះនៅក្នុងបុរីពិភពថ្មីមួយកន្លែង ដើម្បីសម្រេចបំណងរបស់ម្តាយ ដែលប៉ងចង់បានផ្ទះមួយដ៏ធំទូលាយ។ តែយ៉ាងណា ជីវ័ន អះអាងថា សមិទ្ធផលប៉ុននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការតបស្នងអ្នកមានគុណរបស់ខ្លួន។
ថវិកាទិញផ្ទះទាំងនេះ និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សលើមុខជំនាញគ្រប់គ្រងអាជីវកម្មរូបនេះអះអាងថា មួយចំនួនធំបានមកពីការឈ្នះមេដាយមេដាយមាសក្នុងការប្រកួតជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលីឆ្នាំ២០១៨ និងមួយចំនួនទៀតបានមកពីការសន្សំ ដែលជាប្រាក់រង្វាន់លើកទឹកចិត្តពីការឈ្នះមេដាយលើឆាកអន្តរជាតិ។ ជារួមថវិកាទាំងនេះ គឺបានតាមរយៈកីឡាតេក្វាន់ដូ ITF។
«រឿងដែលខ្ញុំរំភើបចងចាំមិនភ្លេច គឺនៅពេលឈ្នះមេដាយមាសនៅម៉ុងហ្គោលី ទោះវាជាកម្រិតអាស៊ីក៏ដោយ។ កាន់តែរំភើបទៀតនោះនៅពេលឈ្នះមេដាយមាសពិភពលោក(នៅប៊ុលហ្គារី) ហើយមានគេបង្ហោះអបអរតាមហ្វេសប៊ុក ជាពិសេសសម្តេចតេជោ គាត់បានសរសេរអបអរ និងឈ្មោះយើងនៅហ្វេសប៊ុក ដែលនេះជាមោទកភាពសម្រាប់គ្រួសារផង និងខ្លួនឯងផង»។ នេះជាការរៀបរាប់របស់កីឡាករ ប៉ាល់ ជីវ័ន។
កីឡាករ ប៉ាល់ ជីវ័ន (លើគេ)លោតធាក់មិត្តរួមក្រុមពេលសម្តែងក្នុងពិធីបិទការប្រកួតថ្នាក់ជាតិឆ្នាំ២០១៩
រូបគេបានបន្ថែមថា៖«លុយទិញផ្ទះនៅក្នុងបុរី ក៏បានដោយសារកីឡាដែរ គឺបន្ទាប់ពីឈ្នះមេដាយមាសនៅម៉ុងហ្គោលី ក៏មានការឧបត្ថម្ភផ្សេងៗ ពិសេសថវិការបស់សម្តេចតេជោ ដែលប្រមួលទៅបានប្រហែល២ទៅ៣ម៉ឹនដុល្លារ បូករួមជាមួយថវិកាដែលខ្ញុំសន្សំទៅ ក៏អាចទិញផ្ទះនៅបុរីនឹងទៅ ហើយក៏ធ្វើឲ្យម៉ាក់គាត់សប្បាយចិត្ត ព្រោះគាត់ចង់បានផ្ទះធំទូលាយងាយស្រួលរស់នៅ»។
កីឡាករ ប៉ាល់ ជីវ័ន ពីអ្នកហាត់ដើម្បីការពារខ្លួនក្លាយជាកីឡាករល្បី
ស្ថិតក្នុងវ័យ១៤ឆ្នាំ យុវជន ប៉ាល់ ជីវ័ន ដែលកំពុងរៀននៅអនុវិទ្យាល័យវត្តកោះ ត្រូវបានឪពុកម្តាយនាំដើរមើលស្ទើរគ្រប់ប្រភេទកីឡា ដើម្បីស្វែងរកកីឡាដែលខ្លួនចូលចិត្ត។ យុវជនរូបនេះបានដើរមើលកីឡាអស់ជាច្រើនប្រភេទ តែមកពេញចិត្តកីឡាតេក្វាន់ដូ ITF ក្រោយឃើញលោក បួនហ៊ីង សុធីយ៉ា កំពុងបង្ហាត់សិស្សនៅពហុកីឡដ្ឋានជាតិ។ ពេលចូលហ្វឹកហាត់ដំបូង ជីវ័ន គិតថា ហាត់សាកល្បងតែពីរបីខែប៉ុណ្ណោះ តែត្រូវឪពុកម្តាយដាក់ខសន្យាធ្វើយ៉ាងណាហាត់ឲ្យបានមួយឆ្នាំ។ កិច្ចសន្យានេះហើយ ដែលជំរុញឲ្យ រូបគេ អាចបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ ទោះជួបបញ្ហាលំបាកចង់ឈប់ម្តងម្កាលក៏ដោយ។
