អន្តរជាតិ
Oxfam៖ មនុស្ស​២​ពាន់​នាក់​ក្តាប់​ទ្រព្យ​ច្រើនជាង​អ្នកក្រ​៤,៦​ពាន់​លាន​នាក់​បញ្ចូល​គ្នា​
21, Jan 2020 , 8:29 am        
រូបភាព
ទិដ្ឋភាពថតពីលើអាកាសក្នុងទីក្រុង Mumbai ប្រទេស ឥណ្ឌា (Mediarumimages.com)
ទិដ្ឋភាពថតពីលើអាកាសក្នុងទីក្រុង Mumbai ប្រទេស ឥណ្ឌា (Mediarumimages.com)
ដោយ:
​វិសមភាព​សាកល គឺ​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​។ បញ្ហា​នេះ កើតឡើង​ព្រោះតែ​ប្រព័ន្ធ​សេដ្ឋកិច្ច​មាន​ភាពលំអៀង ដែល​មិន​រាប់បញ្ចូល​ស្ត្រី​មួយផ្នែកធំ ខណៈ​អនុញ្ញាត​ឲ្យ​ពួក​មហាសេដ្ឋី​ទាញយក​ទ្រព្យធន​ច្រើន​សម្បើម​តាម​វិធី​ដែល​ជួយ​សង្គម​បាន​តិចតួច​បំផុត​។ អង្គការ Oxfam បញ្ជាក់​បែបនេះ​ក្នុង​របាយការណ៍​ខ្លួន​នៅ​ថ្ងៃ ២០ មករា ឆ្នាំ​២០២០​។

 
​ក្នុង​របាយការណ៍​ប្រចាំ​ស្តីពី​វិសមភាព ដែល​ត្រូវបាន​បញ្ចេញ នៅ​មុនពេល​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុង​ទីក្រុង Davos ប្រទេស​ស្វី​ស អង្គការ Oxfam បាន​រកឃើញថា មហាសេដ្ឋី ២ ១៥៣​នាក់ របស់​ពិភពលោក មានទ្រព្យ​សម្បត្តិ​ច្រើនជាង​មនុស្ស ៤,៦​ពាន់​លាន​នាក់​។ ហើយ​កំពូល​អ្នកមាន ត្រឹម​១​ភាគរយ​ប៉ុណ្ណោះ មានទ្រព្យ​ធន​ជាង​២​ដង​លើស​មនុស្ស ៦,៩​ពាន់​លាន​នាក់ ។  
 
​របាយការណ៍​ដែលមាន​ចំណងជើង​ថា «​ដល់ពេល​ត្រូវ​យកចិត្តទុកដាក់ (Time to Care)» បាន​រកឃើញ​ទៀតថា បុរស​ជា​មហាសេដ្ឋី ២២ នាក់ មានទ្រព្យ​សម្បត្តិ​ច្រើនជាង​ស្ត្រី​ទាំងអស់​ក្នុង​ទ្វីបអាហ្វ្រិក​។ បើតាម​អង្គការសហប្រជាជាតិ ស្ត្រី​នៅ​អាហ្វ្រិក មាន​ចំនួន ៣២៦​លាន​នាក់ ដែលមាន​អាយុ ២០ ឆ្នាំ ឡើងទៅ​។ ទន្ទឹមនេះ Oxfam ប៉ាន់​ស្មានថា តម្លៃ​នៃ​ការងារ​ថែទាំ​ដែល​ស្ត្រី​ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើង ធ្វើ​ហើយ​មិន​ទទួលបាន​ប្រាក់ គឺ​ស្មើនឹង ១០,៨ ទ្រី​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ 
 
​របាយការណ៍​កម្រាស់ ៦៣​ទំព័រ​នេះ លើកឡើងថា មេដឹកនាំ​ពិភពលោក​នានា មិនទាន់​ដាក់ចេញ​ដំណោះស្រាយ​គ្រប់គ្រាន់​ដើម្បី​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​។ សម្រាប់​ឆ្នាំ ២០១៩ ពួកគេ ផ្តោត​សំខាន់​លើ​គោលនយោបាយ​ណា​ដែល​អនុញ្ញាត​ឲ្យ​បុរស​ក្តោប​ក្ដាប់​តំណែង​កំពូល​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល​និង​អាជីវកម្ម​។ 
 
​ក្រៅពី​លើកឡើង​ពី​បញ្ហា Oxfam នេះ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នានា​អនុវត្ត​គោលនយោបាយ ដែល​ជួយ​បន្ធូរបន្ថយ​បន្ទុក​លើ​ស្ត្រី ដែល​ផ្តល់​ការថែទាំ​លើ​កុមារ និង​មនុស្ស​ចាស់ជរា ដោយ​មិន​យក​កំរៃ ឬ​បាន​តិចតួច​បំផុត​។ ត្រង់ចំណុច​នេះ Oxfam ចង់​ឲ្យ​មានការ​ដំឡើង​ពន្ធ​ខ្ពស់​លើ​អ្នកមាន​ទ្រព្យ ហើយ​យកលុយ​ពន្ធ​ទាំងនោះ​ទៅប្រើ​ប្រាស់​លើ​ការថែទាំង​សុខភាព អប់រំ និង​កុមារ​។ រដ្ឋាភិបាល ក៏​គួរ​ព្យាយាម​កំណត់​ឥទ្ធិពល​របស់​ក្រុមហ៊ុន​និង​ពួក​អ្នកមាន​លុយ​ផងដែរ​៕

Tag:
 Oxfam
  គម្លាត​អ្នកមាន​អ្នកក្រ
© រក្សាសិទ្ធិដោយ thmeythmey.com