ក្រោយហ្វឹកហាត់បានប្រមាណបីខែ យុវជនមានទីលំនៅនៅរាជធានីភ្នំពេញរូបនេះ ត្រូវបានលោក បួនហ៊ីង សុធីយ៉ា ដាក់ឲ្យចូលរួមប្រកួតជើងឯកថ្នាក់ជាតិជាលើកដំបូង ដោយកាលណោះរូបគេទទួលបានចំណាត់ថ្នាក់លេខ៣។ ទោះទទួលបានត្រឹមមេដាយសំរឹទ្ធ តែវាជាជោគជ័យដ៏ធំធេងលើឆាកជាតិជាលើកដំបូងរបស់គេ។ ភាពជោគជ័យនេះហើយ ដែលជួយជំរុញ និងលើកទឹកចិត្ត ជីវ័ន មានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការបន្តដើរលើវិថីមួយនេះ។
ម្ចាស់មេដាយមាសពិភពលោកនៅប៊ុលហ្គារីរូបនេះបានអះអាងថា ខ្លួនពុំដែលមានគំនិតចង់ក្លាយជាកីឡាករល្បីនោះទេពេលចូលហ្វឹកហាត់លើកដំបូង គឺគ្រាន់តែចង់ចេះក្បាច់គុនដើម្បីការខ្លួនតែប៉ុណ្ណោះ។ បុរសសម្បុរសរាងស្តើងរូបនេះរៀបរាប់ថា៖«កាលពីមុនឡើយគ្រាន់តែហាត់ចង់ចេះការពារខ្លួន និងដើម្បីសុខភាពទេ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់និងចូលរួមប្រកួតថ្នាក់ជាតិជាបន្តបន្ទាប់មក ទើបមានគោលបំណងមួយចង់ធ្វើឲ្យបានល្អ និងចង់បានមេដាយនៅក្រៅស្រុកឲ្យបានម្តង»។
ក្រោយហ្វឹកហាត់បានប្រមាណ៥ឆ្នាំ រូបគេត្រូវបានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបញ្ចូនទៅប្រកួតជើងឯកពិភពលោកលើកដំបូងនៅប្រទេសក្រិកនៅឆ្នាំ២០០៣។ កាលណោះ រូបគេ ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាប្រយុទ្ធទម្ងន់៦៣គីឡូក្រាមកម្រិតខ្សែក្រវាត់ខ្មៅពីរដាន់។ ជោគជ័យលើឆាកអន្តរជាតិលើកដំបូងនេះ បានក្លាយជាអន្ទាក់ទាក់ចិត្តរូបគេឲ្យមានចិត្តស្រលាញ់កីឡាតេក្វាន់ដូ ITF កាន់តែខ្លាំង ជាមួយមហិច្ឆតាចង់ឈ្នះមេដាយប្រាក់ និងមាសជូនជាតិមាតុភូមិបន្ថែមទៀត។
មេដាយសំរឹទ្ធនេះដែរបានក្លាយជាចលករជួយជំរុញនិងលើកទឹកចិត្ត ជីវ័ន ឲ្យខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពកាន់តែខ្លាំង។ ការប្រឹងប្រែងបានជួយឲ្យរូបគេទទួលបានជោគជ័យជាបន្តបន្ទាប់តាមរយៈការដណ្តើមបានមេដាយប្រាក់ក្នុងការប្រកួតជើងឯកអាស៊ីនៅប្រទេសណេប៉ាល់ និងកាហ្សាក់ស្តង់។ នៅឆ្នាំ២០១៧ រូបគេ ត្រូវបានសហព័ន្ធបញ្ជូនឲ្យទៅចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងជើង ដោយដណ្តើមបានមេដាយប្រាក់។
ក្រោយប្រឡូកក្នុងវិស័យនេះអស់រយៈពេលជាង២០ឆ្នាំ ជីវ័ន ចាត់ទុកឆ្នាំ២០១៨ និង២០១៩ ជាឆ្នាំដ៏ជោគជ័យសម្រាប់ខ្លួន បន្ទាប់ពីរូបគេដណ្តើមបានមេដាយមាសក្នុងការប្រកួតជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី និងមេដាយមាសពិភពលោកនៅប្រទេសប៊ុលហ្គារី។ សមិទ្ធផលទាំងនេះមិនទាន់អាចបំពេញមហិច្ឆតាកីឡាកររូបនេះបាននៅឡើយទេ ដោយរូបគេចង់ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាតេក្វាន់ដូ ITF មិនត្រឹមតែធ្វើឲ្យកីឡាករ ប៉ាល់ ជីវ័ន មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងគ្រួសារ និងសង្គមប៉ុណ្ណោះទេ ថែមទាំងល្បីសុះសាយលើឆាកអន្តរជាតិទៀតផង។ លើសពីនេះ វាជួយឲ្យរូបគេអាចបំពេញបំណងធំមួយរបស់ម្តាយ និងជួយលើកតម្កើងជីវភាពគ្រួសាររបស់គេឲ្យមានភាពល្អប្រសើរផងដែរ។
ឆ្លើយនឹងសំនួររបស់សារព័ត៌មានថ្មីៗដែលសួរពីស្ថានភាពជីវភាពគ្រួសារមុនចូលប្រឡូកក្នុងវិស័យកីឡាតេក្វាន់ដូ ITF កូនទី៥ក្នុងគ្រួសារមានបងប្អូន៦នាក់រូបនេះបានរំលឹកដូច្នេះថា៖«មុនចូលប្រឡូកក្នុងវិស័យនេះកាលណុងក្រមែនទែនខ្ញុំដើរពីអូឬស្សីមកស្តាតទៅមកៗ គឺយើងអត់មានម៉ូតូជិះនោះទេ មានតែកង់មួយឌុបគ្នាបីនាក់បងប្អូនជាមួយ ប៉ាល់ ឆរស្ម៊ី និង លី បូរមី ដល់ម៉ោងហាត់លីកង់ចុះពីជាន់ទី៣ ពេលណុងផ្ទះខ្ញុំនៅជាន់ទី៣ ក្រោយហាត់ចប់យើងលីពីជាន់ក្រោមឡើងទៅទុកនៅជាន់ទី៣វិញចុះឡើងៗ។ ព្រោះយើងអត់មានលុយសូម្បីផ្ញើកង់នៅជាន់ក្រោម»។
ពេលចូលហ្វឹកហាត់ដំបូង ម្ចាស់មេដាយមាសអាស៊ីនៅម៉ុងហ្គោលីរូបនេះ ត្រូវបង់ថវិកា៥ពាន់រៀលក្នុងមួយខែឲ្យលោក បួនហ៊ីង សុធីយ៉ា ជាថ្នូរនឹងការហ្វឹកហាត់ប្រចាំខែ។ ប៉ុន្តែរូបគេបង់បានតែពីរខែប៉ុណ្ណោះ លោក សុធីយ៉ា ក៏ឈប់យកលុយ បន្ទាប់ពីលោកមើលឃើញសមត្ថភាពនិងទេពកោសល្យរបស់កីឡាកររូបនេះ។
កីឡាករ ប៉ាល់ ជិវ័ន ចាត់ទុកលោក បួនហ៊ីង សុធីយ៉ា (រូបក្នុងរង្វង់) ប្រៀបដូចឪពុកទី២
កីឡាករ ប៉ាល់ ជិវ័ន ចាត់ទុកលោក បួងហុីង សុធីយ៉ា (រូបក្នុងរង្វង់) ប្រៀបដូចឪពុកទី២
កីឡាករ ប៉ាល់ ជីវ័ន បានចាត់ទុកលោក បួនហ៊ីង សុធីយ៉ា ដែលបច្ចុប្បន្នជាអគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ប្រៀបដូចឪពុកទី២។ ព្រោះបុរសម្នាក់ហើយ ដែលតែងតែជួយទំនុកបម្រុង និងផ្តល់ថវិកាឲ្យរូបគេរៀនភាសាអង់គ្លេស និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យពីរក្នុងរាជធានីភ្នំពេញ។ ជីវ័ន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើមុខជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យធនធានមនុស្សនៅឆ្នាំ២០០៩ និងថ្នាក់បរិញ្ញាបត្រលើមុខជំនាញសេដ្ឋកិច្ចនៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានៅឆ្នាំ២០១០។
លោក បួនហ៊ីង សុធីយ៉ា ក៏ជាអ្នកមានគុណម្នាក់ ដែលនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់កីឡាករវ័យ៣៥ឆ្នាំរូបនេះក្នុងវិស័យកីឡាតេក្វាន់ដូ ITF ផងដែរ។ ជីវ័ន បានចូលប្រឡូកក្នុងវិស័យកីឡានេះដំបូងនៅឆ្នាំ១៩៩៨ ក្រោមការបណ្តុះបណ្តាល និងបង្វឹកដោយផ្ទាល់ពីសំណាក់លោក សុធីយ៉ា។ ក្រោមការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ និងការផ្តល់ដំបូន្មានល្អៗរបស់អគ្គលេខាធិការរូបនេះ បានជួយឲ្យ ជីវ័ន ទទួលបានជោគជ័យជាបន្តបន្ទាប់ទាំងលើថ្នាក់ជាតិនិងអន្តរជាតិ ជាពិសេសរូបគេបានឈ្នះ មេដាយមាសអាស៊ីនៅម៉ុងហ្គោលីឆ្នាំ២០១៨ និងមេដាយមាសពិភពលោកនៅប៊ុលហ្គារីឆ្នាំ២០១៩។
ក្រៅពីទទួលបានការលើកទឹកចិត្តពីឪពុកម្តាយ បុរសសម្បុរសកម្ពស់ខ្ពស់រាងចម្បងរូបនេះហើយ ដែលជាកម្លាំងចិត្តជួយឲ្យកីឡាករ ប៉ាល់ ជីវ័ន ខិតខំជម្នះឧបសគ្គផ្សេងៗ បន្តដើរលើវិថីកីឡាតេក្វាន់ដូ ITF រហូតទទួលបានជោគជ័យដូចពេលបច្ចុប្បន្ន។ «ទី១.ការលើកទឹកចិត្តពីឳពុកម្តាយ ទី២.អាណិតស្រលាញ់គ្រូ ជាពិសេសលោកគ្រូយ៉ា(បួនហ៊ីង សុធីយ៉ា) ព្រោះអីគាត់បានជួយទំនុកបម្រុងលើការសិក្សារហូតដល់ថ្នាក់បរិញ្ញាបត្រ ហើយគាត់ជួយបង់លុយរៀនភាសាអង់គ្លេស។ ដូច្នេះខ្ញុំគិតថា គ្មានអ្វីតបស្នងសងគុណក្រៅពីការខិតខំហ្វឹកហាត់នោះទេ អ៊ីចឹងខ្ញុំហ្វឹកហាត់និងដើរតាមគាត់តាំងពីអាយុ១៤ឆ្នាំរហូតដល់បច្ចុប្បន្ន។ បើរៀបរាប់ទៅគាត់ដូចជាឪពុកទី២ ព្រោះគាត់មើលថែតាំងពីតូចរហូតដល់ឥឡូវ»។ នេះជាការរៀបរាប់របស់កីឡាករ ប៉ាល់ ជីវ័ន ឆ្លើយនឹងសំនួរ ដែលសួរថា តើកត្តាអ្វី ដែលជួយជំរុញឲ្យរូបគេអាចជម្នះឧបសគ្គ ហើយបន្តប្រឡូកក្នុងវិស័យកីឡាតេក្វាន់ដូ ITF?
និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រពីរសាកលវិទ្យាល័យរូបនេះ មិនត្រឹមតែជាកីឡាករដ៏ល្បីល្បាញមួយរូបក្នុងវិស័យកីឡាតេក្វាន់ដូ ITF ប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្វឹកដ៏មានប្រជាប្រិយថែមទៀតផង។ ក្រៅពីបង្វឹកក្រុមយុវជនថ្នាលនៅសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា រូបគេ គឺជាស្ថាបនិក និងជាម្ចាស់ក្លិបយុវជន ដែលមានសិស្សប្រមាណជិត១០០នាក់កំពុងហ្វឹកហាត់។ ក្រៅពីកីឡាករ ប៉ាល់ ជីវ័ន ក៏មានប្អូនស្រីរបស់គេមួយរូបផងដែរ គឺកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដែលប្រឡូកក្នុងវិស័យកីឡាតេក្វាន់ដូ ITF នេះ។ ប៉ុន្តែបច្ចុប្បន្នកីឡាការិនីកូនពៅរូបនេះ បានផ្លាស់ទៅលេងកីឡាវ៉ូវីណាម៕